អន្តរជាតិ
នុយក្លេអ៊ែរនិងមីស៊ីលកូរ៉េខាងជើង បន្តជាអាទិភាពនៃសម្ពន្ធភាពអាមេរិក-កូរ៉េខាងត្បូង
18, Mar 2021 , 3:37 pm        
រូបភាព
ដោយ:
កូរ៉េខាងត្បូង និងអាមេរិកសង្កត់ធ្ងន់ជាថ្មីថា កម្មវិធីមីស៊ីលកូរ៉េខាងជើង និងអាវុធនុយក្លេអ៊ែរគឺជាសំណុំរឿងអាទិភាពនៃសម្ពន្ធភាពរវាងប្រទេសទាំងពីរ។ រដ្ឋមន្ត្រីការបរទេស និងការពារជាតិនៃប្រទេសទាំងពីរ ប្រកាសប្ដេជ្ញាចិត្តរួមគ្នាលើការសម្របសម្រួលគោលនយោបាយគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមដែលបង្កដោយកូរ៉េខាងជើង ក៏ដូចជាបញ្ហាសន្តិសុខឯទៀតក្នុងតំបន់។

 
កូរ៉េខាងជើង ជារបៀបវារៈសំខាន់នៃជំនួបពីរបូកពីររវាងអាមេរិក និងកូរ៉េខាងត្បូង។ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង Suh Wook និងរដ្ឋមន្ត្រីការបរទេស Chung Eui-yong បានស្វាគមន៍សមភាគីអាមេរិកមានរដ្ឋមន្ត្រីការពារជាតិ ឡយដ៍ អូស្ទីន (Lloyd Austin) និងរដ្ឋមន្ត្រីការបរទេស អាន់តូនី ប្ល៊ីងខិន នាថ្ងៃទី១៨ ខែមីនានៅទីក្រុងសេអ៊ូល។ 
 
 
«រដ្ឋមន្ត្រីភាគីទាំងពីរ សង្កត់ធ្ងន់ថា សំណុំរឿងនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើងជាអាទិភាពសម្រាប់សម្ពន្ធភាព និងបញ្ជាក់ជាថ្មីការប្តេជ្ញារួមក្នុងការដោះស្រាយបញ្ហាទាំងនេះ»។ នេះជាការលើកឡើងក្នុងសេចក្តីថ្លែងការណ៍ក្រោយកិច្ចប្រជុំនៃរដ្ឋមន្ត្រីទាំង៤។ ភាគីទាំងពីរ ក៏បានលើកឡើងពីសារៈសំខាន់នៃការអនុវត្តឱ្យពេញលេញសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាក់ទងការដាក់ទណ្ឌកម្ម និងទាមទារឱ្យកូរ៉េខាងជើងគោរពសេចក្តីសម្រេចនេះ។ 
 
លើរឿងកូរ៉េខាងជើងនេះ អាមេរិក និងកូរ៉េខាងត្បូង មិនភ្លេចតួនាទីរបស់ចិនឡើយ។ នាសន្និសីទសារព័ត៌មានក្រោយជំនួបខាងលើ លោក ប្ល៊ីងខិន បញ្ជាក់ថា ចិនមានផលប្រយោជន៍ផ្ទាល់ខ្លួន និងតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចុះបញ្ចូលកូរ៉េខាងជើងឱ្យរំសាយអាវុធនុយក្លេអ៊ែរ។ ដោយទាមទារឱ្យប៉េកាំងអនុវត្តឱ្យបានពេញលេញទណ្ឌកម្មលើព្យុងយ៉ាង ប្រមុខការទូតអាមេរិកជឿថា ចិនមានឥទ្ធិពលលើរបបឯកោមួយនេះ ហើយចិនប្រើប្រាស់ឥទ្ធិពលខ្លួនឱ្យមានប្រសិទ្ធភាពជាមួយកូរ៉េខាងជើង។
 
ប្រមុខការបរទេសអាមេរិក ក៏លើកឡើងផងដែរពីការពិចារណាដាក់សម្ពាធ និងជម្រើសការទូតក្នុងការដោះស្រាយបញ្ហាជាមួយកូរ៉េខាងជើង។ យ៉ាងណាក្តី លោកពុំបានបញ្ជាក់ពីវិធីសាស្ត្រអ្វីដែលអាមេរិកនឹងយកមកប្រើនោះឡើយ។ ប៉ុន្មានម៉ោងមុនកិច្ចប្រជុំ លោកស្រី Choe Son Hui អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បដិសេធការព្យាយាមទាក់ទងដោយអាមេរិក ដោយចាត់ទុកជាល្បិចពន្យារពេល និងមិនទាក់ទងជាមួយអាមេរិកឡើយ បើប្រទេសនេះមិនប្ដូរនយោបាយអរិភាពមកកាន់កូរ៉េខាងជើង។
 
សកម្មភាព និងវត្តមាននៃកងទ័ពអាមេរិក ក៏ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំនេះដែរ។ អាមេរិក និងកូរ៉េខាងត្បូងគាំទ្រវត្តមានកងកម្លាំងអាមេរិកនៅក្នុងប្រទេសខ្លួន និងសារសំខាន់នៃកងទ័ពទាំងនោះក្នុងការរក្សាសន្តិសុខ និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាឧបទ្វីបកូរ៉េ។ វ៉ាស៊ីនតោន និងសេអ៊ូលក៏ធានាផងដែរពីការមានជំហរយោធា និងសមត្ថភាពចំបាច់ក្នុងការទប់ទល់ជាមួយបញ្ហាប្រឈមទាំងឡាយ៕
 
 

Tag:
 អាមេរិក
  ចិន
  កូរ៉េខាងជើង
  កូរ៉េខាងត្បូង
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com