អូស្ត្រាលី វេរវ៉ាក់សាំង១លានដូសដែលទិញពីអឺរ៉ុប ឱ្យប៉ាពូអាស៊ីនូវែលហ្គីណេ
អន្តរជាតិ
អូស្ត្រាលី វេរវ៉ាក់សាំង១លានដូសដែលទិញពីអឺរ៉ុប ឱ្យប៉ាពូអាស៊ីនូវែលហ្គីណេ
17, Mar 2021 , 7:59 pm        
រូបភាព
ផ្សារមួយកន្លែងនៅប៉ាពួអាស៊ីនូវែលហ្គីណេ។ រូបថត Xinhua
ផ្សារមួយកន្លែងនៅប៉ាពួអាស៊ីនូវែលហ្គីណេ។ រូបថត Xinhua
អូស្ត្រាលី សម្រេចផ្ទេរវ៉ាក់សាំងកូវីដ-១៩ ចំនួន១លានដូសដែលទិញពីអឺរ៉ុបទៅឱ្យប៉ាពូអាស៊ីនូវែលហ្គីណេជាប្រទេសជិតខាងខ្លួន ដែលកំពុងប្រយុទ្ធការផ្ទុះជំងឺកូវីដ-១៩ ខ្លាំង។ ប៉ុន្តែរឿងនេះ ទំនងជាអាចបណ្តាលឱ្យមានភាពតានតឹងមួយកម្រិតទៀតរវាងអូស្ត្រាលី និងអឺរ៉ុប ដោយសារតែអឺរ៉ុបហាមការនាំចេញវ៉ាក់សាំងទៅប្រទេសផ្សេងមួយរយៈរាប់ទាំងអូស្រ្តាលី។


ប៉ាពូអាស៊ីនូវែលហ្គីណេដែលមានប្រជាជន៩លាននាក់ មានករណីឆ្លងកូវីដ-១៩សរុបចំនួន២,២៦៩ និងស្លាប់ចំនួន២៩។ នារយៈពេលមួយសប្តាហ៍ចុងក្រោយនេះ ករណីឆ្លងមានការកើនឡើងយ៉ាងរហ័សដែលនាំឱ្យមានការបារម្ភពីការមិនអាចគ្រប់គ្រងស្ថានការណ៍បាន។ អូស្ត្រាលីដែលនៅមិនឆ្ងាយប៉ុន្មាននោះ ក៏ប្រកាសផ្ដល់វ៉ាក់សាំងឱ្យអ្នកជិតខាងក្រីក្ររបស់ខ្លួនតែម្ដង។
 
«យើងបានទាក់ទងពួកគេ។ យើងបានបង់លុយថ្លៃវ៉ាក់សាំង ហើយយើងចង់ឃើញវ៉ាក់សាំងនោះមកជួយប៉ាពូអាស៊ីនូវែលហ្គីណេដែលជាអ្នកជិតខាងរបស់យើង»។ នាយករដ្ឋមន្ត្រីអូស្រ្តាលី ស្កុត ម៉ូរីសុន ប្រាប់អ្នកសារព័ត៌មាននាថ្ងៃទី១៧ ខែមីនា នាទីក្រុងកង់បេរ៉ា។ លោក ម៉ូរីសុន សង្កត់ធ្ងន់ថា ប៉ាពូអាស៊ីនូវែលហ្គីណេ ជាគ្រួសារ ជាអ្នកជិតខាង ហើយការគ្រប់គ្រងការផ្ទុះជំងឺកូវីដ-១៩ នៅប្រទេសនេះជាប្រយោជន៍អូស្ត្រាលី និងជាប្រយោជន៍តំបន់ទាំងមូល។ 
 
