ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ចាំបាច់ណាស់! ចង់សម្អាតសួតឱ្យបានត្រឹមត្រូវ កុំរំលងគន្លឹះងាយៗទាំងនេះ
27, Mar 2021 , 6:59 am        
រូបភាព
ការដកដង្ហើម គឺចាំបាច់ណាស់ដើម្បីយើងអាចរស់នៅបានតាមរយៈការស្រូបយកអុកស៊ីសែនគ្រប់គ្រាន់ចូលក្នុងរាងកាយដើម្បីដំណើរការមុខងារប្រក្រតីនៃសរីរាង្គផ្សេងៗ។ ហើយពិតណាស់នេះជាហេតុផលដ៏សំខាន់បំផុតមួយដែលយើងគួរព្យាយាមធ្វើយ៉ាងណារក្សាអោយបាននូវមុខងារសួតត្រឹមត្រូវល្អប្រសើរ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗជួយសម្អាតសួត ៖

 
១. ដកដង្ហើមចេញចូលជ្រៅៗ
 
ការដកដង្ហើមជ្រៅៗជាលំហាត់ប្រាណដ៏ល្អបំផុតមួយសម្រាប់ជួយឱ្យមុខងារសួតកាន់តែមានលក្ខណៈប្រសើរឡើង។ អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងត្រូវគេងផ្ងារដោយដាក់ដៃទាំងសងខាងលើពោះក្រោមឆ្អឹងជំនី។ បន្ទាប់មកបិទភ្នែក ហើយព្យាយាមទប់ដង្ហើមឱ្យបាន ២ វិនាទីសិនសឹមដកដង្ហើមចេញយឺតៗរហូតអ្នកអាចរាប់ដល់ ៥។ អនុវត្តសារឡើងវិញពី ៩ ទៅ ១០ដង។
 
២. ឈប់ជក់បារី
 
ដើម្បីសម្អាតសួតអ្នកក៏គួរតែផ្ដាច់ ឬបញ្ឈប់ការជក់បារីផងដែរ។ បារីមានផ្ទុកសម្បូរទៅដោយសារធាតុគីមីគ្រោះថ្នាក់ដែលអាចបង្កបញ្ហាគួរឱ្យព្រួយបារម្ភចំពោះសុខភាពរាងកាយទាំងមូល ពិសេស គឺសួត។
 
៣. ទទួលទានអាហារមានលក្ខណៈសម្បត្តិប្រឆាំងការរលាក
 
ការរលាកនៃផ្លូវដង្ហើមអាចបណ្ដាលឱ្យពិបាកក្នុងការដកដង្ហើមនិងធ្ងន់ណែនទ្រូង។ ទោះជាយ៉ាងណាការទទួលទានអាហារដែលមានលក្ខណៈប្រឆាំងការរលាកអាចជួយកាត់បន្ថយការរលាកហើយបំបាត់រោគសញ្ញាទាំងនោះ។
 
៤. ទទួលទានតែបៃតង
 
តែបៃតងមានផ្ទុកសម្បួរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចកម្ចាត់ជាតិពុលផ្សេងៗដែកត្រូវបានស្រូបចូលសួត។ សារធាតុប្រឆាំងអុកស៊ីតកម្មក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយគួរឱ្យកត់សម្គាល់។
 
៥. កុំរំលងខ្ញី
 
ខ្ញីជាអាហារដ៏ល្អបំផុតមួយសម្រាប់អ្នកជំងឺហឺតដោយវាមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាកទប់ស្កាត់អាការៈនៃជំងឺ។ អ្នកក៏អាចទទួលទានតែខ្ញីលាយឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃផងដែរដើម្បីធូរស្បើយពីអាការៈនៃជំងឺហឺត។
 
