ពីនេះ ពីនោះ
ដ្បិតពាក្យ «ធម្ម និងធម៌ » មានន័យតែមួយ តែប្រើក្នុងទម្រង់ខុសគ្នា
20, Mar 2021 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
មិនខុសប្លែកពីគ្នាឡើយរវាងពាក្យទាំងពីរនេះ។ ពាក្យទាំងពីរនេះ គឺមានន័យតែមួយដូចគ្នា។ ប៉ុន្តែពាក្យទាំងពីរនេះគឺប្រើក្នុងទម្រង់ខុសគ្នា។

 
តាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត «ធម្ម» និង«ធម៌»នេះដូចតទៅ៖ 
 
ជាទូទៅ «ធម្ម» និង «ធម៌»ជាបាលី និងសំស្ត្រឹត ដែលប្រែមកថា សភាវៈទ្រទ្រង់សត្វលោកគឺ បុណ្យ, បាប,សុចរិត, ទុច្ចរិត, ហេតុ,សភាព, ធម្មតា, ប្រក្រតី, ប្រាជ្ញាញាណ, គុណ, សេចក្តីចម្រើន, អារម្មណ៍ខាងផ្លូវចិត្ត, ការរិះគិត, សង្ខារ, កិរិយាមារយាទ, បរិយត្តិ, ច្បាប់ ជាដើម។
 
«ធម្ម» សម្រាប់ប្រើភ្ជាប់ជាមួយពាក្យដទៃទៀត ដែលមានដូចជា៖ ធម្មកថា(សម្តីជាធម្ម, ការសម្តែងធម៌), ធម្មកម្ម(អំពើ, កិច្ចការដែលប្រកបដោយធម៌), ធម្មកាយ(កាយទាំងបីរបស់ព្រះសព្វញ្ញុពុទ្ធគឺ រូបកាយ, នាមកាយ, ធម្មកាយ), ធម្មការ(ឈ្មោះក្រសួងរដ្ឋមន្រី្តសម្រេចកិច្ចខាងផ្លូវសាសនា),ធម្មគុណ(គុណព្រះធម៌ គឺសភាវៈដែលស្រោចស្រង់ទទ្រង់សត្វ អ្នកប្រតិបត្តិតាមគន្លងធម៌ឱ្យបានសេចក្តីសុខ), ធម្មគោរព( សេចក្តីកោតក្រែង), ធម្មចក្ក(ចក្រគឺធម៌ ឬធម៌ជាកង់), ធម្មចក្ខុ(ធម៌ជាភ្នែក ភ្នែកជាធម៌), ធម្មចេតិយ(ចេតិយដែលបញ្ចុះព្រះធម៌)។ល។
 
ចំណែក«ធម៌» សំដៅយកពាក្យឱវាទរបស់ព្រះពុទ្ធ និងអត្ថបទទូទៅដែលទាក់ទងដោយពុទ្ធសាសនា។ មានដូចជា៖ រៀនធម៌, សូត្រធម៌, ចេះធម៌, ចាំធម៌, ស្តាប់ធម៌, សម្តែងធម៌, ធម៌អាថ៌, អត្ថបទរបស់ធម៌។ល៕
 

© រក្សាសិទ្ធិដោយ thmeythmey.com