ជាតិ
ពីនេះ ពីនោះ
«ប្រាសាទថ្នមប្ដី» ឬហៅថា «ប្រាសាទស្លុតតី» ស្ថិតក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង
21, Mar 2021 , 10:59 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុកមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង
រូបភាពពីទំព័រហ្វេសប៊ុកមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង
ដោយ៖ ស៊ុល រ៉វី

 
«ប្រាសាទថ្នមប្ដី» ឬ«ប្រាសាទស្លុតតី» ជាប្រាសាទបុរាណមួយ ក្នុងចំណោមប្រាសាទចំនួន៧ ដែលនៅមានរូបរាង នៅក្នុងខេត្តកំពង់ឆ្នាំង។ ប្រាសាទនេះ ស្ថិតក្នុងភូមិជ្រលង ឃុំដារ ស្រុកកំ ពង់លែង ខេត្តកំពង់ឆ្នាំង ចម្ងាយប្រមាណ២០គីឡូម៉ែត្រ ពីទីរួមស្រុកកំពង់លែង។ ប្រាង្គទាំងពីរនៃប្រាសាទត្រូវបានសាងសង់ឡើងមុនសម័យអង្គរ នាចុងសតវត្សរ៍ទី៧ ដល់ដើមសតវត្សរ៍ទី៨ ធ្វើអំពីឥដ្ឋ   សម្រាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ឈ្មោះនៃប្រាសាទនេះ ត្រូវបានអ្នកស្រុកហៅតាម រូបចម្លាក់ព្រះនរាយណ៍ផ្ទំ ដោយមាននាងលក្ស្មី និងប្រថិពី ភូមិទេវីច្របាច់ជើងថ្វាយព្រះអង្គ។


 
«ប្រាសាទថ្នមប្ដី» ជាប្រាសាទវ័យចំណាស់មួយ ស្ថិតក្នុងភូមិជ្រលង ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ចម្ងាយប្រមាណ២០គីឡូម៉ែត្រ ពីទីរួមស្រុកកំពង់លែង។ លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានប្រាប់សារព័ត៌មាន Thmeythmey25 ថា ប្រាសាទនេះ កសាងឡើងនៅមុនសម័យអង្គរ នាចុងសតវត្សរ៍ទី៧ ដល់ដើមសតវត្សរ៍ទី៨។ 
 
ប្រាសាទថ្នមប្ដី មានប្រាង្គចំនួន២ កសាងឡើងពីឥដ្ឋ ដែលត្រូវបានកសាងឡើងទន្ទឹមគ្នា និងបែរមុខទៅទិសខាងកើត។ ប្រាង្គទាំងពីរនេះ មានទំហំ ៣.៦ម៉ែត្រ បួនជ្រុង និងមានកម្ពស់១០ម៉ែត្រ។ នេះបើតាមការរៀបរាប់របស់ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង ដោយលោកបានឱ្យដឹងទៀតថា នៅប្រាង្គខាងឆ្វេង មានទ្វារបញ្ឆោតចំនួន៣ ដែលស្ថិតនៅទិសខាងលិច ខាងជើង និងទិសខាងត្បូង ហើយនៅមានរូបរាងនៅឡើយ។ រីឯគ្រឿងតុប តែងផ្សេងៗ ដូចជាក្បាច់ផ្ដែរ សរសរពេជ្រ បានបាក់បែក។ 


រណ្ដៅជីកក្នុងប្រាង្គដែលរក្សារូបរាង។ រូបភាពផ្ដល់ដោយលោក ហុង រដ្ឋា

ចំណែកប្រាង្គផ្នែកខាងស្ដាំ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង ខូចខាតស្ទើរតែទាំងស្រុង ដែលសព្វថ្ងៃ នៅមានតែទ្វារបញ្ឆោត២ប៉ុណ្ណោះនៅសល់ គឺនៅផ្នែកខាងជើង និងខាងត្បូង ខណៈទ្វារបញ្ឆោតផ្នែកខាងលិច បានខូចខាតទាំងស្រុង។ តាមលោក សុខ ធួក នៅផ្នែកខាងក្នុងនៃប្រាង្គខាងឆ្វេងនេះ មានសេសសល់ស្លាកស្នាមរណ្ដៅ ដែលត្រូវបានគេជីកកកាយនៅអំឡុងឆ្នាំ១៩៨០ ផងដែរ។ លោក សុខ ធួក បញ្ជាក់ដូច្នេះថា៖ «រណ្ដៅ ជីកនៅក្នុងហ្នឹង តាំងពីសម័យ ឆ្នាំដែលកងទ័ពវៀតណាម នៅ ប្រហែលជាឆ្នាំ១៩៨០ជាង»
 
យោងតាមបញ្ជីប្រាសាទបុរាណ របស់អគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ «ប្រាសាទថ្នមប្ដី» ជាទីតាំងនៃក្រុមប្រាសាទឥដ្ឋសង់ខ្វែងគ្នា ដោយមានតួបី នៅខាងមុខ(សព្វថ្ងៃសល់តែពំនូកឥដ្ឋ) ព្រមទាំងតួប៉មពីរ នៅខាងលិចដែលនៅមានរូបរាង។ ប្រាសាទទាំងនេះ មានរាងបួនជ្រុងស្មើ ពីជើងទៅត្បូង និងបែរមុខទៅទិសខាងកើត ព្រមទាំងស៊ុមទ្វារ ធ្វើពីថ្មភក់ និងមានទ្វារបញ្ឆោត ស្ថិតតាមទិសសំខាន់ផ្សេងៗ។
 


រូបភាពផ្ដល់ដោយ លោក ហុង រដ្ឋា

តាមឯកសារដដែល ប្រាសាទនេះត្រូវបានអ្នកស្រុកហៅ «ប្រាសាទថ្នមប្ដី» ដែលយោងទៅតាមរូបចម្លាក់ប្រពន្ធច្របាច់ជើងឲ្យប្ដី ដែលកំពុងដេក។ ការសន្និដ្ឋាននេះ តាមផ្តែរប្រាសាទមួយផ្ទាំង ជាព្រះនរាយណ៍ផ្ទំលើនាគអនន្ត នៅខាងចុងជើង មាននាងលក្ស្មី និងប្រថិពី ភូមិទេវី ច្របាច់ជើងព្រះអង្គ។ សព្វថ្ងៃផ្ដែរចម្លាក់ព្រះនរាយណ៍ផ្ទំនេះ តម្កល់ទុក នៅសារៈមន្ទីរជាតិ ក្នុងរាជធានីភ្នំពេញ ។ នេះបើតាម លោក សុខ ធួក។
 
យោងតាមបញ្ជីស្ថានីយបុរាណនៅប្រទេសកម្ពុជា របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញផ្សាយឆ្នាំ២០១០ ខេត្តកំពង់ឆ្នាំង មានប្រាសាទមានរូបរាងចំនួន៧ ប្រាសាទបាក់បែងនៅសល់គ្រឹះចំនួន២ ទួលបុរាណចំនួន២២ វត្តបុរាណចំនួន៣០ និងទីតាំងស្រះ ដែលជាទីតាំងយកថ្ម ចំនួន៦៕


 រូបភាពផ្ដល់ដោយ លោក ហុង រដ្ឋា



Tag:
 កំពង់ឆ្នាំង
  ប្រាសាទថ្នមប្ដី
  ប្រាសាទស្លុតតី
  សុខ ធួក
© រក្សាសិទ្ធិដោយ thmeythmey.com