ប្រយ័ត្ន! បើបន្តទម្លាប់ខាំក្រចកដៃ ប្រាកដជាចៀសមិនផុតពីគ្រោះថ្នាក់ទាំងនេះ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ប្រយ័ត្ន! បើបន្តទម្លាប់ខាំក្រចកដៃ ប្រាកដជាចៀសមិនផុតពីគ្រោះថ្នាក់ទាំងនេះ
18, Mar 2021 , 10:59 pm        
រូបភាព
ការខាំក្រចកជាទម្លាប់ទូទៅមួយដែលប៉ះពាល់ចំពោះមនុស្សសឹងតែគ្រប់វ័យ។ ភាគច្រើនការខាំក្រចកនេះចាប់ផ្ដើមតាំងពីតូច ហើយបន្តដល់ពេញវ័យ ដោយសារវាក្លាយជាទម្លាប់។ ទោះជាយ៉ាងណា ភាពតានតឹងក្នុងអារម្មណ៍ និងធុញទ្រាន់ ក៏ជាកត្តាចម្បងបំផុតមួយដែលបណ្ដាលឱ្យមនុស្សខាំក្រចកដៃរបស់ពួកគេផងដែរ។ ហើយទម្លាប់នេះក៏អាចជារោគសញ្ញាមួយនៃបញ្ហាជំងឺផ្លូវចិត្ត។ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺទម្លាប់នៃការខាំក្រចកអាចផ្ដល់គ្រោះថ្នាក់ចំពោះសុខភាពគួរឲ្យព្រួយបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីផលវិបាកនៃការខាំក្រចក ៖

 
១. វាអាចបង្កការបំផ្លាញដល់ធ្មេញ
 
ទោះបីធ្មេញរឹងមាំជាងក្រចក ប៉ុន្តែទម្លាប់ខាំធ្មេញជាប្រចាំនៅតែមានឥទ្ធិពលអាចបង្កការខូចខាតដល់ធ្មេញនិងសូម្បីតែអញ្ចាញ។ បន្ថែមពីនេះការសង្កៀតធ្មេញនៅពេលខាំក្រចកអាចបន្ថែមឱ្យធ្មេញបែក ឬប្រេះថែមទៀតផង។ ម្យ៉ាងវិញទៀតការខាំក្រចកសង្កៀតធ្មេញជាញឹកញាប់នាំឱ្យធ្មេញខុសជួរ ឬប្រែជារលុងនិងងាយជ្រុះ។
 
២. វាអាចបណ្ដាលឱ្យក្លិនខ្យល់ដង្ហើមមិនល្អ
 
វាសឹងតែមិនអាចទៅរួចទេក្នុងការកម្ចាត់រាល់បាក់តេរីនិងភាពកខ្វក់អស់ពីក្រចក ទោះ​បីជាអ្នកលាងសម្អាតដៃបានញឹកញាប់ប៉ុណ្ណាក៏ដោយ។ នេះមានន័យថាពពួកបាក់តេរីដែលលាក់ខ្លួនក្រោមក្រចក គឺងាយនឹងឆ្លងចូលក្នុងមាត់នៅពេលខាំក្រចក។ បាក់តេរីទាំងនោះអាចបង្កើនហានិភ័យនៃជំងឺអញ្ចាញធ្មេញ ឬបង្កក្លិនខ្យល់ដង្ហើមមិនល្អ។ឮ
 
៣. វាអាចនាំឱ្យរាគ
 
បាក់តេរីរស់នៅក្នុងមាត់ គឺអាក្រក់ណាស់ទៅហើយ ប៉ុន្តែមេរោគដែលចូលមកពីការខាំក្រចកញឹកញាប់អាចជ្រៀតចូលដល់ក្នុងពោះវៀនថែមទៀត។ ជាលទ្ធផលអ្នកអាចនឹងរាគ ហើយឈឺក្នុងពោះ។
 
