COVID-19
ជាតិ
ជប៉ុន ផ្តល់ថវិកាជាង៣លានដុល្លារ ដល់គម្រោងបញ្ចប់អំពើហិង្សាលើកុមារនៅកម្ពុជា អំឡុងវិបត្តិកូវីដ-១៩
19, Mar 2021 , 9:29 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៣លានដុល្លារ ដល់អង្គការយូនីសេហ្វប្រចាំកម្ពុជា ដើម្បីអនុវត្តគម្រោង  ទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារនៅកម្ពុជា ក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩។  យោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ ស្ថានទូតប្រចាំកម្ពុជា និងអង្គការយួនីសេហ្វ នៅថ្ងៃទី ១៩មីនា គម្រោងថ្មីនេះ មានគោលដៅធានាថា កុមារនៅកម្ពុជាទទួលបានការការពារពីអំពើហិង្សា ការកេងប្រវ័ញ្ច និងការរំលោភបំពាន ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩ និងការស្តារឡើងវិញ ដើម្បីពង្រឹងសន្តិសុខមនុស្សជាតិ។ ទាំងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងនាយិកាអង្គការយូនីសេហ្វ ប្រចាំកម្ពុជា សុទ្ធតែយល់ថា រាល់ទម្រង់នៃអំពើហិង្សា ដែលកុមារបានជួបប្រទះ អាចបណ្តាលឲ្យមានផលវិបាកធ្ងន់ធ្ងរ និងពេញមួយជីវិត ហើយក៏ប៉ះពាល់ដល់ការអភិវឌ្ឍន៍ប្រទេសផងដែរ។

 
រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាចំនួន ៣៤០លានយេន ដែលស្មើនឹងប្រមាណជា ៣ ០៩០ ៩០៩ ដុល្លារអាមេរិក ដល់អង្គការយូនីសេហ្វ សម្រាប់អនុវត្តគម្រោងថ្មីមួយឈ្មោះថា«ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារនៅកម្ពុជា ក្នុងអំឡុងពេលនៃការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ និងការស្តារឡើងវិញ»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ ស្ថានទូតប្រចាំកម្ពុជា និងអង្គការយួនីសេហ្វ នៅថ្ងៃទី ១៩មីនានេះ។ 
 
តាមសេចក្តីប្រកាសព័ត៌មានរួមដដែល គម្រោងថ្មីនេះ  ផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលជប៉ុន និងយូនីសេហ្វ បន្ទាប់ពីមើលឃើញថា ក្នុងនៅអំឡុងវិបត្តិកូវីដ-១៩នេះ កុមារអាចប្រឈមមុខខ្ពស់នឹងអំពើហិង្សា  ការរំលោភបំពានលើរាងកាយ និងផ្លូវចិត្ត ដែលកើតឡើង ដោយសារការរឹតត្បិតលើការធ្វើដំណើរ ការបាត់បង់ប្រាក់ចំណូលរបស់ឪពុកម្តាយ ភាពឯកោ កន្លែងរស់នៅចង្អៀត និងកម្រិតខ្ពស់នៃភាពតានតឹង និងជំងឺថប់បារម្ភជាដើម។
 
គម្រោងថ្មីនេះ មានគោលបំណងធានាថា កុមារនៅកម្ពុជាទទួលបានការការពារពីអំពើហិង្សា ការកេងប្រវ័ញ្ច និងការរំលោភបំពាន ក្នុងអំឡុងពេលរាតត្បាត នៃជំងឺកូវីដ-១៩ និងការស្តារឡើងវិញ ដើម្បីពង្រឹងសន្តិសុខមនុស្សជាតិ ក៏ដូចជាធានានូវការស្តារ និងការបន្តសេវាកម្មកិច្ចការពារកុមារផងដែរ ស្របពេលដែលសេវាកម្មមួយចំនួន បានប្រឈមនឹងការរំខាន ក្នុងអំឡុងពេលមានជំងឺរាតត្បាត។  សេចក្តីប្រកាសព័ត៌មានរួមដដែលបញ្ជាក់ដូច្នេះ រួចហើយបន្តថា គម្រោងថ្មីនេះ នឹងបង្កើតនូវយុទ្ធសាស្រ្ត និងការអន្តរាគមន៍ដែលមានស្រាប់ ដើម្បីពង្រឹងសេវាកម្មកិច្ចការពារកុមារ ដែលងាយរងគ្រោះខ្លាំង និងក្រុមគ្រួសាររបស់ពួកគេ នៅទូទាំងប្រទេស ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩ និងការស្តារឡើងវិញ។ 
 
