COVID-19
ជាតិ
វេជ្ជបណ្ឌិត ស្ដើង ជា ស្លាប់​ដោយសារ​កូ​វីដ​-១៩ ជា​ករណី​ទី​៤នៅកម្ពុជា
22, Mar 2021 , 12:49 pm        
រូបភាព
លោកវេជ្ជបណ្ឌិត ស្ដើង ជា
លោកវេជ្ជបណ្ឌិត ស្ដើង ជា
​ភ្នំពេញ​៖ វេជ្ជបណ្ឌិត ស្ដើង ជា ​វ័យ​៧៥​ឆ្នាំ​ ស្លាប់​ដោយសារ​កូ​វីដ​-១៩ នៅ​ព្រឹក​ថ្ងៃទី​២២ មីនា​នេះ​។ ការស្លាប់​របស់​វេជ្ជបណ្ឌិតរូបនេះ ធ្វើឱ្យ​កម្ពុជា មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កាច​សាហាវ​នេះ ចំនួន​៤​ករណី​ហើយ​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​។​



អត្ថបទទាក់ទង


យោងតាម​ក្រសួង​សុខាភិបាល លោក ស្តើង ជា វេជ្ជបណ្ឌិតចូលនិវត្តន៍​ និងជាប្រធានគណកម្មការវេជ្ជសាស្ត្រ និង​វិទ្យាសាស្ត្រកីឡានៃគណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជា បានទទួល​មរណភាព​វេលាម៉ោង​៨ព្រឹក​នៅមន្ទីរពេទ្យខ្មែរសូវៀត នា​ថ្ងៃទី​២២ ខែមីនា នេះ ពោលគឺក្រោយមួយថ្ងៃ ពេលរកឃើញលោកវិជ្ជមាន​កូវីដ-១៩។

ភ្លាមៗក្រោយពេលចូលដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យពិនិត្យឃើញថា គាត់មានអាការហត់ខ្លាំង និងពិបាកដកដង្ហើម ព្រមទាំងមាន​ការវិវត្តយ៉ាងរហ័សទៅរកសភាពធ្ងន់ធ្ងរខ្លាំងក្នុងរយៈពេល​៣-៤ថ្ងៃមុនចូលមន្ទីរពេទ្យ ហើយគាត់មានជំងឺប្រចាំកាយលើសឈាមផងដែរ។

តាមការសន្និដ្ឋាន លោកបាន​ស្លាប់ដោយសារខ្សោយសួតធ្ងន់ធ្ងរខ្លាំង និង​រលាកសួត​សងខាង​ធ្ងន់ធ្ងរខ្លាំង ក្រោយកូវីដ-១៩ វាយលុក។ លោកស្តើង ជា មានអាសយដ្ឋាន​នៅ​ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការគណៈកម្មាធិការជាតិអូឡាំពិក​កម្ពុជា បានសម្តែងការសោកស្តាយចំពោះការបាត់បង់បុគ្គលមួយរូបដែលចូលរួមយ៉ាងសកម្ម​ក្នុងចលនាអូឡាំពិក​នៅ​កម្ពុជា នារយៈពេល​ជិត​២០ឆ្នាំកន្លងមកនេះ។ «កម្រិត​នៃការសោកស្តាយគឺខ្ពស់មែនទែន ដោយសារតែគាត់កំពុង​តែសកម្ម​ក្នុងការងារអូឡាំពិក លោកមានគុណូបការៈយ៉ាងខ្លាំងចំពោះចលនាអូឡាំពិកខ្មែរ ហើយ​កាន់តែតំណែងជាប្រធានគណៈកម្មការវេជ្ជសាស្ត្រយូរណាស់មកហើយ លោកក៏ជាប្រធានគណៈកម្មការវេជ្ជសាស្ត្រស៊ីហ្គេមផងដែរ»។

ករណីស្លាប់៣នាក់កន្លងមក មាន បុរសអាយុ៥០ឆ្នាំ កាលពីថ្ងៃទី១១ ខែមីនា, ស្ត្រីអាយុ៦២ឆ្នាំ និងបុរសអាយុ៤៦ឆ្នាំ កាលពីថ្ងៃទី១៩ ខែមីនា៕

© រក្សាសិទ្ធិដោយ thmeythmey.com