ជាតិ
សេដ្ឋកិច្ច
ម្រេចលក់បានថ្លៃ តែអ្នកដាំព្រួយបារម្ភពីកង្វះទឹកស្រោចស្រព
25, Mar 2021 , 8:59 am        
រូបភាព
ដោយ:
ដ្បិតឆ្នាំនេះវិបត្តិកូវីដ-១៩ នៅអូសបន្លាយពិតមែន តែសម្រាប់ទីផ្សារម្រេចឆ្នាំនេះហាក់ប្រសើរ ឆ្នាំជាងមុន។ ទន្ទឹមនឹងនោះអ្នកដាំម្រេចមួយចំនួន កំពុងមានការព្រួយបារម្ភ ដោយសារឆ្នាំនេះ មិនសូវសម្បូរទឹកសម្រាប់ស្រោចស្រពដំណាំម្រេច។

 
ទម្រាំទទួលបានទិន្នផលម្រេចលក់លើទីផ្សារ កសិករនីមួយៗ ត្រូវចំណាយទាំងពេលវេលា កម្លាំងពលកម្ម និងការមើលថែជាដើម។ «ឆ្នាំនេះទីផ្សារម្រេចល្អជាងឆ្នាំមុន លក់បាន ១២ ០០០រៀល ក្នុងមួយគីឡូក្រាម។ ឆ្នាំមុនលក់បានតែ ៧ ០០០រៀល ទៅ ៨ ០០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម»។ នេះជាការលើកឡើងរបស់លោក វ៉ន ដេវីត អ្នកដាំម្រេចក្នុងខេត្តត្បូងឃ្មុំ ដោយបន្ថែមថា តម្លៃនេះ ជាតម្លៃដែលឈ្មួញកណ្ដាលបានចុះទៅទិញផ្ទាល់ ដល់ចម្ការ ដើម្បីយកទៅលក់នៅវៀតណាម។
 
អ្នកខេត្តត្បូងឃ្មុំរូបនេះ បានប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទថា បើស្ថានភាពកូវីដ-១៩ល្អវិញ តម្លៃម្រេចអាចខ្ពស់ជាងនេះ ព្រោះបច្ចុប្បន្នអ្នកដាំម្រេច បានថយចុះ ដោយសារតែអាកាសធាតុប្រែប្រួល ធ្វើឲ្យដំណាំម្រេចងាប់។ លោក វ៉ន ដេវីត ពន្យល់បែបនេះ៖«ការដាំម្រេចអាស្រ័យលើអាកាសធាតុ ការមើលថែ និងការផ្ដល់ទឹក។ ហើយបើមិនមានទឹកគ្រប់គ្រាន់ ឲ្យម្រេចរស់យ៉ាម៉េច? អ៊ីចឹងអ្នកខ្លះក៏ឈប់ដាំ មានតែអ្នកដាំយូរឆ្នាំទេ ដែលនៅបន្ត»។ 
 
លោក ដេវីត បានដាំម្រេចតាំងពីឆ្នាំ២ ០០០ មកម្លេះ។ អ្នកដាំម្រេច នៅភូមិព្រៃពួយ ឃុំគគីរ ស្រុកមេមត់ ខេរូបនេះ បន្តថា ដ្បិតទីផ្សារម្រេចឆ្នាំនេះប្រសើរ ជាងឆ្នាំមុន ប៉ុន្តែក៏ប្រឈមនឹងខ្វះទឹកសម្រាប់ស្រោចស្រពដែរ។ 
 
ចំណែកលោក អែម ត្រូ ជាអ្នកដាំម្រេច ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត លើកឡើងថា ដំណាំម្រេចរបស់អ្នកកំពតឆ្នាំនេះពី ២០ភាគរយ ទៅ ៣០ភាគរយ ត្រូវងាប់ដោយសារមិនសូវមានទឹកស្រោចស្រពគ្រប់គ្រាន់។
លោក រៀបរាប់យ៉ាងដូច្នេះ៖ «ម្រេចខ្ញុំចូលឆ្នាំរួចទើបប្រមូលផល តែពេលនេះទឹកក្នុងស្រះសល់ត្រឹមស្រោច ២ដងប៉ុណ្ណោះ។ បើទឹកមិនគ្រប់អាចធ្វើឲ្យម្រេចថយចុះទិន្នផល និងធ្លាក់គុណភាព»។ 
 
បច្ចុប្បន្នលោក អែម ត្រូ មានដំណាំម្រេចចំនួន ២ពាន់គុម្ព ជាមធ្យមមួយគុម្ពផ្ដល់ទិន្នផល កន្លះគីឡូក្រាម។ បើតាមលោក អែម ត្រូ ម្រេចធម្មតា មានតម្លៃ ៨ ០០០រៀលទៅ ១០ ០០០រៀល ក្នុងមួយគីឡូក្រាម។ សម្រាប់ម្រេចខ្មៅតម្លៃ ១២ដុល្លារ ទៅ ១៥ដុល្លារ ក្នុងមួយគីឡូក្រាម។ ចំណែកម្រេចស តម្លៃ ២៥ដុល្លារ ទៅ ២៨ដុល្លារ ក្នុងមួយគីឡូក្រាម។ រីឯម្រេចក្រហម តម្លៃ ២២ដុល្លារ ទៅ ២៥ដុល្លារ ក្នុងមួយគីឡូក្រាម។ 
 
បញ្ហាអាកាសធាតុប្រែប្រួល បានធ្វើឲ្យអ្នកដាំម្រេចមួយចំនួន បោះបង់ការដាំដុះ ហើយងាកទៅប្រកបការងារផ្សេងវិញ។ ម៉្យាងទៀត កសិករអាចបង្ខំចិត្តប្រមូលផលម្រេចមុនផ្លែម្រេចទុំក៏មាន ដែលជាហេតុធ្វើឲ្យម្រេចធ្លាក់គុណភាព៕ 
 

Tag:
 ម្រេច
© រក្សាសិទ្ធិដោយ thmeythmey.com