មិនតែប៉ុណ្ណោះ គម្រោងនេះ ក៏នឹងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើត និងអនុវត្តក្របខណ្ឌស្ថាប័ន និងក្របខណ្ឌគតិយុត្ត ដើម្បីលើកឡើងពីកត្តាហានិភ័យនានា ដែលអាចកើតមានឡើងដោយសារជំងឺកូវីដ១៩ ទៅលើកិច្ចការពារកុមារ ព្រមទាំងគាំទ្រដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា ឪពុកម្តាយ និងអ្នកមើលថែទាំ ក្នុងការរៀនពីវិធីថ្មីៗ ដើម្បីបង្កើនចំណេះដឹង ឥរិយាបថ និងការអនុវត្តរបស់ពួកគេ ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ។ 
 
«អ្វីដែលសំខាន់បំផុតនោះគឺគម្រោងនេះ នឹងធានាថាកុមារងាយរងគ្រោះ អាចទទួលបានសេវាកម្មការពារ ប្រកបដោយគុណភាព រួមមានការគ្រប់គ្រងករណី ការគាំទ្រសុខភាពផ្លូវចិត្ត និងការគាំទ្រផ្នែកចិត្តសាស្ត្រនិងសង្គម ជំនួយផ្នែកច្បាប់ និងសេវាសុខភាព»។ សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ដូច្នេះ។ 
 
លោកស្រីហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា រាល់ទម្រង់នៃអំពើហិង្សា ដែលកុមារបានជួបប្រទះ អាចបណ្តាលឲ្យមានផលវិបាកធ្ងន់ធ្ងរ និងពេញមួយជីវិត។ នាយិការយូនីសេហ្វប្រចាំកម្ពុជា មានការបារម្ភយ៉ាងខ្លាំងថាកុមារ  ដែលអាចមានហានិភ័យខ្ពស់ ក្នុងការទទួលរងនូវអំពើហិង្សា និងការរំលោភបំពាន ក្នុងអំឡុងពេលដ៏លំបាក នៃជំងឺរាតត្បាតកូវីដ១៩។ 
 
ចំណែក លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាវិញ ក៏លើកឡើងស្រដៀងគ្នានឹងនាយិកាយូនីសេហ្វ ជុំវិញគ្រោះថ្នាក់នៃអំពើហិង្សាលើកុមារដែរ។ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បន្ថែមថា  ការទទួលរងគ្រោះនូវអំពើហិង្សានៅវ័យកុមារភាព ជារឿយៗនាំឲ្យមានផលអវិជ្ជមានខាងអាកប្បកិរិយា ផ្លូវចិត្តនិងរាងកាយនៅក្នុងវ័យជំទង់ និងពេញវ័យដែលជាបញ្ហាប្រឈមសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។ 
 
«យូនីសេហ្វ មានសកម្មភាពនៅកម្ពុជាតាំងពីឆ្នាំ១៩៥២ និងមានបទពិសោធលេចធ្លោ ក្នុងការធ្វើការ ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ។ នេះជាមូលហេតុ ដែលរដ្ឋាភិបាលជប៉ុនចាត់ទុកយូនីសេហ្វ ជាដៃគូដែលគួរឲ្យទុកចិត្តបំផុត ដើម្បីសម្រេចគោលដៅនេះ»។ នេះជាប្រសាសន៍របស់  ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បន្ទាប់មកលោក បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ រដ្ឋាភិបាលជប៉ុន និងយូនីសេហ្វ ក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ ក៏ដូចជាពិភពលោក។ ទន្ទឹមនឹងនោះ លោក មិកាមិ ក៏គូសបញ្ជាក់ពីការបន្តសហការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយស្តារប្រទេសឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ផងដែរ៕
 

Tag:
 អំពើហិង្សា
 កុមារ
  ជប៉ុន
 យូនីសេហ្វ
© រក្សាសិទ្ធិដោយ thmeythmey.com