ជាតិ
សេដ្ឋកិច្ច
រដ្ឋបាន​ចាយ​អស់​ជាង​ ២៦០​លាន​ដុល្លារ លើ​កម្មវិធី​ឧ​បត្ថ​ម្ភ​សាច់ប្រាក់​ឱ្យ​គ្រួសារ​ក្រីក្រ ក្នុងអំឡុង​COVID-19
25, Mar 2021 , 9:38 pm        
រូបភាព
ភ្នំពេញ​៖ រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និ​តី​សម្បទា  បាន​ចំណាយ​ថវិកា​អស់​ប្រមាណ​ ២៦១​លាន​ដុល្លារ  លើ​កម្មវិធី​ឧ​ប​ត្ថ​ម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សង្គមកិច្ច នា​ថ្ងៃទី​២៥ ​មីនា ឆ្នាំ​២០២១​។​

 
​ក្រសួង​សង្គមកិច្ច​បានបញ្ជាក់​ថា ថវិកា​ជាង​២៦០​លាន​ដុល្លារ ដែល​រដ្ឋ​បាន​ចំណាយ​នេះ គឺ​គិតពី​ថ្ងៃទី​២៥​ ខែមិថុនា ឆ្នាំ​២០២០ នៃ​ការចាប់ផ្តើម​ផ្តល់​ការអន្តរាគមន៍​ក្នុងការ​អនុវត្ត​កម្មវិធី​ឧ​ប​ត្ថម្ភសាច់ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ និង​រងគ្រោះ​ក្នុងអំឡុង​COVID-19 មកដល់​ថ្ងៃទី​២៥ ​មីនា ឆ្នាំ​២០២១ ដែល​រដ្ឋាភិបាល​បានអនុម័ត​លើ​កញ្ចប់​ថវិកា​ប្រមាណ​៣០​លាន​ដុ​លា្ល​រ ដើម្បី​បន្ត​ឧ​ប​ត្ត​ម្ភ​ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ សម្រាប់​ជុំ​ទី​៤​លើក​ទី​២​។ 
 
​ចំពោះ​កញ្ចប់​ថវិកា​សម្រាប់​ឧ​ប​ត្ថម្ភ​ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ​នៅក្នុង​ជុំ​ទី​៤​លើក​ទី​២​នេះ ចាប់​អនុវត្ត​ពីថ្ងៃ​ទី​២៥​ មីនា រហូតដល់​ថ្ងៃទី​២៤​មេសា ឆ្នាំ​២០២១​។ បើតាម​ក្រសួង​សង្គមកិច្ច ចំពោះ​គ្រួសារ​ក្រីក្រ​១ និង​ក្រីក្រ​២ ដែល​រស់នៅ​ទីប្រជុំជន​ក្នុង​-​ក្រៅ​រាជធានី និង​ជនបទ ដែល​ត្រូវ​ទទួលបាន​ថវិកា​គាំពារ​ពី​រដ្ឋាភិបាល  មាន​សរុប​៦៩២,០៩២​គ្រួសារ​ ដោយមាន​សមាជិក​ជាង​២,៧​លាន​នាក់​។ ក្នុងនោះ មាន​កុមារ​ពី​អាយុ​៥​ឆ្នាំ​ចុះ​ជាង​១៨,៧​ម៉ឺន​នាក់​ មនុស្ស​ចាស់​អាយុ​ពី​៦០​ឆ្នាំ​ឡើង​ជិត​៣៤,២​ម៉ឺន​នាក់​ ជន​មាន​ពិការភាព​ជិត​៦​ម៉ឺន​នាក់ និង​គ្រួសារ​ដែលមាន​ជំងឺអេដស៍ ជិត​២​ពាន់​នាក់​៕ 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com