ជាតិ
ពីនេះ ពីនោះ
ឧបករណ៍នេសាទដែលនាំចូលពីប្រទេសជិតខាងកាលពី ១៥០ ឆ្នាំមុន
22, Mar 2021 , 6:59 pm        
រូបភាព
សកម្មភាពនៃការលើកត្រីចេញពីទឹក ដែលចាប់បានដោយឧបករណ៍នេសាទឧស្សាហកម្ម  «ដាយត្រី» នៅតាមដងទន្លេសាប។ រូបភាព៖ ឈុត ឈាណា
សកម្មភាពនៃការលើកត្រីចេញពីទឹក ដែលចាប់បានដោយឧបករណ៍នេសាទឧស្សាហកម្ម «ដាយត្រី» នៅតាមដងទន្លេសាប។ រូបភាព៖ ឈុត ឈាណា
ដោយ:
ភ្នំពេញ៖ ឧបករណ៍នេសាទឧស្សាហកម្ម ដែលត្រូវបានគេស្គាល់នៅក្នុងប្រទេសកម្ពុជា ថាជា «ដាយត្រី» ត្រូវបាន នាំចូលមកពីប្រទេសវៀតណាម មកក្នុងប្រទេសកម្ពុជា អស់រយៈពេលជិត ១៥០ ឆ្នាំកន្លងមកហើយ។ ឧបករណ៍នេសាទ «ដាយត្រី»  ត្រូវបានគេដាក់ឲ្យដំណើរការនៅភាគខាងជើងរាជធានីភ្នំពេញ ស្ថិតនៅផ្នែកខាងក្រោម តាមបណ្តោយដងទន្លេសាប ប្រវែងជាង ៣៥ គីឡូម៉ែត្រ។ «ដាយត្រី» ត្រូវបានគេដាក់ដំណើរការនេសាទត្រី ជារៀងរាល់ឆ្នាំ ចាប់ពីដើមខែតុលា ដល់ដើមខែមីនា នៅពេលទន្លេមេគង្គស្រកចុះ។ ឧបករណ៍នេសាទ «ដាយត្រី» ចាប់បានត្រីចម្រុះប្រភេទ រួមទាំងត្រីរៀល ផងដែរ ដែលពួកវាធ្វើចរាចរផ្លាស់ទីចេញពីប្រព័ន្ធបឹងទន្លេសាប ទៅទន្លេមេគង្គ។

 
ផលចាប់ត្រី ដែលនេសាទបានដោយ «ដាយត្រី» ជាទូទៅត្រូវបានគេយកទៅធ្វើឱ្យប្រហុក ផ្អក និងត្រីឆ្អើរ។ តាមប្រពៃណី នៃការធ្វើប្រហុក ប្រជាជនកម្ពុជា កាត់ក្បាលត្រីរៀល ដោយដៃម្តងមួយៗ។ បន្ទាប់មក គេដាក់ខ្លួនត្រីចូលទៅក្នុងកន្ត្រក ឬជាល ហើយនាំយកទៅជាន់ដោយជើង នៅលើស្ពានឈើបោះតាមច្រាំទន្លេ ដើម្បីសម្អាតស្រកា និងខ្លាញ់ត្រី បន្ទាប់មកយកទៅសំដិលហាលឲ្យស្រស់ទឹក មុននឹងបន្តនាំយកទៅដាក់អំបិលផ្អាប់ទុក។ បច្ចុប្បន្ននេះ ដោយសារបចេ្ចកវិទ្យាទំនើប ដំណើរការនៃការធ្វើត្រីប្រហុក មានភាពងាយស្រួលជាងមុន។ ត្រីត្រូវបានដាក់ចូលក្នុងម៉ាស៊ីន។ ម៉ាស៊ីនដំបូងគេ ដំណើរការដូចនឹងម៉ាស៊ីនកិនផ្លែឈើ ដើម្បីបំបែកក្បាលត្រី សម្អាតស្រកា និងខ្លាញ់ចេញពីត្រី។ ម៉ាស៊ីនបន្ទាប់ មានមុខងាររែងដើម្បីញែក កម្ទេចក្បាលត្រី និងខ្លូនត្រីចេញពីគ្នា មុននឹងយកទៅប្រឡាក់អំបិល។
 
នៅក្នុងវីដេអូនេះ យើងស្វែងយល់អំពីដំណើរការគួរឱ្យចាប់អារម្មណ៍ទាំងមូល នៃការធ្វើប្រហុក។ យើងលើកទឹកចិត្តលោកអ្នកចូលទស្សនា និងស្វែងយល់អំពីការធ្វើនេសាទដោយឧបករណ៍នេសាទ «ដាយត្រី» របស់ជនជាតិខ្មែរយើងបន្ថែមទៀត។
 
សូមធ្វើដំណើរជាមួយគម្រោង អច្ឆរិយភាពនៃទន្លេមេគង្គ ដើម្បីស្វែងយល់បន្ថែមទៀត អំពីបឹងទន្លេសាបនិងប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គ ដែលមានតែមួយគត់ និងសូមចែករំលែព័ត៌មាននៃភាពអស្ចារ្យជាប្រវត្តិសាស្រ្ត នៃការនេសាទ ដោយឧបករណ៍នេសាទឧស្សាហកម្ម «ដាយត្រី» នេះ៕ សូមចុចលើតំណភ្ជាប់នេះ ដើម្បីចូលទៅទស្សនាវីដេអូ https://youtu.be/WEiwpyZhbuU
 

© រក្សាសិទ្ធិដោយ thmeythmey.com