ពីនេះ ពីនោះ
អ្នកទិញដីធ្លីទុកលក់យកចំណេញកំពុងស្រែកគ្រប់គ្នា, តើវាឡើងថ្លៃវិញទេ?
19, Mar 2021 , 10:57 am        
រូបភាព
ដោយ: ថ្មីៗ
សំណាង និងសុធីរ សម្រេចលែងជួបគ្នាមួយរយៈសិនហើយ ហើយមិត្តភក្តិទាំងពីរបញ្ជាទិញកាហ្វេយកមកក្រេបតាមអនឡាញដូចគេដូចឯងដែរ។ ទិញកាហ្វេតាមអនឡាញ និង ជជែកគ្នាតាមអនឡាញ។ នៅថ្ងៃនេះ សំឡាញ់ទាំងពីរវិលមកជជែកគ្នាឡើងវិញរឿងទីផ្សារដីធ្លីផ្ទះសម្បែងដែលកំពុងតែជាប់គាំង។

 
សំណាង៖ អា សុធីរ! ទាំងអញទាំងគេជាប់លុយនៅក្នុងដី ឬក្នុងផ្ទះច្រើនណាស់ណ៎ា។ ជាប់លុយក្នុងដីផង ជាប់ធនាគារផង។ ម្នាក់ៗវ័ណ្ឌករហើយលោកព្រះ! តើពេលណាទើបវាងើបឡើងវិញ?  
 
សុធីរ៖ មុនអ្ហែងទិញ អញធ្លាប់ប្រាប់អ្ហែងថា កុំលោភលន់ពេក។ ទិញល្មមៗបានហើយ ប្រយ័ត្នអត់អ្នកទិញវិញ។ តែពេលនោះ អ្ហែងប្រាប់អញថា មានដីធ្លីប៉ុន្មាន អ្នកវិនិយោគចិនទិញទាំងអស់។ ចុះឥឡូវអ៊ីចឹងមែនអត់? 
 
សំណាង៖ ពេលនោះ អញលឺគេថា ចិននឹងមកទិញដីធ្លីនៅកម្ពុជាកាន់តែច្រើន។ 
 
សុធីរ៖ អាហ្នឹងរឿងអ្ហែងលឺគេថា ឡាគេធឺ។ អ្ហែងជឿគេពេក។ អ្ហែងត្រូវហ្នឹងថា អ្នកទិញដីធ្លីផ្ទះសម្បែង ឬអចលនទ្រព្យទុកលក់ចំណេញគេចេះធ្វើទីផ្សារ ឬចលនាដើម្បីរកលុយណាស់។ មុនគេទិញ គេបង្អាប់ថា ទីតាំងនេះអន់ណាស់ គ្មាននរណាទិញទេ, ឥឡូវនេះអត់អ្នកវិនិយោគទេ។ តែគ្រាន់តែគេទិញបានភ្លាម គេប្រកាសថា ទីតាំងនេះ ឬជិតនេះនឹងមានអ្នកវិនិយោគចិន ឬបរទេសផ្សេងនឹងមកធ្វើនេះ ឬធ្វើនោះក្នុងពេលឆាប់ៗខាងមុខនេះ។ អ្នកទិញខ្លះគ្រាន់តែលឺគម្រោងវិនិយោគ ក៏នាំគ្នាទៅទិញ។ ពេលខ្លះ ក៏មានអ្នកវិនិយោគមកបណ្តាក់ទុនមែន តែជារឿយៗដូចជាឃើញតែស្លាកប្រកាសរហូត ហើយការវិនិយោគមែនទែនមិនដឹងជានៅទីណាទេ។ 
 
សំណាង៖ មិនឲ្យជឿម្តេចនឹងកើតបើគេប្រកាសដូចមែនទែនអ៊ីចឹង! 

