ជាតិ
លោក យ៉ង់ សាំងកុមារ៖ បើរដ្ឋរៀបចំផែនការមេជាក់លាក់ នឹងអាចទប់ទល់វិបត្តិកូវីដ-១៩ ដោយប្រសិទ្ធភាព
24, Mar 2021 , 9:59 pm        
រូបភាព
 (ឆ្វេង) លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល និងលោក យ៉ង់ សាំងកុមារ មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP)
(ឆ្វេង) លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល និងលោក យ៉ង់ សាំងកុមារ មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP)
ភ្នំពេញ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ស្នើឱ្យរដ្ឋាភិបាល រៀបចំផែនការមេជាក់លាក់ ដើម្បីទប់ទល់វិបត្តិកូវីដ-១៩។ រដ្ឋាភិបាល ឆ្លើយតបវិញថា រដ្ឋបានគិតគូ និងរៀបចំផែនការមេអស់ហើយ ប៉ុន្តែការអនុវត្តត្រូវផ្តោតលើបញ្ហាអាទិភាព។


គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មើលឃើញថា វិធានការរបស់រដ្ឋាភិបាល ក្នុងការជួយពលរដ្ឋនៅក្នុងវិបត្តិកូវីដ-១៩ ជាង១ឆ្នាំមកនេះ មិនទាន់ឆ្លើយតបនឹងស្ថានភាពជាក់ស្ដែងនៅឡើយទេ ។ លោក យ៉ង់ សាំងកុមារ បានសង្កត់ធ្ងន់ថា មូលហេតុដែលចំណាត់ការដោះស្រាយបញ្ហាពលរដ្ឋរបស់រដ្ឋាភិបាល មិនទាន់មានប្រសិទ្ធភាព ដោយសារតែខ្វះនៅផែនការមេជាក់លាក់។
 
ត្រង់ចំណុចនេះ មន្ត្រីជាន់ខ្ពស់បក្សប្រជាធិបតេយ្យដ្ឋាន ដែលតាមដានការអនុវត្តរបស់រដ្ឋាភិបាលនោះ បានពន្យល់ថា រដ្ឋបានយកថវិកាដោះស្រាយផ្នែកសង្គមកិច្ច តាមរយៈជួយពលរដ្ឋក្រីក្រ (ក្រ១ និងក្រ២) ជាដើម ប៉ុន្តែការជួយបែបនេះ មិនទាន់សមស្របតាមស្ថានភាពជាក់ស្ដែងឡើយ។ ស្ថានភាពជាក់ស្ដែង ដែលោក យ៉ង់ សាំងកុមារ លើកឡើងនេះ គឺការធ្វើបច្ចុប្បន្នភាពសង្គម ដោយការដាក់បញ្ចូលពលករមកពីក្រៅប្រទេស និងក្រុមអ្នករកស៊ីក្រៅប្រព័ន្ធ ដូចជាអ្នករត់ម៉ូតូឌុប សំណង់ និងប្រកបរបរតូចតាចជាដើម ចូលទៅក្នុងប្រព័ន្ធពលរដ្ឋរងគ្រោះ ដែលត្រូវបានថវិកាខ្លះ ដើម្បីដោះស្រាយបញ្ហាជីវភាពពួកគេ ក្នុងវិបត្តិកូវីដ-១៩ នេះ។ 
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានរូបនេះ បានពន្យល់ទៀតថា៖«ក្រុមពួកគាត់(អ្នករកស៊ីក្រៅប្រព័ន្ធ) ហ្នឹង កាលពីមុនមានការងារ មានប្រាក់ចំណូលទៀងទាត់ អ៊ីចឹងគាត់មានលុយ មានអី សម្រាប់បង់នេះ បង់នោះ បង់ធនាគារជាដើម។ ហើយឥឡូវពួកគាត់បាត់បង់ចំណូល បាត់បង់ការងារ ដែលយើងទាមទារឱ្យមានការសិក្សាឱ្យច្បាស់ថា ក្នុងចំណោមពួកគាត់ទាំងអស់ហ្នឹងមានប៉ុន្មាននាក់ ដែលមានទំហំប៉ះពាល់ប៉ុន្មាន ដើម្បីងាយស្រួលយើងជួយសម្រួលយ៉ាងម៉េច កុំឱ្យពួកគាត់មានបន្ទុកការបង់អ៊ីចឹងទៀត»។
 
