ពីនេះ ពីនោះ
កូវីដ៖ កុំគ្រាន់តែនិយាយថាខ្លាច ហើយនៅតែជុំគ្នាផឹកស៊ីរញ៉េរញ៉ៃដដែល!
23, Mar 2021 , 10:07 am        
រូបភាព
ដោយ: ថ្មីៗ
សំណាង និងសុធីរ នៅតែបន្តជជែកគ្នាពីរឿងកូវីដដដែល ព្រោះ មេរោគនេះ មិនទាន់ទៅណាឆ្ងាយពីកម្ពុជានៅឡើយ។ បារម្ភ, ខ្លាច, ភ័យ, ស្លន់ស្លោ…សុទ្ធសឹងតែជាអ្វីដែលកើតឡើងនៅក្នុងអារម្មណ៍បុគ្គលម្នាក់ៗ។ សុធីរ និងសំណាង ជជែកគ្នាជុំវិញក្តីបារម្ភទាំងនេះ។

 
សំណាង៖ អា សុធីរ! អញមើលទៅ អ្នកខ្លះដូចជាមិនខ្លាចមេរោគកូវីដហ្នឹងសោះអ្ហា! អ្ហែងខ្លាចឬទេ? 
 
សុធីរ៖ បើអ្ហែងសួរអញ អញឆ្លើយថា អញបារម្ភ ហើយខ្លាចទៀត។ បារម្ភ និងខ្លាចបូកបញ្ចូលគ្នានាំឲ្យអញប្រយ័ត្នប្រយែង។ អានេះ អញនិយាយពីខ្លួនអញ។ តែបើអ្នកខ្លះ អញលឺតែខ្លាច ស្លន់ស្លោ តែហាក់បីដូចជាមិនប្រយ័ត្នអីផង។ 
 
សំណាង៖ អញសង្កេតឃើញដូចអ្ហែងដែរ។ អ្នកខ្លះនិយាយថា  ខ្លាចណាស់ តែហ៊ានណាស់។ ហ៊ាន ព្រោះ ពួកគេនៅបន្តដើរផឹកស៊ីគ្រប់ទីកន្លែង បន្តទៅកន្លែងប្រមូលផ្តុំ បន្តមិនសូវពាក់ម៉ាស់ បន្តច្រៀងការ៉ាអូខេ។ល។និយាយជារួម ពួកគេហ្នឹង ពេលខ្លះ សរសេរនៅលើហ្វេសប៊ុកប្រាប់គេថា Stay home, stay safe! សរសេរគ្រាន់តែសរសេរ តែពួកគេមិនសូវប្រយ័ត្នប្រយែងឡើយ ឬសរសេរហើយ ដើរទៅក្រៅបាត់ក៏មាន។ 
 
សុធីរ៖ ចុះបើតាមយោបល់អ្ហែង អ្ហែងគិតម៉េចទៅវិញ? 
 
សំណាង៖ បើតាមយោបល់អញ ខ្លាច និងបារម្ភចំពោះមេរោគកូវីដមិនគ្រប់គ្រាន់ទេ។ តែយើងត្រូវប្រយ័ត្ន និងគោរពគោលការណ៍សុវត្ថិភាពជាចម្បង។ យើងម្នាក់ៗត្រូវចូលរួមទប់ស្កាត់ និងកាត់បន្ថយការរាតត្បាតនៃមេរោគនេះ។ អត់មាននរណាអាចជួយបានទេ មានតែយើងគ្រប់គ្នាហ្នឹងហើយ។ កុំនាំគ្នាស្រែកថា ខ្លាចៗ តែនាំគ្នាធ្វើជាភ្នាក់ងារចម្លងមេរោគតាមរយៈសកម្មភាពផឹកស៊ី និងដើររហេតរហូតគ្រប់ទីកន្លែង។
 
សុធីរ៖ ហ៊ឺ! ពិបាកណាស់អា សំឡាញ់។ មេរោគហ្នឹងកំពុងតែសម្លាប់ជីវិតមនុស្សផង និងជីវិតសេដ្ឋកិច្ចផង។ មិនដឹងជាយ៉ាណ៎ា យ៉ាងណីទេ។ 
 
សំណាង៖ អើ ដូចអ្ហែងឃើញអ៊ីចឹង កូវីដបានឆក់យកជីវិតមនុស្ស៤នាក់ហើយនៅកម្ពុជា ហើយ ជំនួញច្រើនរយកន្លែងត្រូវបានប្រកាសក្ស័យធន។ មិនមែនជារឿងលេងសើចទេ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com