ជាតិ
លោក យ៉ន សុម៉ាឡៃ កាក់កបក្នុងរបរបើកហាងកាហ្វេ ក្រោយសម្រាកពីការងារក្នុងវិស័យសណ្ឋាគារ
21, Mar 2021 , 7:59 am        
រូបភាព
សៀមរាប៖ អស់រយៈពេលជិតមួយឆ្នាំហើយ ដែលលោក យ៉ន សុម៉ាឡៃ បានបើកហាងកាហ្វេជាលក្ខណៈគ្រួសារ ក្រោយសណ្ឋាគារដែលលោកធ្លាប់ធ្វើការ បានបិទទ្វារ ដោយសារវិបត្តិជំងឺកូវីដ-១៩។ បច្ចុប្បន្ន ហាងកាហ្វេដែលមានយីហោ UR Coffee កំពុងទទួលបានការគាំទ្រច្រើន ពិសេសភ្ញៀវបរទេស ដែលរស់នៅក្នុងក្រុងសៀមរាប។

 
ធ្លាប់ជាប្រធានផ្នែកលក់ ក្នុងសណ្ឋាគារមួយកន្លែង សព្វថ្ងៃ លោក យ៉ន សុម៉ាឡៃ កំពុងមមាញឹក នឹងការងារនៅហាងកាហ្វេ ដែលលោក និងភរិយាដែលមានការងារក្នុងវិស័យសណ្ឋាគារដូចគ្នា បើកអំឡុងខែ មិថុនា ឆ្នាំ២០២០។ ការខិតខំប្រឹងប្រែងជម្នះនឹងការលំបាក ពិសេសជាមួយរបរដែលពុំធ្លាប់មានជំនាញកន្លងមក បានធ្វើឱ្យអាជីវកម្មលក្ខណៈគ្រួសារមួយនេះ ទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់។
 
លោក យ៉ន សុម៉ាឡៃ បានចាយទុនប្រមាណជាង១ម៉ឺនដុល្លារ ដើម្បីរៀបចំហាងតូចល្មមសម្រាប់បើកអាជីវកម្មកាហ្វេ។ ហាងកាហ្វេនេះ បើកដំណើរការភ្លាមៗ ក្រោយពេលការងារនៅក្នុងសណ្ឋាគារត្រូវបានផ្អាក និងដោយសារមានការជំរុញពីក្រុមគ្រួសារផង។ លោកបន្ដថា៖«យើងអត់មានការងារធ្វើ ទើបសម្រេចបើក ដើម្បីបានចំណូលខ្លះទប់ជីវភាពគ្រួសារ ណាមួយយើងទើបរៀបការមួយឆ្នាំជាងផង (មិនមានរបរអ្វីផ្សេង)។ 


 
ខុសពីហាងកាហ្វេឯទៀត ហាងកាហ្វេ UR Coffee បានទាក់ទាញអតិថិជន ជាបរទេសរស់នៅក្នុងក្រុងសៀមរាប ដោយសារការរៀបចំ និងលម្អដោយរុក្ខជាតិដ៏ត្រជាក់ ពិសេសកន្លែងអង្គុយមានលក្ខណៈទូលាយ។ ដោយសារមានជំនាញផ្នែកបដិសណ្ឋារកិច្ចច្រើនឆ្នាំមកហើយនោះ ក្រុមគ្រួសារលោក យ៉ន សុម៉ាឡៃ បានប្រើជំនាញទាំងនោះសម្រាប់បម្រើអតិថិជនដោយផ្ទាល់ និងដែលបានទាញចិត្តអតិថិជនឱ្យដិតជាប់នឹងហាងកាហ្វេរបស់ពួកគេ។
 
«យើងឧស្សាហ៍និយាយជាមួយអតិថិជន ហើយបង្កើតជាមិត្តភាពនឹងគ្នាជាច្រើននាក់...អតិថិជនដែលមកអង្គុយច្រើនជាបរទេស ខ្មែរភាគច្រើនខ្ចប់ អង្គុយធ្វើការតិចតួច បរទេសគាត់ពិភាក្សាគ្នាយូរៗ មកជាលក្ខណៈមិត្តភក្ដិ ខ្លះមកតែឯង ភ្ញៀវខ្លះ ញាំ២ឬ៣កែវ»។ នេះជាការលើកឡើងរបស់លោក យ៉ន សុម៉ាឡៃ ដោយបន្ថែមថា ភ្ញៀវភាគច្រើនចូលចិត្តមកអង្គុយនៅម៉ោង៩ទៅម៉ោង១១ព្រឹក ដែលមានការរៀបចំតុឆ្ងាយៗពីគ្នា រក្សាគំលាតសង្គមក្នុងកាលៈទេសៈនេះ។
 


 
ដ្បិតជាអាជីវកម្មថ្មីថ្មោង តែម្ចាស់ហាងកាហ្វេបង្ហើបថា ក្នុងមួយថ្ងៃលោកលក់បានចន្លោះពី៤០ទៅ១០០កែវកាហ្វេ។ លោក សុម៉ាឡៃ ប្រាប់ទៀតថា លោកនិងគ្រួសារមានបំណងបើកពង្រីកសាខាមួយកន្លែងទៀតក្នុងក្រុងសៀមរាប គឺក្រោយពេលដែលហាងកាហ្វេបច្ចុប្បន្នមានឈ្មោះបោះសំឡេង និងមានអតិថិជនស្គាល់ឱ្យបានច្រើន។ យ៉ាងណា លោកប្រាប់ថា មិនបោះបង់ចោលការងារក្នុងវិស័យសណ្ឋាគារនោះទេ។
 
ជាមួយគ្នានេះ លោកបានចែករំលែកបទពិសោធន៍រវាងការងារទាំងពីរយ៉ាងដូច្នេះថា៖« ធ្វើការអូតែល មានកាតព្វកិច្ចមួយ ដូចជាពេលមេដាក់ឱ្យធ្វើផែនការមួយ យើងតាំងចិត្តធ្វើឱ្យបានសម្រេច ពេលអត់សម្រេចត្រូវទទួលការណែនាំ ដូចខ្ញុំជាប្រធានផ្នែកលក់ ត្រូវមានយុទ្ធសាស្រ្ដឱ្យក្រុមការងារចុះរកភ្ញៀវ មកទទួលសេវាកម្មយើង ចំណែកកាហ្វេ ពួកខ្ញុំពេញចិត្តខ្លាំងជាង ម្យ៉ាងម្នាក់ នៅទីនេះដោយសារធ្វើការនៅវាយ ពួកខ្ញុំចូលចិត្តដាំដុះ រៀបចំឱ្យមានភាពបៃតង ភ្ញៀវសរសើរថាប្លែកបៃតងរហូត ពួកយើងសប្បាយចិត្តនឹងធ្វើវា»៕
 







 
 

Tag:
 វិស័យសណ្ឋាគារ
  យ៉ន សុម៉ាឡៃ
 កាហ្វេ
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com