ជាតិ
ផ្ទះបុរាណអាយុកាលជាង១០០ឆ្នាំ ២ខ្នង ក្នុងក្រុងសៀមរាប ត្រូវប្រកាសលក់
20, Mar 2021 , 12:48 pm        
រូបភាព
សៀមរាប៖ ផ្ទះបុរាណរចនាប័ទ្មខ្មែរចំនួន២ខ្នង ក្នុងក្រុងសៀមរាប ដែលមានអាយុកាលជាង១០០ឆ្នាំ ត្រូវបានម្ចាស់ផ្ទះប្រកាសដាក់លក់។ ដើមឡើយ ម្ចាស់ផ្ទះដែលជាជនបរទេស ទិញមកដើម្បីអភិរក្ស។ ជាសំណង់ផ្ទះបែបប្រណិត ផ្ទះខ្មែរបុរាណចំនួន២ខ្នង កាលពីពេលថ្មីៗនេះ ត្រូវបានផ្សព្វផ្សាយដាក់លក់ក្នុងបណ្ដាញសង្គម។ កន្លងមក ផ្ទះទាំង២នេះ បានដាក់ជួលនិងទុកសម្រាប់ការស្នាក់នៅរបស់សិស្សនិសិ្សត។

 
លោក រស់ សាយ អ្នកសម្របសម្រួលការលក់ផ្ទះខាងលើបាននិយាយថា ផ្ទះទាំង២ គឺជាកម្មសិទ្ធិរបស់ជនជាតិអូស្រា្ដលី ដែលមកធ្វើការ និងរស់នៅប្រទេសកម្ពុជា តាំងពីអំឡុងឆ្នាំ១៩៩២មក។ លោករៀបរាប់ថា ផ្ទះខាងលើត្រូវបានបុរសជនជាតិអូស្ដ្រាលី ដែលជាបុរាណវិទូ និងស្រឡាញ់ក្បូរក្បាច់រចនាប័ទ្មខ្មែរបុរាណ ទិញពីប្រជាពលរដ្ឋនៅតំបន់ហាន់ជ័យ ខេត្តកំពង់ចាម និងមួយទៀតទិញពីពលរដ្ឋក្នុងក្រុងសៀមរាប។ 
 
ផ្ទះដែលដាក់លក់ ទី១មានទំហំផ្ទះ ១៣៦ ម៉ែត្រការ៉េ និងទំហំដីជិត ៨០០ម៉ែត្រការ៉េ ដែលដាក់លក់ក្នុងតម្លៃ ៤៤ ម៉ឺនដុល្លារ និងផ្ទះមួយខ្នងទៀតទំហំប្រហែល ១៣៨ ម៉ែត្រការ៉េ ស្ថិតនៅជិតស្ពានជ្រាវ ក្នុងសង្កាត់សៀមរាប លក់ក្នុងតម្លៃ ២៥ម៉ឺនដុល្លារ។ 


 
លោកបន្ថែមថា៖« ផ្ទះនោះ (មួយនៅក្រោយវត្តដំណាក់) គេហៅផ្ទះហាន់ជ័យ ដោយសារគាត់ទិញពីតំបន់នោះមក ជាផ្ទះបុរាណ មានចម្លាក់តាមផ្នឹម តាមខ្លោងទ្វារ បង្អួច ចម្លាក់ក្បាច់បុរាណ ស្អាតណាស់»។ តាមការបញ្ជាក់ពីលោក រស់ សាយ  ផ្ទះនេះអាយុមិនក្រោម ១២០ឆ្នាំទេ ដែលបុរាណវិទូជនជាតិអូស្រ្ដាលី ទិញរុះមកធ្វើតាមទម្រង់ដើមវិញ ដោយមានអ្នកជំនាញគិតគូរច្បាស់លាស់ និងរៀបចំធ្វើទម្រង់ដើមទាំងស្រុង។
 
ទាក់ទងនឹងការប្រកាសលក់នេះ លោក រស់ សាយ ពន្យល់ថា៖« តាមពិតផ្ទះនោះ គាត់ទុកអភិរក្សទេ។ កន្លងមកគាត់ធ្វើទុក សម្រាប់កូនសិស្សដែលគាត់ជួយស្នាក់នៅ។ មួយរយៈក្រោយនេះ ដោយសារបញ្ហាផ្ទាល់ខ្លួន គាត់ចាស់ជរា ណាមួយវិបត្តិកូវីដផង ទើបគាត់ចង់លក់»។ លោក រស់ សាយ បន្ថែមថា ផ្ទះទាំង២ខ្នង ត្រូវបានម្ចាស់ជាជនជាតិអូស្រ្ដាលី ទិញអំឡុងឆ្នាំ២០០៦ និងឆ្នាំ២០០៧។ 
 
ដោយសារស្រឡាញ់ម៉ូដផ្ទះឈើខ្មែរ និងចង់អភិរក្សទៅថ្ងៃក្រោយ លោក រស់ សាយ បាននិយាយថា ម្ចាស់ផ្ទះអាយុជិត៨០ឆ្នាំ បានទិញដីជុំវិញនោះ ដើម្បីដាំប្រភេទឈើកម្រមួយចំនួន និងរៀបចំបរិស្ថានជុំវិញនោះ ឱ្យបរិយាកាសល្អផងដែរ។ លោកបញ្ជាក់ថា កន្លងទៅថ្មីៗ មានគេតថ្លៃចង់ទិញតែផ្ទះ តែម្ចាស់ផ្ទះមិនលក់ ដោយបារម្ភខ្លាចរុះរើ ទៅខូចទ្រុងទ្រាយដើម៕












 
 

Tag:
 ផ្ទះខ្មែរ
  ផ្ទះបុរាណ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com