ជាការឆ្លើយតបទៅនឹងស្ថានការណ៍បន្ទាន់ អូស្ត្រាលីបានផ្គត់ផ្គង់វ៉ាក់សាំងដែលផលិតក្នុងស្រុកចំនួន៨ពាន់ដូស និងត្រៀមបញ្ជូនវ៉ាក់សាំងចំនួន១លានដូសទៅប៉ាពូអាស៊ីនូវែលហ្គីណេ ពេលវ៉ាក់សាំងនោះត្រូវបានដឹកជញ្ជូនពីអឺរ៉ុប។ ប៉ុន្តែរឿងនេះទំនងជាជួបបញ្ហា។ នៅដើមខែមីនា អ៊ីតាលីបានទាមទារឱ្យសហភាពអឺរ៉ុបផ្អាកការបញ្ជូនវ៉ាក់សាំងរបស់ AstraZeneca ចំនួន២សែន៥ម៉ឺនដូសដែលត្រូវផ្គត់ផ្គង់ទៅអូស្ត្រាលី ក្រោមហេតុផលថាអឺរ៉ុបខ្វះខាតវ៉ាក់សាំង។
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters មន្ត្រីជាន់ខ្ពស់អូស្ត្រាលី និយាយថា អឺរ៉ុបផ្អាកការផ្គត់ផ្គង់វ៉ាក់សាំងទៅអូស្ត្រាលីដោយសារតែប្រទេសនេះគ្រប់គ្រងការឆ្លងជំងឺកូវីដ-១៩បានយ៉ាងជោគជ័យ ប៉ុន្តែហេតុផលដដែលនេះពុំអាចយកមកប្រើជាមួយប៉ាពូអាស៊ីនូវែលហ្គីណេបានឡើយ។ បើទោះបីជាប្រទេសនេះមានករណីឆ្លងត្រឹមតែជាង២,៣០០ករណីក្តី មន្ត្រីសុខាភិបាលអូស្ត្រាលីអះអាងថា ចំនួនឆ្លងពិតប្រាកដអាចនឹងមានច្រើនជាងនេះដោយសារតែការធ្វើតេស្តមានចំនួនកំណត់។
 
លោក James Marape នាយករដ្ឋមន្ត្រីប៉ាពូអាស៊ីនូវែលហ្គីណេលើកឡើងនាដើមសប្តាហ៍នេះថា ការឆ្លងកូវីដ-១៩ ឈានដល់កម្រិតមួយដែលសឹងតែគ្រប់គ្រងលែងបានទៅហើយ។ លោកក៏ព្រមានពីការលែងអាចទទួលយកអ្នកជំងឺបាន ដោយសារតែមន្ទីរពេទ្យលែងមានសមត្ថភាពទទួលព្យាបាលច្រើនដូចមុនទៀតហើយ។
 
ចំណែកលោក ម៉ូរីសុនវិញ ក៏សង្កត់ធ្ងន់ថា បើការឆ្លងនៅប៉ាពូអាស៊ីនូវែលហ្គីណេមិនអាចគ្រប់គ្រងបានទេ នោះវាមានមានលទ្ធភាពក្នុងការបង្កើតទម្រង់ថ្មីនៃជំងឺ ដែលអាចប៉ះពាល់ដល់តំបន់ទាំងមូល។ អូស្ត្រាលី ក៏បានប្រកាសបិទជើងហោះហើរទាំងអស់គិតត្រឹមពាក់កណ្តាលយប់ថ្ងៃទី១៧ ខែមីនារួចហើយដែរ។ បន្ថែមពីអឺរ៉ុប អូស្ត្រាលីក៏បានស្វះស្វែងរកជំនួយវ៉ាក់សាំងពីអាមេរិក ជប៉ុន និងឥណ្ឌាសម្រាប់ប៉ាពូអាស៊ីនូវែលហ្គីណេផងដែរ៕
 

Tag:
 ប៉ាពូអាស៊ីនូវែលហ្គីណេ
 អូស្ត្រាលី
  EU
© រក្សាសិទ្ធិដោយ thmeythmey.com