ជាតិ
សេដ្ឋកិច្ច
ក្រសួងកសិកម្ម កំពុងរឹតបន្តឹងផ្នែកច្បាប់ និងបច្ចេកទេស ជុំវិញការនាំចូលត្រី
24, Mar 2021 , 8:59 pm        
រូបភាព
លោក ពុំ សុថា ប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម។ រូបថត៖ ក្រសួងកសិកម្ម
លោក ពុំ សុថា ប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម។ រូបថត៖ ក្រសួងកសិកម្ម
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងចាត់វិធានការរឹតបន្តឹង លើផ្នែកច្បាប់ និងផ្នែកបច្ចេកទេស នៃការនាំចូលត្រីពីបរទេស ពិសេសពីប្រទេសវៀតណាម ចូលទីផ្សារកម្ពុជា។ នេះជាការលើកឡើង របស់លោក ពុំ សុថា ប្រធានរដ្ឋបាលជល នៃក្រសួងកសិកម្ម ដោយលោកបន្តបញ្ជាក់ថា ចំណាត់ការនេះ គឺឡើងធ្វើភ្លាមៗ បន្ទាប់ពីកិច្ចប្រជុំអន្តរក្រសួង រវាងក្រសួងកសិកម្ម, ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំពោះបញ្ហាប្រឈមទីផ្សារត្រី នៃវិស័យវារីវប្បកម្មនៅកម្ពុជា កាលពីថ្ងៃទី២២មីនា ឆ្នាំ២០២១។

 
បើតាមលោក ពុំ សុថា ការរឹតបន្តឹងផ្នែកច្បាប់ និងបច្ចេកទេស ចំពោះអាជីវករ ឬឈ្មួញនាំចូលត្រីនេះ គឺធ្វើឡើងទន្ទឹមនឹងគ្នា ដោយឆ្លុះបញ្ចាំងអំពីគុណភាព និងសុវត្ថិភាពត្រីនាំចូល, ឆ្លុះបញ្ចាំងពីបរិមាណនាំចូលត្រីឱ្យស្រប ទៅតាមលិខិតអនុញ្ញាតរបស់អាជ្ញាធរ, មានការបង់ពន្ធនាំចូលត្រីត្រឹមត្រូវ និងធានាមិនឱ្យមានករណីលួចនាំចូលត្រី តាមច្រករបៀងណាមួយឡើយ។ ជាមួយគ្នានេះ ក្រសួងកសិកម្ម ក៏បន្តស្នើឱ្យអាជីវករគ្រប់រូប ជួយប្រមូលទិញត្រីនានា របស់វារីវប្បករ ដែលមានសិបពាន់តោន កំពុងកកស្ទះនៅក្នុងស្រះ នាពេលបច្ចុប្បន្ន។ ពិសេសត្រីពោ, ត្រីឆ្តោ និងប្រា ជាដើម។ លោក សុថា បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះ តាមទូរសព្ទ។ 
 
ដើម្បីជ្រាបច្បាស់ស្តាប់ប្រសាសន៍របស់លោក ពុំ សុថា រដ្ឋបាលជលផល ក្នុងបទសម្ភាសជាមួយ កញ្ញាអ៊ូ សុខមាន នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖ 




 
 
សូមជម្រាបថា កិច្ចប្រជុំអន្តរក្រសួងអន្តរក្រសួងកសិកម្ម ក្រសួងសេដ្ឋកិច្ច និងក្រសួងពាណិជ្ជកម្ម ដែលដឹកនាំដោយ លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងជាអគ្គលេខាធិការគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២២មីនា នោះ គឺធ្វើឡើងក្នុងបំណងស្វែងរកដំណោះស្រាយ នៃបញ្ហាកង្វះទីផ្សារត្រី និងការធ្លាក់ចុះត្រី(ត្រីពោ,ត្រីប្រា,ត្រីអណ្តែង និងត្រីឆ្តោ) ដែលកំពុងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់វារីវប្បករក្នុងស្រុក។ លោក ផាន់ ផល្លា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ នាថ្ងៃទី២៤មីនា ថា កិច្ចប្រជុំនេះ នឹងធ្វើឡើងជាបន្តបន្ទាប់ រហូតមានដំណោះស្រោយល្អប្រសើរណាមួយ រវាងវារីវប្បករ និងអាជីវករ។ លោក បានបញ្ជាក់ដូច្នេះ៖«លទ្ធផលនៃកិច្ចប្រជុំអន្តរក្រសួងនេះ នឹងដាក់ឱ្យអនុវត្តនាពេលដ៏ខ្លីខាងមុខនេះ ដោយធានាឱ្យបាននូវផលប្រយោជន៍រវាង អាជីវករ និងវារីវប្បករ ប្រកបដោយចីរភាព»។ 
 
 
ដោយឡែក កាលពីថ្ងៃទី១៨មីនា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  បានដាក់លិខិតស្នើសុំសម្តេច ហ៊ុន សែន ដើម្បីអនុវត្តគោលការណ៍លើការដាក់លក្ខខណ្ឌ ឱ្យអាជីវករ ឬឈ្មួញនាំចូលត្រីពីបរទេស ត្រឹមបរិមាណ៥០ភាគរយ និង ប្រមូលទិញត្រី ពីវារីវប្បករនៅក្នុងស្រុកចំនួន៥០ភាគរយ សម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ។ 
 
ការដាក់លិខិតស្នើសុំអនុវត្តគោលការណ៍ ពីសម្តេច ហ៊ុន សែននេះ គឺធ្វើឡើង បន្ទាប់ពីក្រសួងកសិកម្ម បានអន្តរាគមន៍ជាបន្តបន្ទាប់ ចំពោះបញ្ហាទីផ្សាររបស់វារីវប្បករ តាំងពីចុងឆ្នាំ២០២០ មកម្ល៉េះ។ ការអន្តរាគមន៍របស់ក្រសួងកសិកម្ម មានដូចជា ការអំពាវនាវឱ្យឈ្មួញជួយទិញត្រីនានា របស់វារីវប្បករដែលចិញ្ចឹមបាន  និងចំណាត់ការបិទការនាំចូលត្រីពោ ត្រីបា្រ ត្រីអណ្តែង និងត្រីឆ្តោ អស់រយៈពេល១ខែកន្លងមក ជាដើម។ ប៉ុន្តែ បញ្ហាជន់ជោរត្រី ឬគ្មានទីផ្សាររបស់វារីវប្បករក្នុងស្រុកនេះ នៅតែបន្តមានមកដល់ពេលបច្ចុប្បន្ន ពីព្រោះឈ្មួញធំៗមួយចំនួន មិនព្រមបញ្ជាទិញត្រីក្នុងស្រុក ដោយបន្តនាំចូលត្រីពីបរទេស ពិសេសពីប្រទេសវៀតណាមដ៏ច្រើនលើសលុប ចូលទីផ្សារកម្ពុជា។
 
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សមាគមន៍វារីវប្បករកម្ពុជា កាលពីថ្ងៃទី៥មីនា ឆ្នាំ២០២១  ត្រីប្រា ឆ្តោ ពោ និងត្រីអណ្តែង ដែលល្មមចាប់លក់ ដែលមាននៅក្នុងស្រះចំនួន មានជាង៩ពាន់តោន៕ 
 

Tag:
 កសិកម្ម
  ត្រី
  លោក ពុំ សុថា
© រក្សាសិទ្ធិដោយ thmeythmey.com