ជាតិ
វិបត្តិកូវីដ-១៩ បង្ខំឲ្យលោក ប៊ុនថៃ ប្តូររបរពីអ្នកជួលទូកទេសចរណ៍ទៅជាអ្នកនេសាទ
21, Mar 2021 , 8:59 am        
រូបភាព
 ទូកដឹកភ្ញៀវទេសចរ
ទូកដឹកភ្ញៀវទេសចរ
ដោយ:
ជាង១ឆ្នាំមកហើយ ដែលវិបត្តិកូវីដ-១៩ បានយាយីវិស័យទេសចរណ៍កម្ពុជា។ ជំងឺរាតត្បាតនេះ ក៏បានធ្វើឱ្យអាជីវកម្មទេសចរណ៍ ច្រើនជាង៣ពាន់កន្លែងដែរ បានបិទទ្វារ។ អាជីវកម្មបើកទូកទេសចរណ៍នៅកោះរ៉ុង របស់ លោក ប៊ុន ថៃ ក៏រងផលប៉ះពាល់ដែរ។ ដោយសារគ្មានភ្ញៀវទេសចរជួលទូកទេសចរណ៍របស់ខ្លួន លោក ប៊ុន ថៃ បានដូរទៅប្រកបរបរនេសាទវិញ។ ទោះយ៉ាងណា ការនេសាទត្រី មិនបានផ្តល់ចំណូលច្រើន ឱ្យលោកថៃ ដូចកាលពីលោកបើកទូកដឹកអ្នកទេសចរនោះទេ។

 
លោក ប៊ុន ថៃ ប្រកបរបរជាអ្នករត់ទូកដឹកភ្ញៀវទេសចរ កម្សាន្តនៅកោះរ៉ុង រយៈពេល៣ឆ្នាំមកហើយ។ មុខរបរនេះ ធ្វើឱ្យលោកទទួលបានប្រាក់ចំណូល គួរសមសម្រាប់ផ្គត់ផ្គង់គ្រួសារ។ បន្ទាប់ពីមានការរីករាលដាល នៃជំងឺកូវីដ-១៩ អាជីវកម្មដឹកភ្ញៀវទេសចរកម្សាន្តនៅលើកោះរ៉ុង  បានរងផលប៉ះពាល់យ៉ាងខ្លាំង រហូតធ្វើឱ្យលោកបង្ខំចិត្តធ្វើជាអ្នកនេសាទ សម្រាប់រកចំណូលផ្គត់ផ្គង់គ្រួសារវិញ។
 
បុរសវ័យ ២៧ឆ្នាំរូបនេះ រៀបរាប់ប្រាប់សារព័ត៌មាន ThmeyThmey25 ដូច្នេះថា៖ « តាំងពីផ្ទុះកូវីដ-១៩ ខ្លាំង មកអត់មានភ្ញៀវទេសចរ មកកោះតែម្ដង។ ពេលអត់ភ្ញៀវចឹង ខ្ញុំមកស្ទួចត្រី នេសាទ ហើយផ្ញើតាមទូក ទៅលក់នៅកំពង់សោមវិញ។ កាលនៅដឹកភ្ញៀវទេសចរ យើងលំបាកដែរ តែយើងមានចំណូលចូលច្រើន ដល់ពេលមកនេសាទ លំបាកហើយ បាត់បង់ចំណូលច្រើនទៀត »។ 


 លោក តុប សុភ័ក្ត្រ អ្នកនាំពាក្យក្រសួងទេសចរណ៍
 
លោក ប៊ុន ថៃ ក៏បានបន្តទៀតថា ពេលប្ដូរពីដឹកភ្ញៀវទេសចរ មកនេសាទវិញ លោកបាត់ប្រាក់ចំណូលប្រមាណជា ៨០ភាគរយ ដែលធ្វើឱ្យលោកស្ទើរ តែមិនអាចផ្គត់ផ្គង់ខ្លួនឯងគ្រប់ផង។ លោកបានបាត់ប្រាក់ចំណូលនេះ ប្រមាណ៣ខែមកហើយ ដោយកាលផ្ទុះកូវីដ-១៩ដំបូង មិនសូវប៉ះពាល់ខ្លាំង ដូចបច្ចុប្បន្ននោះទេ។ 
 
