ជាតិ
ក្រសួងវប្បធម៌ បដិសេធគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនណាហ្គា នៅតំបន់រមណីយដ្ឋានអង្គរ
23, Mar 2021 , 5:04 pm        
រូបភាព
សៀមរាប៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ  ដោយមានកិច្ចប្រជុំឆ្លងយោបល់ជាមួយអ្នកជំនាញជាតិ និងអន្ដរជាតិ បានសម្រេចមិនឱ្យក្រុមហ៊ុនណាហ្គា អភិវឌ្ឍន៍គម្រោងដ៏ធំក្នុងតំបន់រមណីយដ្ឋានអង្គរទេ។ ក្រសួងមើលឃើញថា គម្រោងនេះអាចនឹងប៉ះពាល់ដល់តម្លៃបេតិកភណ្ឌដ៏អស្ចារ្យរបស់រមណីយដ្ឋានអង្គរ

 
រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ុំ ម៉ាប់ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនារសៀលថ្ងៃទី២៣ មីនានេះថា ក្រសួងសម្រេចមិនឱ្យគម្រោង «បឹងអច្ឆរិយៈអង្គរ» របស់ក្រុមហ៊ុនណាហ្គា អនុវត្តក្នុងតំបន់រមណីយដ្ឋានអង្គរ ដោយសារគម្រោងនេះហាក់ធំពេក។ លោកពន្យល់ថា៖« គម្រោងហ្នឹងវាធំពេក តាមពិតរមណីយដ្ឋានអង្គររបស់យើងជាកន្លែងគោរពសក្ការៈ ភាគច្រើនជាកន្លែងស្ងប់ស្ងាត់ កន្លែងគោរពជំនឿសាសនាតាមប្រពៃណី ហើយដល់គម្រោងគាត់ដាក់មកធំពេក វាមានបឹងផង វាមានសួនទឹកផង មានកន្លែងផ្សាររាត្រី សកម្មភាពហ្នឹងវាមិនខុសអីពីវប្បធម៌ទេ តែវាទំនើបកម្មពេក វាមិនស្របជាមួយរមណីយដ្ឋានអង្គរ»។
 
លោក ស៊ុំ ម៉ាប់ បន្ថែមថា គម្រោងនេះ មិនស័ក្ដិសមនឹងគុណតម្លៃនៃរមណីយដ្ឋានអង្គរនោះ ដោយសារវាមានទំហំធំធេងពេក។ យ៉ាងណា លោក ស៊ុំ ម៉ាប់ ប្រាប់ថា ក្រសួងនឹងពិចារណា ប្រសិនបើក្រុមហ៊ុនណាហ្គា ស្នើសុំអភិវឌ្ឍន៍ជាថ្មីជាមួយនឹងគម្រោងសមស្របណាមួយនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖‍ ទៅថ្ងៃអនាគតបើគាត់កែធ្វើត្រឹមអូតែល ប្រហែលទៅរួច ព្រោះនៅកន្លែងក្បែរនោះមានអូតែលអីដែល យើងអាចពិនិត្យ ជូនយោបល់ទៅរដ្ឋាភិបាលទៀតទៅ»។
 
ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលចេញផ្សាយនៅរសៀលថ្ងៃទី២៣ មីនា បានរៀបរាប់ពីកិច្ចប្រជុំមួយចំនួន ជុំវិញគម្រោងរបស់ក្រុមហ៊ុនណាហ្គា។ គម្រោងនេះបានដាក់បង្ហាញក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ នៅថ្ងៃទី២៧ មករា  និងមានការផ្តល់យោបល់ជាច្រើនពីអ្នកជំនាញការ អាដហុក អាយស៊ីស៊ី-អង្គរ។ លិខិតខាងលើបញ្ជាក់ថា ក្នុងកិច្ចប្រជុំខាងលើ និងលទ្ធផលកិច្ចប្រជុំពិសេសចំនួន២លើក ដែលធ្វើនៅថ្ងៃទី២២ កុម្ភៈ និងថ្ងៃទី៤ មីនា ក្រសួងវប្បធម៌មានជំហរស្របគ្នាជាមួយគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងយោបល់ពីអ្នកជំនាញអាដហុក ហើយយល់ឃើញថា គម្រោងអភិវឌ្ឍន៍ បឹងអច្ឆរិយៈអង្គរ ដែលស្នើដោយក្រុមហ៊ុនណាហ្គា ពុំអាចអនុវត្តបានទេ នៅក្នុងបរិបទនេះ។
 
គួរបញ្ជាក់ថា ក្រុមហ៊ុនណាហ្គាខប (NAGA CORP) នាអំឡុងខែ វិច្ឆិកា ឆ្នាំ២០២០ បានប្រកាសពីគម្រោងអភិវឌ្ឍន៍មួយឈ្មោះថា «បឹងអច្ឆរិយៈអង្គរ» ដែលជាគម្រោងអភិវឌ្ឍន៍ថ្មីស្ថិតនៅចំងាយ៥០០ម៉ែត្រពីរមណីយដ្ឋានអង្គរ។ គម្រោងនេះមានតម្លៃ ៣៥០លានដុល្លារ លើទំហំផ្ទៃដី៧៥ហិកតា៕
 
 

Tag:
 អង្គរ
  ណាហ្គា
  បឹងអច្ឆរិយៈអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com