ក្រៅពីបញ្ហាសង្គមកិច្ចនេះ ក៏នៅមានផ្នែកធុរកិច្ច និងកសិកម្មផងដែរ។ លោក យ៉ង់ សាំងកុមារ ព្យាយាមបកស្រាយទៀតថា សហគ្រាស សិប្បកម្ម និងកសិដ្ឋានខ្លះ មានសក្ដានុពលក្នុងការពង្រីកការផលិត ដែលអាចជំនួសការនាំចូល និងបង្កើតការងារក្នុងស្រុកថែម នៃវិបត្តិកូវីដ-១៩ នេះ ។ ប៉ុន្តែរដ្ឋាភិបាលមិនទាន់សិក្សានិងប្រមូលព័ត៌មាន ដើម្បីរៀបចំផែនការមេ ក្នុងជួយគាំទ្រដល់ការពង្រីកអាជីវកម្មពួកគេ ឱ្យអាចមានលទ្ធភាពផលិត សម្រាប់ជួយសេដ្ឋកិច្ចបានខ្លះ ក្នុងបរិបទនេះ។
 
«ទី២ ក្រុមអ្នករកស៊ី ពិសេសក្នុងវិស័យទេសចរណ៍ ដូចជាសណ្ឋាគារ ភោជនីដ្ឋាន ក្រុមហ៊ុនទេសចរណ៍ ។ល។ ព្រោះពួកគាត់ត្រូវឈរជើងជាប់នៅលើទីផ្សារ ដើម្បីឱ្យគាត់ងើបឡើងវិញទាន់ពេលកូវីដ-១៩ ចប់។ អ៊ីចឹងក៏យើងទាន់ឃើញមានវិធានការជួយជាក់លាក់ដែរ លើកលែងតែបញ្ហាជួយសម្រួលខ្លះទៅខាងធនាគារ ពន្ធដារ ប៉ុន្តែយើងត្រូវការជួយឱ្យច្រើនជាងហ្នឹង ដូចជាទុនថែមសម្រាប់គាត់យកទៅទប់ ដោះស្រាយដំណើការជាដើម»។ នេះជាការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលបានស្នើឱ្យរដ្ឋាភិបាល សិក្សាឱ្យបានទូលំទូលាយ ដើម្បីប្រមូលធាតុផ្សំនៃបញ្ហាពលរដ្ឋ រៀបចំជាកញ្ចប់មួយ ដើម្បីដោះស្រាយជាប្រព័ន្ធ ដោយមិនចាំបាច់ចាត់វិធានការជាដំណាក់កាលមួយៗ។
 
កន្លងមក រដ្ឋាភិបាល បានដោះស្រាយបញ្ហាពលរដ្ឋលំបាកក្នុងវិបត្តិកូវីដ-១៩ ដូចជាផ្ដល់ថវិការដល់ពលរដ្ឋក្រីក្រ , ផ្តល់ប្រាក់៤០ដុល្លារក្នុងមួយខែ សម្រាប់កម្មកររោងចក្រ១នាក់ ដែលបាត់បង់ការងារ, អនុគ្រោះពន្ធ ក៏ដូចជាស្នើឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ ជួយសម្រួលដល់ពលរដ្ឋ ក្នុងបង់សង់ត្រឡប់វិញជាដើម។
 