 ៦. ជីអង្កាម
 
ជីអង្កាម គឺល្អណាស់សម្រាប់សម្រួលការដកដង្ហើម! ហើយប្រសិនបើអ្នកចង់ឱ្យសួតកាន់តែរឹងមាំនិងមានសុខភាពល្អ ចូរព្យាយាមទំពារស្លឹកជីអង្កាមឱ្យបានពី ៣ ទៅ ៥ ស្លឹកក្នុងមួយថ្ងៃ។
 
៧. រួមបញ្ចូលរមៀតក្នុងរបបអាហារប្រចាំថ្ងៃ
 
នោះក៏ព្រោះតែរមៀតមានផ្ទុកសារធាតុ curcumin និងលក្ខណៈសម្បត្តិប្រឆាំងការរលាកជួយបង្កើនសមត្ថភាពមុខងារនៃប្រព័ន្ធផ្លូវដង្ហើម។ ការទទួលទានរមៀតក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកសួតផងដែរ។
 
៨. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់
 
ក៏ដូចទៅនឹងផ្នែកផ្សេងទៀតនៃរាងកាយដែរ សួតត្រូវការជាតិទឹកគ្រប់គ្រាន់ដើម្បីរក្សាបាននូវសុខភាពល្អជៀសផុតពីបញ្ហាផ្សេងៗ។ សួតស្ងួតងាយនឹងទទួលរងការរលាក ហើយមិនអាចដំណើរការមុខងារបានត្រឹមត្រូវ។ ដូច្នេះចូរព្យាយាមទទួលទានទឹកអោយបានយ៉ាងហោចណាស់ប្រហែល ២លីត្រ ក្នុងមួយថ្ងៃ។
 
នៅពេលសួតមានបញ្ហាវាអាចបង្កអាការៈទាំងនេះ
១. ឈឺខ្នងនិងស្មា
 
ទោះបីវាមិនមែនជារោគសញ្ញា ឬអាការៈទូទៅបំផុតនៃបញ្ហាសួត ប៉ុន្តែការឈឺចាប់ត្រង់ខ្នង ស្មា និងសូម្បីតែទ្រូងក៏អាចលេចឡើងដោយសារជំងឺមហារីកសួតផងដែរ។ ដូច្នេះប្រសិនបើការឈឺចាប់មានរយៈពេលយូរជាងធម្មតា និងកាន់តែខ្លាំងឡើង ចូរកុំស្ទាក់ស្ទើនឹងទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
 
២. ក្អកខុសធម្មតា
 
ការក្អកខុសពីធម្មតាដែលមានរយៈពេលលើសពី ៣ សប្តាហ៍អាចជារោគសញ្ញានៃបញ្ហាសួត ពិសេសប្រសិនបើមានអមមកជាមួយនូវអាការៈផ្សេងទៀតដូចជាក្អកឈាម។
 
៣. ភាពខ្លីនៃដង្ហើម
 
ភាពខ្លីនៃដង្ហើមជារោគសញ្ញាទូទៅបំផុតមួយនៃបញ្ហាបេះដូង ឬសួត។ ប្រសិនបើអ្នកជួបប្រទះអាការៈនេះញឹកញាប់ ចូរប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញ។
 
៤. ភ្នែកនិងស្បែកឡើងពណ៌លឿង
 
ក្រៅពីបញ្ហាថ្លើម អាការៈឡើងពណ៌លឿងនៃស្បែកនិងភ្នែកក៏អាចបណ្ដាលមកពីជំងឺមហារីកសួតផងដែរ។
 
៥. កង្វះថាមពលរាងកាយ
 
ប្រសិនបើអ្នកមានអារម្មណ៍អស់កម្លាំងខុសធម្មតាជាញឹកញាប់ ហើយថែមទាំងមានអមមកជាមួយនូវអាការៈក្អកមិនឈប់ និងបាត់បង់ចំណង់អាហារទៀតនោះវាអាចបណ្ដាលមកពីបញ្ហាសួត! ដូច្នេះដើម្បីជាការប្រសើរចូរប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com