កីឡាអន្តរជាតិ
អន្តរជាតិ
Wenger ចង់ឱ្យរៀប World Cup និង Euro រៀងរាល់២ឆ្នាំម្តង
17, Mar 2021 , 8:59 pm        
រូបភាព
លោក Arsene Wenger ដែលមានតួនាទីជាប្រធានផ្នែកអភិវឌ្ឍន៍បាល់ទាត់ពិភពលោករបស់ FIFA ចង់ឱ្យការប្រកួតបាល់ទាត់ពិភពលោក World Cup និងពានរង្វាន់អឺរ៉ុប Euro ធ្វើទៅរៀងរាល់២ឆ្នាំម្តង។ Wenger ក៏ស្នើ FIFA លុបការប្រកួតពាន Nations League ចោលផងដែរ។


អតីតអ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenal និងជាទីប្រឹក្សាជិតស្និទ្ធរបស់ប្រធាន FIFA លោក Gianni Infantino លើកឡើងថា ការរង់ចាំរយៈពេល៤ឆ្នាំសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកគឺរយៈពេលយូរ និងអយុត្តិធម៌ចំពោះកីឡាករណាស់ ហើយកីឡាករគួរតែផ្តោតលើការប្រកួតប្រជែងគ្នាឱ្យបានច្រើន។
 
«ប្រសិនបើអ្នកក្រឡេកមើលក្រុមនានានៅក្នុងព្រឹត្តិការណ៍ World Cup ជាធម្មតាអាយុជាមធ្យមគឺ ២៧ ទៅ២៨ឆ្នាំ។ ដោយសារតែ World Cup ត្រូវធ្វើឡើង៤ឆ្នាំម្តង ទើបមានឱកាសតិចតួចណាស់ដើម្បីកីឡាករឈ្នះវាម្តងទៀត ពីព្រោះនៅពេលត្រឡប់ទៅប្រកួតប្រជែងបន្ទាប់ ពួកគេត្រូវមានអាយុ ៣២ ទៅ ៣៣ឆ្នាំទៅហើយ»។ លោក Wenger អះអាងដូច្នេះ។
អតីតអ្នកចាត់ការសញ្ជាតិបារាំង វ័យ៧១ឆ្នាំ បានប្រាប់ទូរទស្សន៍ BeIn Sport ក្នុងបទសម្ភាសន៍ថាការលើកឡើងខាងលើ ជាមូលហេតុដែលយើងគួរតែរៀបចំការប្រកួតបាល់ទាត់ពិភពលោក ពានទ្វីបអឺរ៉ុបរៀងរាល់ ២ ឆ្នាំម្តង។
 
លោក Wenger ដែលធ្លាប់ដឹកនាំ Arsenal ជាង២០ឆ្នាំ មុនផ្លាស់ទៅធ្វើការនៅ FIFA បានរិះគន់ការប្រកួតពាន Nations League ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) ហើយស្នើឱ្យលុបចោលព្រឹត្តិការណ៍នេះ ដើម្បីជំនួសវិញនូវការប្រកួត World Cup និង Euro ២ឆ្នាំម្តង។
 
ព្រឹត្តិការណ៍ World Cup ត្រូវបានធ្វើឡើងរៀងរាល់ ៤ ឆ្នាំម្តងចាប់តាំងពីការប្រកួតដំបូងនៅឆ្នាំ ១៩៣០ លើកលែងតែឆ្នាំ ១៩៤២ និង ១៩៤៦ ដែលមិនត្រូវបានរៀបចំដោយសារតែសង្គ្រាមលោកលើកទី ២។ ដូចគ្នានេះដែរ ព្រឹត្តិការណ៍អ៊ឺរ៉ុប Euro ក៏បានធ្វើនៅរៀងរាល់៤ឆ្នាំម្តងផងដែរចាប់តាំងពីឆ្នាំ ១៩៦០ លើកលែងតែឆ្នាំ ២០២០ ដែលត្រូវពន្យាពេលមួយឆ្នាំដោយសារការរាលដាលនៃជំងឺកូវីដ-១៩៕
 

Tag:
 World Cup
  Euro
  Arsene Wenger
© រក្សាសិទ្ធិដោយ thmeythmey.com