អន្តរជាតិ
រុស្ស៊ី និងអ៊ីរ៉ង់ រិះគន់អង់គ្លេសដែលគ្រោងបង្កើនក្បាលគ្រាប់នុយក្លេអ៊ែរ ខណៈ UN បារម្ភ
18, Mar 2021 , 7:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក​ Mohammad Javad Zarif។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក​ Mohammad Javad Zarif។ រូបថត AFP
អ៊ីរ៉ង់ និងរុស្សី នៅថ្ងៃទី១៧ ខែមីនា បានថ្កោលទោសអង់គ្លេស ដែលបានសម្រេចបង្កើនក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួន ស្របពេលអង្គការសហប្រជាជាតិ(UN) បានបង្ហាញក្តីបារម្ភថា ការបង្កើនក្បាលគ្រាប់នុយក្លេអ៊េរ នឹងបំផ្លាញស្ថិរភាពលើពិភពលោក។ អង់គ្លេស បានការពារគោលនយោបាយបង្កើនក្បាលគ្រាប់របស់ខ្លួនថា ជាការការពារខ្លួន។


ក្នុងឯកសារគោលនយោបាយការបរទេស កម្រាស់ ១១៤ទំព័រ និងមានចំណងជើងថា «Global Britain in a Competitive Age» ដែលបានចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ចក្រភពអង់គ្លេស បានសម្រេចបង្កើនក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួន មិនឱ្យលើសពី២៦០គ្រាប់។ នៅក្នុងគោលនយោបាយកន្លងទៅ អង់គ្លេសបានដាក់គោលដៅ រក្សាក្បាលគ្រាប់នុយក្លេអ៊ែរមិនឱ្យលើសពី១៨០គ្រាប់ត្រឹមពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០២០។ ការសម្រេចបង្កើនក្បាលគ្រាប់នុយក្លេអ៊ែររបស់អង់គ្លេស ធ្វើឡើងដើម្បីការពារការគំរាមកំហែងពីរុស្ស៊ី។ 
 
ការបង្កើនក្បាលគ្រាប់នេះ បានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រទេសដែលអង់គ្លេសចាត់ទុកជាសត្រូវ។ នៅក្នុងបណ្តាញសង្គម Twitter រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ Mohammad Javad Zarif បានរិះគន់អង់គ្លេសថា បានបង្ហាញចរិតលាក់ពុត ព្រោះអង់គ្លេស បារម្ភពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ តែខ្លួនឯងបែរជាបង្កើនក្បាលគ្រាប់នុយក្លេអ៊ែរ។ បើតាមរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ ការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ឬអាវុធបំផ្លាញទ្រង់ទ្រាយធំ (WMD) ជាទង្វើដ៏សាហាវ និងគួរបំផ្លាញចោល។ 
 
ទន្ទឹមនេះ រុស្ស៊ី ក៏បានថ្កោលទោសអង់គ្លេសផងដែរ ជុំវិញការបង្កើនក្បាលគ្រាប់នុយក្លេអ៊ែរ។ អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov លើកឡើងថា រុស្ស៊ីពិតជាស្តាយណាស់ ដែលអង់គ្លេសជ្រើសយកផ្លូវបង្កើនក្បាលគ្រាប់នុយក្លេអ៊ែរ។ សម្រាប់អ្នកនាំពាក្យរូបនេះ ជម្រើសរបស់រដ្ឋាភិបាលក្រុងឡុងដ៍ នឹងធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពពិភពលោក និងសន្តិសុខយុទ្ធសាស្រ្ត។ ស
 
លើសពីនេះ រុស្ស៊ី ក៏បានការពារខ្លួនពីការចោទប្រកាន់របស់អង់គ្លេសផងដែរ ដែលថា ខ្លួនធ្វើឱ្យប៉ះពាល់ដល់សន្តិសុខអង់គ្លេស។ បើតាមលោក Peskov ការលើកឡើងរបស់អង់គ្លេស គឺជារឿងមិនពិត ព្រោះគ្មានការគំរាមកំហែងពីរុស្ស៊ីអ្វីឡើយ។
 
ស្របគ្នានឹងការរិះគន់របស់រុស្ស៊ី និងអ៊ីរ៉ង់ អង្គការសហប្រជាជាតិ ក៏បានបង្ហាញការព្រួយបារម្ភផងដែរ។ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stephane Dujarric បានលើកឡើងថា ការសម្រេចរបស់អង់គ្លេស គឺផ្ទុយទៅនឹងកាតព្វកិច្ច ដែលមានចែងក្នុងសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) និងអាចបំផ្លាញស្ថិរភាពសកលលោក និងកិច្ចខិតខំរំសាយអាវុធនុយក្លេអ៊ែរ។ លោក Dujarric បន្តថាំ ដើម្បីឱ្យពិភពលោកមានសន្តិភាព ប្រទេសទាំងអស់គួរពង្រឹងការលុបបំបាត់អាវុធ និងគ្រប់គ្រងអាវុធឱ្យបានល្អ។
 
ស្របគ្នានឹងការរិះគន់ រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក Dominic Raab នៅតែបន្តការពារគោលនយោបាយបង្កើនក្បាលគ្រាប់នុយក្លេអ៊ែរ។ ថ្លែងក្នុងវេទិកាសន្តិសុខ Aspen  តាមប្រព័ន្ធវីដេអូ លោក Raab បានលើកឡើងថា អង់គ្លេស មិនអាចកាត់បន្ថយអាវុធនុយក្លេអ៊ែរជាឯកតោភាគីបានទេ ខណៈពេលអង់គ្លេសត្រូវការសមត្ថភាពទប់ស្កាត់នឹងការវាយប្រហារនុយក្លេអ៊ែរពីប្រទេសដទៃ។ រដ្ឋមន្រ្តីការបរទេសអង់គ្លេស បានហៅរុស្ស៊ី អ៊ីរ៉ង់ និងកូរ៉េខាងជើងថាជារដ្ឋឆ្លៀតឱកាស។ 
 
សូមបញ្ជាក់ថា ចក្រភពអង់គ្លេស បានផ្តល់សច្ចាប័នសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ នៅក្នុងឆ្នាំ១៩៦៨ និងសន្ធិសញ្ញាហាមឃាត់ធ្វើតេស្តលើអាវុធនុយក្លេអ៊ែរ (CTBT) ក្នុងឆ្នាំ ១៩៩៨ ៕
 

Tag:
 អ៊ីរ៉ង់
  រុស្ស៊ី
  UN
© រក្សាសិទ្ធិដោយ thmeythmey.com