ពីនេះ ពីនោះ
«ចង់ដឹងរឿងគេ ជាងរឿងខ្លួនឯង»ជាកំហុសឬទេ?
24, Mar 2021 , 10:21 am        
រូបភាព
ដោយ: ថ្មីៗ
សំណាង និងសុធីរ នៅតែបន្តរក្សាគម្លាតដែលកំណត់ដោយក្រសួងសុខាភិបាលដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ។ ក្លើទាំងពីរនឹកហាងកាហ្វេដែលធ្លាប់ក្រេបដែរ។ តែមិនអាចទៅបានដោយបារម្ភខ្លាចមេរោគកូវីដ។ ដូច្នេះ មិត្តសំឡាញ់ទាំងពីរបានត្រឹមជជែកគ្នាតាមបណ្តាញសង្គម។ ថ្ងៃនេះ សំណាង និង សុធីរ លើកយកប្រធានបទ៖«ចង់ដឹងរឿងគេ ជាងរឿងខ្លួនឯង»មកជជែកគ្នា។


 
សំណាង៖ អា សុធីរ! ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅលើបណ្តាញសង្គម គេជជែកគ្នាច្រើនរឿងថា ហេតុអ្វីបានជាមហាជនច្រើនគួរសមនាំគ្នាតាមដានរឿងបុគ្គល រឿងគ្រួសារជាជាងតាមដានរឿងសង្គមទាំងមូល រឿងអប់រំ ឬប្រធានបទដែលផ្តល់ជាចំណេះដឹងទៅវិញ។ ហេតុអ្វី? 
 
សុធីរ៖ បើចង់ដឹងរឿងគេមានអីខុស។ រឿងយើង យើងដឹងរួចហើយ ដូច្នេះ ជាលក្ខណៈសត្យានុម័ត មានតែចង់ដឹងរឿងគេទើប«សប្បាយ»។ 
 
សំណាង៖ អានេះ និយាយលេងសើចម៉េ្លះ!។ អារឿងហ្នឹងអញដឹងថា វាអ៊ីចឹងហើយ តែអ្វីដែលអញចង់ដឹងគឺថា ហេតុអីសង្គមយើង ឬមហាជនយើងចង់ដឹងតែពីរឿងបុគ្គលអ៊ីចឹង? មានប្រយោជន៍អីទៅ? 
 
សុធីរ៖ អើបើអ្ហែងសួរដេញដោលអញអ៊ីចឹង អញសាកល្បងឆ្លើយបន្តិចទៅចុះ ហើយវាមិនមែនជាគំនិតអញទៅទៀត។ មិត្តភក្តិអញម្នាក់ ជាអ្នកសារព័ត៌មាន ជាង២០ឆ្នាំមកហើយធ្លាប់បាននិយាយប្រាប់អញថា មនុស្សយើងចាប់អារម្មណ៍លើប្រធានបទ៣ដែលទាក់ទងទៅនឹងរឿងលុយ សេ្នហា និងអំណាច។ បើលុយកាន់តែច្រើន គេកាន់តែចង់ដឹង ហើយបើរឿងលុយនោះជារឿងអាស្រូវទៀត គេរឹតតែចង់ដឹងថែមទៀត។ បើរឿងស្នេហារបស់មនុស្សកាន់តែល្បី គេកាន់តែចង់ដឹង។ បើមានអំណាចកាន់តែធំ ឬខ្ពស់ គេកាន់តែចាប់អារម្មណ៍។ សរុបសេចក្តីមកវិញ ស្នេហា លុយ និងអំណាចនេះ គឺជាអ្វីមហាជនចង់ដឹង ហើយវាជាអារម្មណ៍មកពីធម្មជាតិរបស់មនុស្ស។ មិត្តអញជាអ្នកកាសែតប្រាប់ថាអ៊ីចឹង ត្រូវមិនត្រូវ អ្ហែងជឿមិនជឿ អញមិនដឹងទេ។ 
 
សំណាង៖ អ្ហែងឆ្លើយមកហ្នឹងត្រឹមត្រូវតែម្តង។ ចុះអញសួរមួយសំណួរទៀត ហេតុអ្វីបានជាមនុស្សចង់ដឹងតែរឿងគេ ជាពិសេសរឿងបុគ្គល? 

សុធីរ៖ ជាលក្ខណៈធម្មជាតិ មនុស្សយើងចូលចិត្តចង់ដឹង ចង់ស្តាប់រឿងរបស់គេ ហើយចង់ដឹង និងចង់ស្តាប់តែរឿងអាក្រក់របស់គេថែមទៀត។ ផ្ទុយទៅវិញ រឿងអាក្រក់របស់ខ្លួនឯង មិនចង់ឲ្យគេដឹងឡើយ។ អានេះ ក៏ជារឿងធម្មជាតិដែរ។ ដោយសារតែហេតុផលនេះហើយ ទើបមានពាក្យថា អ្នកនេះ ឬអ្នកនោះ ចូលចិត្តនិយាយដើមគេ ឬអេចអូចពីគេ។ ម្យ៉ាងទៀត អ្ហែងធ្លាប់ឃើញហើយថា អ្នកខ្លះចូលចិត្តតែនិយាយរិះគន់គេឯងរាល់ថ្ងៃ តែខ្លួនឯងវិញ អត់ចង់ធ្វើអ្វីសោះ។ ការងារខ្លួនឯងមិនចង់គិត មិនចង់ដឹង មិនចង់ធ្វើ ចង់តែអង្គុយរិះគន់គេ។ និយាយជារួម បុគ្គលមួយចំនួនចូលចិត្តមើលតែកំហុសគេ តែមិនពិនិត្យកំហុសខ្លួនឯងឡើយ។ បុគ្គលក្រុមនេះ គេច្រើនហៅថា ក្រុមទ្រឹស្តីនិយម ឬរិះគន់និយម។ មើលគេឃើញខុសរហូត តែខ្លួនឯង អត់ធ្វើអីសោះ។ 

សំណាង៖ ចុះហេតុអ្វីបានជាមហាជនមិនចង់ដឹងពីប្រធានបទអប់រំផ្សេងៗ? 

សុធីរ៖ អានេះ សួររឿងហ្នឹងទៀតហើយ។ អញទទួលស្គាល់ថា ប្រធានបទអប់រំ(រៀនសូត្រ)ពិតជាជួយអភិវឌ្ឍបុគ្គលម្នាក់ៗមែន។ តែគេមិនសូវចង់ដឹង ឬស្តាប់ទេរឿងអប់រំ ឬរឿងសង្គមមានប្រយោជន៍នោះទេ។ បើគេចង់ដឹង ក៏វាមានកម្រិតតិចតួចដែរ ព្រោះ អាន ឬស្តាប់រឿងអប់រំ ធ្វើឲ្យក្បាលស្តុក ឬធ្វើឲ្យឈឺក្បាលតើ! 
 

© រក្សាសិទ្ធិដោយ thmeythmey.com