លោក តុប សុភ័ក្ត្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ ក៏បានប្រាប់សារព័ត៌មាន ThmeyThmey25 ដែរថា អាជីវកម្មទូកដឹកភ្ញៀវទេសចរ ក៏រងផលប៉ះពាល់ ដូចអាជីវកម្ម ដទៃផ្សេងទៀតដែរ។ « មិនខុសពីអាជីវកម្មផ្សេងទៀតទេ គឺប៉ះពាល់ដូចគ្នា ដោយសារគ្មានទេសចរ។ ម្នាក់ៗកំពុងជាប់ប្រយុទ្ធនឹងកូវីដ ដូច្នេះសកម្មភាពទេសចរ ស្ទើរតែគ្មាន»។ នេះជាការបញ្ជាក់របស់លោក តុប សុភ័ក្ត្រ។  
 
ការបាត់ភ្ញៀវទេសចរ ទៅកម្សាន្តនៅលើកោះរ៉ុង មិនមែនប៉ះពាល់តែលោក ប៊ុន ថៃ នោះទេ តួយ៉ាង អ្នករត់ទូកទេសចរណ៍ ដទៃទៀត បានប្ដូរទៅធ្វើសំណង់នៅលើកោះវិញ ដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាព ក្នុងអំឡុងការីករាលដាលនៃជំងឺកូវីដ-១៩។ 


 លោក ប៊ុន ថៃ អ្នករត់ទូកដឹកភ្ញៀវទេសចរ នៅលើកោះរ៉ុង
 
ទន្ទឹមនឹងនេះ លោកស្រី ឆាយ សៀវលីន ប្រធានសមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជា ក៏បានស្នើឱ្យក្រសួងទេសចរណ៍ មានវិធានការ ណាមួយដើម្បីរក្សាអ្នកបម្រើការក្នុងវិស័យទេសចរណ៍។ លោកស្រី រៀបរាប់ដូច្នេះថា៖ « ស្នើឱ្យរដ្ឋាភិបាល មានវិធានការពិសេសណាមួយដើម្បីរក្សាអ្នកជំនាញក្នុងវិស័យទេសចរណ៍។ យើងឃើញហើយថា ពួកគាត់បានចាកឆ្ងាយពីវិស័យនេះ និងវិជ្ជាជីវៈរបស់ខ្លួន ម្ដងបន្តិចៗ។ យើងព្រួយបារម្ភខ្លាចតែនៅពេលណាវិស័យទេសចរណ៍អាចស្ដារឡើងវិញបាន ហើយយើងក៏ជួបប្រទះ នឹងការខ្វះធនធានមនុស្ស»។
 
វិស័យទេសចរណ៍កម្ពុជា ប៉ះពាល់កាន់តែធ្ងន់ឡើង បន្ទាប់ពីផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។  គ្រាន់តែខេត្តព្រះសីហនុមួយ  មានអាជីវកម្មទេសចរណ៍ប្រមាណ ៧០ភាគរយ បានបិទទ្វារ ក្នុងអំឡុងព្រឹត្តិការណ៍សហគមន៍នេះ។
 
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាបានរកឃើញវិជ្ជមានកូវីដ-១៩ សរុបចំនួន ១ ៥៤១ករណី ក្នុងនោះអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានរហូតដល់ ១ ០២៥នាក់។ ព្រឹត្តិការណ៍សហគមន៍ ដែលរាលដាលដល់១១រាជធានី-ខេត្ត ផ្តើមពីភ្នំពេញ ដល់កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ចាម កំពង់ធំ សៀមរាប បាត់ដំបង និងតាកែវ៕


 
លោកស្រី ឆាយ សៀវលីន ពាក់អាវពណ៌ប្រផេះ ក្នុងកិច្ចប្រជុំទេសចរណ៍អាស៊ាន នៅសណ្ឋាគាសូហ្វីតែល ។ រូបភាពពីទំព័រហ្វសប៊ុកក្រសួងទេសចរណ៍


Tag:
 ទូកទេសចរណ៍
  កូវីដ-១៩
  ប៊ុន ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com