Honda៖ ខ្ញុំមានកិត្តិយសណាស់ដែលបានបន្តដឹកនាំគោព្រៃកម្ពុជាដល់ស៊ីហ្គេម ២០២៣
កីឡាជាតិ
ជាតិ
Honda៖ ខ្ញុំមានកិត្តិយសណាស់ដែលបានបន្តដឹកនាំគោព្រៃកម្ពុជាដល់ស៊ីហ្គេម ២០២៣
24, Mar 2021 , 2:44 pm        
រូបភាព
«ខ្ញុំមានកិត្តិយសដែលបានបន្តកិច្ចសន្យាជាមួយក្រុមជម្រើសជាតិកម្ពុជារហូតដល់ឆ្នាំ ២០២៣ ខណៈដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម»។ នេះជាការអះអាងរបស់លោក Keisuke Honda លើបណ្តាញសង្គម twitter ផ្ទាល់របស់ខ្លួន ដោយប្តេជ្ញាធ្វើការឱ្យអស់ពីសម្ថភាដើម្បីជួយគោព្រៃកម្ពុជា។


សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅថ្ងៃទី២៤ ខែមីនា នេះ បានប្រកាសថា អតីតខ្សែបម្រើឆ្នើមជម្រើសជាតិជប៉ុន រួមទាំងសហការី យល់ព្រមបន្តកិច្ចព្រមព្រៀងថ្មី ក្នុងដឹកនាំក្រុមជម្រើសជាតិកម្ពុជា ទាំងឈុតធំ និងក្រោមអាយុ២៣ឆ្នាំ ដើម្បីឆ្ពោះទៅស៊ីហ្គេម (Sea Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
 
ក្រោយយល់ព្រមបន្តកិច្ចសន្យារហូតដល់ឆ្នាំ២០២៣ Honda ដែលទើបចូលរួមជាមួយក្លិប Neftci PFK នៃលីគកំពូលអាស៊ែបៃហ្សង់ បានសរសេរលើបណ្តាញសង្គម twitter ថារូបគេពិតជាមានកិត្តិយសណាស់ក្នុងការបន្តកិច្ចការដើម្បីដឹកនាំគោព្រៃទៅកាន់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅឆ្នាំ២០២៣។


 
Honda វ័យ៣៤ឆ្នាំ ដែលធ្លាប់បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន ថាលោកចង់ឲ្យក្រុមកម្ពុជាមានរបៀបលេងថ្មី និងជួយផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោកផងនោះ ថែមទាំងប្តេជ្ញាប្រឹងប្រែងក្នុងការដឹននាំក្រុមឱ្យអស់ពីសម្ថភាពតែម្តង។ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ Keisuke Honda សរសេរដូច្នេះថា៖ «ខ្ញុំនឹងខំបន្តធ្វើអោយអស់ពីសមត្ថភាពរបស់ខ្ញុំ សូមអរគុណចំពោះការគាំទ្រកន្លងមក!»។
 
Honda កីឡាករជប៉ុនតែមួយគត់ដែលរកគ្រាប់បាល់បាននៅ World Cup ៣ព្រឹត្តិការណ៍ផ្សេងគ្នា និងមានប្រវត្តិលេងឱ្យក្លិបចំនួន១០ នៅ៨ប្រទេស បានក្លាយជាអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជាចាប់តាំងពីឆ្នាំ២០១៨មក ដោយសហការជាមួយគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន លោក Felix Dalmas៕
 

Tag:
 Keisuke Honda
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com