ពីនេះ ពីនោះ
កូវីដ-១៩៖ យុទ្ធសាស្រ្តមួយចំនួនដែលអនុញ្ញាតឲ្យ«ជំនួញ»អាចបន្តមានជីវិត…!
22, Mar 2021 , 11:39 am        
រូបភាព
ដោយ: ថ្មីៗ
សំណាង និងសុធីរ បន្តឃើញតួលេខឆ្លងកាន់តែកើនឡើងជារៀងរាល់ថ្ងៃ។ អារម្មណ៍ចេះតែបារម្ភ។ បារម្ភរឿងបញ្ហាសុខភាពមនុស្សកំពុងវាយប្រហារសុខភាពសេដ្ឋកិច្ច។  នៅថ្ងៃនេះ សុធីរ និងសំណាង ជជែកគ្នាពីរឿងជំនួញមួយចំនួនកំពុងសម្រេចចិត្តបិទទ្វារជាបណ្តើរៗដោយសារតែមេរោគកូវីដ-១៩។


សំណាង៖ អា សុធីរ! អញឃើញជំនួញតូចធំមួយចំនួនចេះតែបិទទ្វារបន្តបន្ទាប់អ៊ីចឹង តើស្ថានភាពវាយ៉ាងម៉េចទៅវិញ? 
 
សុធីរ៖ មិនមែនតែនៅកម្ពុជាឯណ៎ា! នេះ គឺជារឿងសកលលោក។ គ្មាននរណាអាចជួយនរណាបានទេ។ បញ្ហាសុខភាពមនុស្សកំពុងសម្លាប់សុខភាពសេដ្ឋកិច្ចហើយ។ ឥឡូវនេះ មានតែវត្តមានអ្នកលក់ តែមិនសូវមាន ឬគ្មានអ្នកទិញ។ មនុស្សអស់លុយចំណាយ (ក្រៅពីអ្នកមានមួយចំនួន) ព្រោះការងាររបស់ពួកគេមិនទទួលបានចំណូលច្រើន ឬគ្មានការងារធ្វើតែម្តង។ 

សំណាង៖ ចុះបើជំនួញបន្តបិទទ្វារ បុគ្គលិកមិនរឹតតែអត់ការងារធ្វើទៀតហើយអ៊ីចឹង?  

សុធីរ៖ រឿងហ្នឹងវាអ៊ីចឹងហើយ បើស្ថានភាពឆ្លងវានៅបន្តកើនឡើងខ្លាំងដូច្នោះ។ 

សំណាង៖ តើគេអាចរកយុទ្ធសាស្រ្តជួយជំនួញកុំឲ្យក្ស័យធនបានឬទេ? 

សុធីរ៖ ហ៊ឺ! ពិបាកណាស់អា សំឡាញ់។ មិនដឹងជាជួយយ៉ាងម៉េចទេ បើគ្មានអ្នកទិញ ឬអ្នកចំណាយនោះ។ តែទោះជាយ៉ាងណាក៏ដោយ ក៏គេអាចជួយសម្រួលឲ្យជំនួញមួយចំនួនអាចបន្តរស់បានខ្លះទៀតដែរ។ 

សំណាង៖ ធ្វើយ៉ាងម៉េចទៅ?  

សុធីរ៖ ទី១៖ ម្ចាស់ទីតាំងជួលត្រូវបញ្ចុះតម្លៃឈ្នួលទីតាំងអាជីវកម្ម។ ទី២៖ ក្រុមហ៊ុនគួរចាប់ផ្តើមជជែកគ្នាជាមួយបុគ្គលិកដើម្បីកែសម្រួលប្រាក់ខែឡើងវិញក្នុងកាលៈទេសៈដ៏លំបាកនេះ។ ទី៣៖ ស្ថាប័នរដ្ឋពាក់ព័ន្ធគួរបន្ធូរបន្ថយពន្ធមិនចាំបាច់មួយចំនួន។ ទី៤ វិស័យធនាគារគួរបន្ធូរបន្ថយអត្រាការប្រាក់ក្នុងអំឡុងពេលវិបត្តិនេះ និងទី៥ គឺរដ្ឋត្រូវបន្តពង្រីកការវិនិយោគសាធារណៈ។ ប្រសិនបើអ្នកពាក់ព័ន្ធអាចជួយសម្រួលដោះស្រាយបញ្ហាខាងលើនេះបាន គេគិតថា ជំនួញមួយចំនួនអាចនៅបន្តរស់ទៀតបាន សួរថា រស់ដល់ពេលណា? គ្មាននរណាដឹងឡើយ៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com