អន្តរជាតិ
លោក បៃឌិន ថា ចិននឹងមិនវ៉ាឈ្នះអាមេរិកឡើយអំឡុងពេលលោកធ្វើជាប្រធានាធិបតី
26, Mar 2021 , 3:13 pm        
រូបភាព
លោកចូ បៃឌិនប្រធានាធិបតីអាមេរិក។ រូបភាព៖AFP
លោកចូ បៃឌិនប្រធានាធិបតីអាមេរិក។ រូបភាព៖AFP
ដោយ:
ប្រធានាធិបតីអាមេរិក ចូ បៃឌិន អះអាងថា លោកនឹងរារាំងមិនឱ្យចិនវ៉ាឈ្នះអាមេរិក និងក្លាយជា មហាអំណាច ដឹកនាំពិភពលោកឡើយ។ លោក បៃឌិន លើកឡើងនៅថ្ងៃទី២៥ ខែមីនាថា អាមេរិក ក៏មិនចង់បានការប្រឈមមុខ ដាក់គ្នាឡើយ ប៉ុន្តែចិនត្រូវគោរពតាមច្បាប់ពាណិជ្ជកម្មអន្តរជាតិ ប្រកួតប្រជែងដោយយុត្តិធម៌ និងគោរពសិទ្ធិ មនុស្សផងដែរ។


ក្នុងសន្និសីទព័ត៌មាននៅសេតវិមានដែលមានរយៈពេលជាង១ម៉ោង ប្រធានាធិបតីអាមេរិក ចូ បៃឌិន លើកឡើងពី សំណុំរឿងជាច្រើនដូចជាវិបត្តិកូវីដ-១៩ អន្តោប្រវេសន៍ ហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខជាតិ សេដ្ឋកិច្ច និងបញ្ហាផ្ទៃក្នុង អាមេរិកជាច្រើនទៀត។ ចិន ជាប្រធានបទសំខាន់ដែលលោក បៃឌិន លើកឡើងក្នុងសន្និសីទនេះ។
 
«ចិនមានគោលបំណងដ៏ធំមួយ...នោះគឺការក្លាយជាប្រទេសនាំមុខគេក្នុងលោក ជាប្រទេសមានបំផុត និងជា ប្រទេសដែលមានអំណាចបំផុតក្នុងលោក»។ នេះជាការអះអាងរបស់លោក បៃឌិន ដោយបានផ្ញើសារថា ចិននឹង មិនអាចសម្រេចបានគោលបំណងទាំងនេះឡើយនៅពេលលោកកាន់តំណែងជាប្រធានាធិបតី ដោយសារអាមេរិក នឹងបន្តរីកចម្រើនថែមទៀត។ 
 
ប្រធានាធិបតីអាមេរិក ក៏រំឭកគ្រាដែលលោក និងលោក ស៊ី ជិនភីង ជជែកគ្នាជាច្រើនម៉ោងក្នុងតំណែងជា អនុប្រធានាធិបតី។ លោក បៃឌិន ជឿជាក់ថា លោក ស៊ី ដែលបច្ចុប្បន្នជាប្រធានាធិបតីចិន ពេញចិត្តរបបផ្តាច់ការ មិនមែនរបបប្រជាធិបតេយ្យឡើយសម្រាប់ពេលអនាគត។ លោក បៃឌិន បន្តថា លោក ស៊ី មិនខុសអ្វី ពី លោក ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ដោយគិតដូចគ្នាថា របបផ្តាច់ការជារបៀបគ្រប់គ្រងនាពេលអនាគត ហើយរបប ប្រជាធិបតេយ្យនឹងមិនដំណើរការក្នុងពិភពលោកដ៏ស្មុគស្មាញនេះឡើយ។ 
 
សម្ពន្ធភាពជាមួយបណ្តាប្រទេសអឺរ៉ុប ក្នុងការទាមទារឱ្យចិនគោរពសិទ្ធិមនុស្សក៏ត្រូវបានលើកឡើងផងដែរ។ ប្រធានាធិបតីអាមេរិក អះអាងថា នឹងធ្វើយ៉ាងណាឱ្យចិនទទួលខុសត្រូវចំពោះសកម្មភាពនៅតៃវ៉ាន់ ហុងកុង សមុទ្រចិនខាងត្បូង ក៏ដូចជាការធ្វើបាបលើជនជាតិវីហ្គ័រ។ 
 
ក្នុងកិច្ចសន្ទនាជាមួយប្រធានាធិបតីចិនកាលពីខែកុម្ភៈ លោក បៃឌិន បានប្រាប់លោក ស៊ី ថា ដរាបណាថ្នាក់ដឹកនាំ និងប្រទេសចិនបន្តរំលោភសិទ្ធិមនុស្ស អាមេរិក និងសម្ពន្ធមិត្ត នឹងលើករឿងទាំងនោះឱ្យពិភពលោកបានដឹងពីអ្វី ដែលកំពុងកើតឡើង។ លោក បៃឌិន អះអាងថា បើពុំធ្វើដូច្នេះទេ អាមេរិកនឹងបាត់បង់កិត្យានុភាព និងភាពស្រប ច្បាប់ដែលខ្លួនមាននៅទូទាំងពិភពលោក ដូចអ្វីដែលបានកើតឡើងក្រោ មការដឹកនាំរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ ។
 
ក្នុងសន្និសីទសារព័ត៌មាននោះ លោកបៃឌិន ក៏បង្ហើបពីផែនការវិនិយោគរាប់រយពាន់លានដុល្លារលើ វិស័យ ហេដ្ឋារចនាសម្ពន្ធអាមេរិក ដើម្បីស្រោចស្រង់សេដ្ឋកិច្ចអាមេរិកឡើងវិញផងដែរ។ ចិនចំណាយលើការវិនិយោគ ហេដ្ឋារចនាសម្ពន្ធ៣ដងច្រើនជាងអាមេរិក។ 
 
ប្រធានាធិបតីអាមេរិកអះអាងថា លោកមានបំណងវិនិយោគលើវិស័យស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាក្នុងទំហំ រហូតដល់ទៅជិត២ភាគរយនៃទំហំផលិតផលសរុបក្នុងស្រុក។ បើតាមប្រមុខរដ្ឋអាមេរិក ការដឹកនាំពិភពលោក នាពេលអនាគតអាស្រ័យលើប្រទេសដែលមានបច្ចេកវិទ្យា កំព្យូទ័រកង់ទិក បច្ចេកវិទ្យាវេជ្ជសាស្ត្រ និងប្រាជ្ញា សិប្បនិម្មិត (AI) ៕
 

Tag:
 អាមេរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com