កីឡាអន្តរជាតិ
អន្តរជាតិ
ចេញពីព័រទុយហ្គាល់ Keisuke Honda ទៅលេងឱ្យ Neftci PFK នៅអាស៊ែបៃហ្សង់
× អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា Keisuke Honda ទៅចូលរួមជាមួយក្រុម Neftci PFK នៃក្របខណ្ឌ Premier League របស់អាស៊ែបៃហ្សង់។ នេះបើតាមការប្រកាសរបស់ក្លិប Neftci PFK នៅថ្ងៃទី១៥ ខែមីនា។
អតីតសមាជិកក្រុមជម្រើសជាតិជប៉ុន វ័យ៣៤ឆ្នាំ មិនមានក្លិបលេងឡើងចាប់តាំងពីរូបគេចាកចេញពីក្រុម Botafogo របស់ប្រេស៊ីលកាលពីចុងឆ្នាំ២០២០។ អ្វីដែលគួរភ្ញាក់ផ្អើលនោះ Honda បានចូលរួមជាមួយ Portimonense ប៉ុន្តែបានចែកផ្លូវគ្នាវិញក្រោយចុះកិច្ចសន្យាបានតែរយៈពេល៥ថ្ងៃ ដោយសារក្រុមនៃលីគកំពូលព័រទុយហ្គាល់មួយនេះមិនអាចចុះឈ្មោះរូបគេឱ្យបានទាន់ពេលវេលា។
បើតាមការផ្សាយរបស់កាសែត Kyodo អ្នកចាត់ការទូទៅក្រុមរហស្សនាមគោព្រៃកម្ពុជា និងជាកីឡាករជប៉ុនតែមួយគត់ដែលរកគ្រាប់បាល់បាននៅ World Cup ៣ព្រឹត្តិការណ៍ផ្សេងគ្នា នឹងពាក់អាវលេខ៤ សម្រាប់ក្លិបថ្មី Neftci PFK ដែលមានមូលដ្ឋានក្នុងក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។
Neftci PFK ជាក្លិបទី១០ របស់ Honda ខណៈអាស៊ែបៃហ្សង់នឹងក្លាយជាប្រទេសទី៧ ក្រៅពីជប៉ុន ដែលអតីតតារាឆ្នើមរបស់ AC Milan ទៅប្រកបអាជីពជាកីឡាបាល់ទាត់ បន្ទាប់ពីធ្លាប់លេងនៅហូឡង់ រុស្ស៊ី អ៊ីតាលី ម៉ិកស៊ិក អូស្រ្តាលី និងប្រេស៊ីល៕
Tag:
Keisuke Honda
Neftci PFK
© រក្សាសិទ្ធិដោយ thmeythmey.com