ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មិនបាច់ចាយលុយអស់ច្រើន! ចង់ស្រស់ស្អាត កុំរំលង “ទឹកម្នាស់ស្រស់”
19, Mar 2021 , 6:59 am        
រូបភាព
ទោះបីជាស្គាល់និងឧស្សាហ៍ទទួលទានក៏ដោយ ក៏ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ទឹកផ្លែម្នាស់ស្រស់អាចយកមកប្រើដោះស្រាយបញ្ហាសម្រស់បាន។ ត្រូវធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗប្រើប្រាស់ទឹកម្នាស់ស្រស់ដើម្បីរក្សាសម្រស់ ៖

 
១. សម្រាប់ជួយឱ្យស្បែកភ្លឺរលោង
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយស្ករសជាមួយទឹកម្នាស់ស្រស់បន្តិច រួចប្រើប្រាស់ល្បាយដុសខាត់ថ្នមៗលើស្បែកឱ្យបានពី ១ ទៅ ២ដងក្នុងមួយសប្តាហ៍។
 
២. កម្ចាត់ស្នាមអ៊ុចខ្មៅ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកម្នាស់ស្រស់លើតំបន់ស្បែកដែលមានស្នាមអ៊ុចខ្មៅដោយប្រើប្រាស់បន្ទះសំឡី។ រងចាំសម្រាប់រយៈពេល ៥នាទី សឹមលាងសម្អាតចេញ។
 
៣. បន្ថយរូបរាងស្នាមសំលាក
 
ស្នាមសំលាកឡើងខ្មៅមើលឃើញច្បាស់មែនទេ? ចង់បន្ថយរូបរាងធ្វើឱ្យលែងសូវឃើញមិនពិបាកឡើយ ដោយអ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជ្រលក់លាបទឹកម្នាស់ស្រស់លើស្នាមសំលាកទាំងនោះជាប្រចាំ។ ទុកឱ្យស្ងួតទាំងស្រុងសិន សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។
 
៤. កម្ចាត់ឬសលើស្បែក
 
ជាតិអាស៊ីតស៊ីទ្រិកក្នុងផ្លែម្នាស់អាចកម្ចាត់ឬស ឬសាច់ដុះបន្តិចម្ដងៗរហូតដល់អស់គួរអោយកត់សម្គាល់។ ហើយអ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកផ្លែម្នាស់ស្រស់លើសាច់ដុះអោយបានច្រើនដងក្នុងមួយថ្ងៃជាការស្រេច។
 
៥. សម្រាប់គ្រប់គ្រងមុន
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ដុំសំឡីជ្រលក់លាបទឹកម្នាស់ស្រស់បន្តិចលើតំបន់ស្បែកដែលមានបញ្ហា។ រងចាំសម្រាប់រយៈពេលប្រហែល ២០នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ ក្នុងករណីអ្នកមានស្បែកស្ដើងឆាប់ប្រតិកម្ម សូមលាយទឹកម្នាស់ស្រស់ជាមួយទឹកធម្មតា។
 
៦. ពន្យឺតដំណើរការនៃភាពចាស់តាមវ័យរបស់ស្បែក
 
ទឹកម្នាសើស្រស់ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មនិងវីតាមីន c ដែលចាំបាច់ណាស់សម្រាប់ប្រឆាំងរោគសញ្ញានៃភាពចាស់តាមវ័យ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាទឹកម្នាស់ស្រស់លើស្បែក និងទទួលទានភេសជ្ជៈនេះជាប្រចាំ។
 
៧. សម្រាប់សម្រកទម្ងន់
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានទឹកម្នាស់ស្រស់រាល់ថ្ងៃ។ ទឹកផ្លែម្នាស់មានផ្ទុកសម្បូរទៅដោយជាតិសសៃដែលត្រូវការពេលយូរដើម្បីរំលាយធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។ ការទទួលទានទឹកម្នាស់នៅពេលព្រឹកជួយរារាំងការឃ្លានអាហារខ្លាញ់និងផ្អែម។ សារធាតុ Thiamine នៃផ្លែម្នាស់ក៏ជួយបង្កើនការដុតរំលាយអាហារក្នុងរាងកាយដោយបំលែងជាតិកាបូអ៊ីដ្រាតទៅជាថាមពល។
 
៨. បង្រួមរន្ធញើស
 
ច្របាច់ក្រូចឆ្មារម្ខាងយកទឹក រួចបន្ថែមចូលក្នុងទឹកម្នាស់ស្រស់ ១ ពែង។ កូរឱ្យសព្វ សឹមប្រើប្រាស់ក្រណាត់ស្អាតត្រាំក្នុងទឹកល្បាយ រួចគ្របលើមុខ និងទុកចោលសម្រាប់រយៈពេល ៥ នាទីដើម្បីឱ្យស្បែកអាចស្រូបយកសារធាតុចិញ្ចឹមនិងលាងសម្អាតចេញជាមួយទឹកត្រជាក់។
 
៩. ជួយឱ្យជើងទន់រលោង
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកម្នាស់ស្រស់ពេញស្បែកកែងជើងដែលក្រិន បន្ទាប់មកដាក់សំបកផ្លែម្នាស់ពីលើ រួចប្រើប្រាស់ក្រណាត់ស្អាតរុំពីលើកុំអោយជ្រុះសម្រាប់រយៈពេល ១ យប់ពេញមួយសប្តាហ៍ជាការស្រេច។ 
 
១០. ជួយឱ្យបបូរមាត់ទន់រលោង
 
លាយទឹកម្នាស់ស្រស់កន្លះស្លាបព្រាបាយជាមួយប្រេងដូងកន្លះស្លាបព្រាបាយ និងស្ករស ២ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើបបូរមាត់ និងប្រើប្រាស់ក្រណាត់ស្អាតសើមៗជូតសម្អាតចេញ។ ទោះជាយ៉ាងណាប្រសិនបើអ្នកមានបញ្ហាប្រេះបបូរមាត់កុំអនុវត្តរូបមន្តនេះ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com