៤. វាអាចបណ្ដាលឱ្យកើតជំងឺផ្ដាសាយ
 
នៅរាល់ពេលអ្នកខាំក្រចក នោះអ្នកកំពុងប៉ះពាល់ផ្ទាល់ទៅនឹងមេរោគដែលបណ្ដាលឲ្យផ្ដាសាយ ឬវីរុសគ្រុនផ្ដាសាយ។ វាក៏អាចបង្កជជំងឺធ្ងន់ធ្ងរដូចជា ជំងឺរលាកថ្លើមផងដែរ។
 
៥. វាអាចនាំឱ្យកើតជំងឺបង្កដោយបាក់តេរី
 
ក្រចក ជាកន្លែងបង្កាត់ពូជ ឬជម្រកនៃពពួកបាក់តេរីច្រើនប្រភេទដូចជា salmonella និង  E.coli ដែលបង្កជំងឺរាករូស, មេរោគ​នៅ​ផ្លូវទឹក​មូត្រ, ជំងឺ​ផ្លូវដង្ហើម និង​រលាក​សួត។ រាល់ពេលដែលអ្នកខាំក្រចកដែលមានផ្ទុកបាក់តេរីនោះវានឹងបញ្ជូនបាក់តេរីចូលទៅក្នុងមាត់ និងផ្នែកផ្សេងទៀតនៃរាងកាយបណ្ដាលឲ្យឆ្លងមេរោគ។ ជាធម្មតា ក្រចក អាចនឹងកខ្វក់ជាងម្រាមដៃដល់ទៅពីរដងឯណោះ!
 
៦. វាអាចបណ្ដាលឲ្យក្រចកឆ្លងមេរោគផ្សេងៗ
 
អ្នកចូលចិត្តខាំក្រចកភាគច្រើនងាយនឹងឆ្លង ឬកើតរោគផ្សិតម្យ៉ាងហៅថា paronychia នៅជុំវិញស្បែកគល់ក្រចក។ ខណៈដែលអ្នកខាំក្រចក នោះពពួកបាក់តេរី ក៏ដូចជារោគផ្សិតនឹងឆ្លងចូលតាមកន្លែងរបកស្បែកតូចៗនាំឱ្យហើម, ឡើងក្រហម និងខ្ទុះជុំវិញក្រចក។
 
៧. វាអាចកើតទៅជាឬសលើម្រាមដៃដោយសារវីវុស HPV
 
ឬសលើម្រាមដៃដែលបណ្ដាលមកពីការឆ្លងមេរោគ HPV ជាផលប៉ះពាល់ទូទៅនៃទម្លាប់ខាំក្រចក។ អ្វីដែលគួរឲ្យបារម្ភថែមទៀតនោះ គឺជំងឺឬសទាំងនេះអាចរាលដាលទៅមាត់ និងបបូរមាត់បានយ៉ាងងាយនៅពេលអ្នកខាំក្រចក។
 
៨. ឈឺសាច់គល់ក្រចក
 
ការខាំក្រចកធ្វើឲ្យស្បែកនៅគល់ក្រចកស្ងួត, ងាយរបកស្បែក និងបណ្ដាលឱ្យមានការឈឺចាប់។
 
៩. វាបណ្ដាលឲ្យក្រចកកប់ក្នុងសាច់ ឬកប់ត្រចៀកក្រាញ់
 
បញ្ហានេះបង្កការហើម, ឡើងក្រហម និងឈឺចាប់ខ្លាំង។
 
១០. វាអាចនាំឱ្យឈឺក្បាលរ៉ាំរ៉ៃ
 
អ្នកដែលខាំក្រចកញឹកញាប់ក៏អាចបង្កើនហានិភ័យនៃអាការៈសង្កៀតធ្មេញដោយមិនដឹងខ្លួនគួរឱ្យកត់សម្គាល់។ ហើយអ្នកដែលមានជំងឺសង្កៀតធ្មេញដោយមិនដឹងខ្លួនប្រាកដជាងាយនឹងជួបប្រទះអាការៈឈឺថ្កាម តឹងសាច់ដុំ ឈឺចាប់ជុំវិញមុខ និងឈឺក្បាលរ៉ាំរ៉ៃ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com