បន្ថែមពីលើនេះ លោក ផៃ ស៊ីផាន បានបកស្រាយតបការលើកឡើងរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានថា រដ្ឋបានគិតគូ និងរៀបចំផែនការមេហើយ ប៉ុន្តែវាមិនអាចដោះស្រាយជាកញ្ចប់ភ្លាមៗនោះទេ ពោលគឺត្រូវដោះស្រាយលើកិច្ចការអទិភាព ក្នុងស្ថានភាពជាក់ស្ដែង ។ 
 
អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ បានបកស្រាយតបថា៖«រដ្ឋាភិបាលយើងមានប្រតិទិនសកម្មភាព ហើយយើងចាត់ចែងលើការងារអាទិភាព តើអាទិភាពទី១ ទី២ ទី៣ ទី៤ នោះវាយ៉ាងម៉េច? ក្នុងដំណាក់កាលនេះ អាទិភាពទី១ សំខាន់បំផុត គឺការការពារកុំឱ្យការរាលដាលរឹតតែខ្លាំងឡើងក្នុងសហគមន៍ …។ អាទិភាពទី២ គឺយើងរក្សាមីក្រូសេដ្ឋកិច្ច គឺប្រយ័ត្នបំផុតមិនឱ្យមានការអស្ថិរភាពចរន្តថវិកាទេ ។ ការរក្សាចរន្តថវិកានេះ គឺយើងមិនឱ្យចុះតម្លៃប្រាក់ មិនឱ្យទំនិញឡើងខ្លាំង មិនឱ្យចាក់លុយចូលចរាចរណ៍ទីផ្សារ ដែលនាំឱ្យខាតលុយច្រើន …»។
 
នៅពេលសួរថា តើកម្មករ ពលករខ្មែរមកពីបរទេស ក្នុងបរិបទកូវីដ-១៩ រដ្ឋាភិបាល មានយកចិត្តទុកដាក់ដោះស្រាយបញ្ហាជីវភាពពួកគេដែរទេ? លោក ផៃ ស៊ីផាន ឆ្លើយតបភ្លាមវិញថា រដ្ឋាភិបាល តាមរយៈក្រសួងសង្គមកិច្ច បានទម្លាក់ថវិកាជួយដោះស្រាយបញ្ហាពួកគេហើយ ។ មិនតែប៉ុណ្ណោះរដ្ឋ ក៏កំពុងទាញអ្នកវិនិយោគ ក៏ដូចជាអនុម័តគម្រោងវិនិយោគនានា ដើម្បីអាចផ្ដល់ឱកាស និងបង្កើតការងារឱ្យពលរដ្ឋ និងពលករខ្មែរត្រឡប់មកវិញដែរ។ បើតាមលោក ផៃ ស៊ីផាន ការអនុវត្តការងារអាទិភាពក្នុងបរិបទកូវីដ-១៩ ជាកិច្ចការសំខាន់។
 
កន្លងមកអ្នកបម្រើការងារសេវាកម្មកម្សាន្ត ក៏ស្នើឲ្យរដ្ឋាភិបាលឧបត្ថម្ភប្រាក់៤០ដុល្លារ ដើម្បីសម្រួលដល់ការលំបាក ខណៈវិស័យការងាររបស់ពួកគេ បានបិទស្ទើទាំងស្រុងនៅអំឡុងកូវីដ-១៩។មូលហេតុដែលពួកគេស្នើសុំនេះ ដោយសារខ្លួនកំពុងរងគ្រោះ ស្ទើតែគ្មានម្ហូបអាហារបរិភោគគ្រប់គ្រាន់ឡើយ។
 
សម្រាប់លោក យ៉ង់ សាំងកុមារ នៅតែគិតថា បើរដ្ឋាភិបាលរៀបចំផែនការមេជាក់លាក់នោះ នឹងអាចដោះស្រាយបញ្ហាជីវភាពពលរដ្ឋ និងសង្គ្រោះអាជីវកម្ម សេដ្ឋកិច្ចបានជាកញ្ចប់តែម្ដង នៅក្នុងវិបត្តិកូវីដ-១៩ នេះ៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com