ជាតិ
អ្នកបើករថយន្តឈ្នួល១នាក់ទៀត នៅសៀមរាប វិជ្ជមានកូវីដ-១៩
25, Mar 2021 , 12:02 pm        
រូបភាព
រូបពីរដ្ឋបាលខេត្តសៀមរាប
រូបពីរដ្ឋបាលខេត្តសៀមរាប
សៀមរាប៖ គិតត្រឹមថ្ងៃទី២៥ ខែមីនានេះ មានអ្នកជំងឺសរុប៦នាក់ហើយ ដែលរកឃើញថាវិជ្ជមានកូវីដ១៩ និងកំពុងសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

 
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៥ ខែមីនា អ្នកជំងឺនៅខេត្តសៀមរាប គឺជាបុរសជនជាតិខ្មែរ អាយុ ៤៤ឆ្នាំ រស់នៅសង្កាត់គោកចក។ លទ្ធផលតេស្ដ ត្រូវបានបញ្ជាក់ពីមន្ទីរពិសោធន៍មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
 
បុរសអាយុ៤៤ឆ្នាំខាងលើ បានប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទនៅព្រឹកថ្ងៃទី២៥នេះថា លោកមានអាការៈធម្មតាវិញហើយនៅព្រឹកថ្ងៃនេះ ខុសពីប៉ុន្មានថ្ងៃមុនដែលមានអាការៈហត់ និងអស់កម្លាំង។ «ឥឡូវខ្ញុំមានសុខភាពធម្មតា ហូបបាយដឹងរសជាតិឆ្ងាញ់វិញ»។ នេះជាការបញ្ជាក់ពីបុរសខាងលើ។ 
 
តាមការបញ្ជាក់ពីអ្នកជំងឺទី៦ ក្នុងខេត្តសៀមរាប ដែលឆ្លងពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ លោកមិនបានដឹងច្បាស់ថា ឆ្លងជំងឺនេះពីអ្នកណានោះដែរ តែលោកបានដាក់ការសង្ស័យខ្ពស់ពីអនិកជនខ្មែរមកពីសហរដ្ឋអាមេរិក ដែលលោកបានដឹកតាមរថយន្តកន្លងមក និងក្រោយមកទទួលបានដំណឹងថា ឆ្លងជំងឺកូវីដ១៩។ 
 
ប្រភពមួយដែលសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា បុរសអ្នកជំងឺទី៦នៅខេត្តសៀមរាប មានមុខររបជាអ្នកបើករថយន្តឈ្នួល និងមានប្រវត្តិធ្លាប់ដឹកភ្ញៀវជនជាតិចិន គោលដៅពីសៀមរាបទៅភ្នំពេញ និងធ្លាប់ដឹកអនិកជនខ្មែរ ចេញពីមណ្ឌលចត្ដាឡីស័កព្រែកព្នៅ ទៅស្នាក់នៅសណ្ឋាគារមួយនៅរាជធានីភ្នំពេញ។ បន្តមកទៀត បុរសខាងលើនេះ ធ្លាប់ដឹកភ្ញៀវពីភ្នំពេញ-សៀមរាប និងពីសៀមរាប-ភ្នំពេញ ហើយមានអាការៈមិនស្រួលខ្លួននៅថ្ងៃទី១៧ មីនា។ មួយសប្ដាហ៍ក្រោយមក បុរសរូបនេះបានទទួលដំណឹងពីអនិកជន ដែលធ្លាប់ដឹកនៅភ្នំពេញថាមានវិជ្ជមានកូវីដ១៩ ទើបសម្រេចចិត្តទៅសាលាគុរុកោសល្យ ដើម្បីឱ្យក្រុមគ្រូពេទ្យយកសំណាក បន្ទាប់មកក៏ទទួលលទ្ធផលវិជ្ជមានជំងឺនេះ។
 
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ១៨៧២ នាក់ ក្នុងនោះ ១៣៤៨ នាក់ពាក់ព័ន្ធករណីសហគមន៍២០កុម្ភៈ ដោយ៥នាក់បានស្លាប់បាត់បង់ជីវិត។ អ្នកជំងឺសរុប១០៥៦នាក់ ក៏បានជាសះស្បើយផងដែរ។ ករណីសហគមន៍២០កុម្ភៈ មាននៅរាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង សៀមរាប កំពង់ធំ កំពង់ចាម កោះកុង ស្វាយរៀង តាកែវ បាត់ដំបង ត្បូងឃ្មុំ និងកែប។  មនុស្ស ៨០៩នាក់ទៀត កំពុងបន្តសម្រាកព្យាបាល៕
 
 
 
 
 
 
 
 

Tag:
 កូវីដ១៩
  ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ
© រក្សាសិទ្ធិដោយ thmeythmey.com