កីឡាជាតិ
ជាតិ
កីឡដ្ឋានមរតកតេជោបំពាក់កៅអីបាន១២០០០ហើយ
23, Mar 2021 , 7:59 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុករបស់ CAMSOC
រូបភាពពីទំព័រហ្វេសប៊ុករបស់ CAMSOC
កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោបានបំពាក់កៅអីសម្រេចបាន១២០០០កន្លែង និងដាំស្មៅក្នុងទីលានរួចរាល់ហើយ។ ដំណើរការសាងសង់ នឹងបន្តដើម្បីសម្រេចតាមផែនការកំណត់ បើទោះកម្ពុជាស្ថិតនៅក្នុងវិបត្តិជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ ដែលបង្កដោយព្រឹត្តិការណ៍សហគមន៍២០កុម្ភៈក្តី។


លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) រៀបរាប់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ CAMSOC ដែលបានបង្ហោះនៅថ្ងៃទី២៣ ខែមីនា ដើម្បីបង្ហាញពីបច្ចុប្បន្នភាពអំពីដំណើរការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ។
 
មន្ត្រី CAMSOC រូបនេះ អះអាងថា ពហុកីឡដ្ឋាននេះកំពុងបន្តការសាងសង់ដោយរលូន ហើយអាចនឹងបញ្ចប់ការសាងសង់នាអំឡុងចុងខែឧសភា ឆ្នាំ២០២១។ លើសពីនោះការដំឡើងកៅអី និងដាំស្មៅក្នុងកីឡដ្ឋានសម្រេចបានផ្លែផ្កាច្រើន។
 
«ពេលនេះ ការបំពាក់កៅអីអង្គុយ សម្រាប់កីឡដ្ឋានធំ (Main Stadium) សម្រេចបានជាង១២,០០០កៅអីហើយ គឺនៅសល់តែជាង៤០០០០កៅអីទៀតប៉ុណ្ណោះ ដោយក្នុង១ថ្ងៃៗ ដំឡើងបានប្រមាណ៨០០កៅអី។ ចំពោះការដាំស្មៅលើទីលានបាល់ទាត់ គឺបានដាំពេញទីលានរួចរាល់ហើយ នៅសល់តែផ្លូវរត់អត្តពលកម្មអមជុំវិញទីលានបាល់ទាត់ប៉ុណ្ណោះ ដែលតាមផែនការរៀបចំតុបតែងនានា កំពុងពន្លឿនឲ្យបានឆាប់រហ័សផងដែរ»។
 
លោក វ៉ាត់ ចំរើន បន្ថែមថាដើម្បីសម្រេចតាមផែនដែលបានគ្រោងទុក ទាំងវិស្វករ កម្មករចិន-ខ្មែរទាំងអស់ ត្រូវបានអនុវត្តវិធានការបង្ការជំងឺកូវីដ-១៩ ដោយមិនអនុញ្ញាតឲ្យចេញចូលនោះទេ ពោលគឺស្នាក់នៅ ហូបចុក នៅទីកន្លែងការងារផ្ទាល់តែម្តង។ 
 
ពហុកីឡដ្ឋានជាតិមរតកតេជោ ជាកន្លែងរៀបចំពិធីបើក-បិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com