សុធីរ៖ អ្ហើ បើគេប្រកាសមិនដូចមែនទែន អ្ហែងម៉េចនឹងទិញ។ អញប្រាប់អ្ហែងបន្ថែមទៀតទៅចុះ គម្រោងខ្លះជាគម្រោងខ្យល់ទេ។ ក្រុមហ៊ុនខ្លះ, អញមិននិយាយទាំងអស់ទេ, ដែលពុះដីឡូតិ៍លក់, លក់ដីហើយគ្មានគោរពលក្ខខណ្ឌអ្វីទាំងអស់ មិនដឹងជាច្បាប់ទម្លាប់នៅឯណាទេ។ អាគម្រោងរបៀបនេះ ក៏អ្ហែងត្រូវប្រយ័ត្នដែរ។ អ្ហែងប្រយ័ត្នចាញ់បោកអ្នកលក់ខូចណ៎ា! អញចេះតែប្រាប់អ្ហែងយកបុណ្យទៅចុះ។ អញប្រាប់អ្ហែងរឿងហ្នឹង ព្រោះ អញក៏ធ្លាប់ចាញ់បោកគេដែរ។ 
 
សំណាង៖ អ៊ីចឹងទិញម៉េចទៅដើម្បីកុំឲ្យគេបោកបាន? 
 
សុធីរ៖ ត្រូវពិនិត្យឲ្យច្បាស់លាស់បំផុតក្រុមហ៊ុនលក់អចលនទ្រព្យ។ ទិញតែពីក្រុមហ៊ុនណាដែលស្របច្បាប់ មានចុះបញ្ជីច្បាស់លាស់នៅក្រសួងពាក់ព័ន្ធនានា។ 
 
សំណាង៖ ឥឡូវអញត្រឡប់មកសួរអ្ហែងវិញថា តើពេលណាទើបតម្លៃដីធ្លីផ្ទះសម្បែងឡើងវិញ? 
 
សុធីរ៖ អញមិនមែនជាអ្នកជំនាញខាងហ្នឹងទេ។ តែអញផ្តល់គំនិតជាទូទៅថា ទីតាំអចលនទ្រព្យដែលមិនស្ថិតនៅចំតំបន់ជំនួញ ពាណិជ្ជកម្ម ឬកន្លែងស្នាក់នៅល្អៗ ប្រហែលជាមិនងាយឡើងថ្លៃវិញទេ ព្រោះ រឿងកូវីដនេះវាស៊ីពេលយូរទៀត។ តែបើទីតាំងអចលនទ្រព្យនៅទីតាំងល្អៗ វានឹងឡើងថ្លៃបន្តិចម្តងៗស្របទៅនឹងល្បឿននៃយុទ្ធនាការចាក់វ៉ាក់សាំងហ្នឹងណ៎ា(ទាំងនៅកម្ពុជា និងអន្តរជាតិ)។ 

សំណាង៖ ចុះតម្លៃទីតាំងដីធ្លីផ្ទះសម្បែងសម្រាប់លម្ហែកម្សាន្ត ឬហៅម្យ៉ាងទៀតថា ផ្ទះលម្ហែចុងសប្តាហ៍នោះ?  
 
សុធីរ៖ រឿងផ្ទះលម្ហែនេះ ពេញនិយមគួរសមដែរក្នុងរយៈពេលចុងក្រោយនេះ។ តែឥឡូវនេះ វាដូចជាស្ងប់ស្ងាត់ទៅវិញបន្តិច ព្រោះ ពាក្យថា ផ្ទះលម្ហែ ឬផ្ទះកម្សាន្តនេះ វាល្អសម្រាប់អ្នកមានជីវភាពធូរធា។ តែវាមិនល្អទាល់តែសោះសម្រាប់អ្នកមានជីវិតនៅប្រឈមនៅឡើយ។ សម្រាប់អ្នកមានជីវភាពមធ្យម ទិញផ្ទះលម្អែហើយ ហើយគ្រាន់តែធ្វើដំណើរទៅវិញទៅមក ក៏ចង់ក្រទៅវិញដែរ។ សរុបមកវិញ អ្នកជំរុញការលក់ផ្នែកនេះ ក៏ពិបាករកម៉ូយដែរហ្នឹងណ៎ាឥឡូវនេះ! បើនិយាយពីអ្នកទិញវិញ ក្នុងកាលៈទេសៈនេះ នរណាទិញផ្ទះបានផ្ទះ នរណាទិញដីបានដី ព្រោះមិនទាន់មានអ្នកទិញបន្តនៅឡើយទេនៅពេលនេះ។ និយាយឲ្យខ្លី វិស័យអចលនទ្រព្យកំពុងជាប់គាំង៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com