ជាតិ
លោក ឡុង ឌីម៉ង់ ទទួលបាន«ពានរង្វាន់ឯកអគ្គរាជទូតឆ្នើមប្រចាំឆ្នាំ២០២១» នៅកូរ៉េ
26, Mar 2021 , 5:13 pm        
រូបភាព
ភ្នំពេញ៖ លោក ឡុង ឌីម៉ង់ ទទួលបាន«ពានរង្វាន់ឯកអគ្គរាជទូតឆ្នើមប្រចាំឆ្នាំ២០២១» ពីសមាគមទូតមិត្តភាពវប្បធម៌កូរ៉េ ។ ឯកអគ្គរាជទូតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ បានបង្ហោះរូប ដោយភ្ជាប់ជាមួយពានរង្វាន់នេះ នៅលើហ្វេសប៊ុកខ្លួន កាលពីថ្ងៃទី២៥ មីនា។


សមាគមទូតមិត្តភាពវប្បធម៌កូរ៉េ បានទទួលស្គាល់ថា លោក ឡុង ឌីម៉ង ជាទូតខ្មែរម្នាក់ ដែលមានស្នាដៃល្អក្នុងកិច្ចសហប្រតិបត្តិការផ្នែកការទូតវប្បធម៌រវាងកម្ពុជា និងកូរ៉េ ក្នុងអាណត្តិរបស់ខ្លួននេះ។
 
«យើងជឿជាក់យ៉ាងមុតមាំលើលោក (ឡុង ឌីម៉ង់) ដែលបានចូលរួមចំណែកសំខាន់ជាប្រទេសកូរ៉េ ដោយមិនមែនគ្រាន់តែពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេរភាគីនោះទេ ប៉ុន្តែលោកក៏បានលើកកម្ពស់នូវការផ្លាស់ប្ដូរវប្បធម៌ និងពង្រឹងចំណេះដឹងប្រជាជននៃប្រទេសទាំងពីរទៀតផង»។ នេះជាការបញ្ជាក់របស់សមាគមទូតមិត្តភាពវប្បធម៌កូរ៉េ។
 
សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងលោក ឡុង ឌីម៉ង់ ដើម្បីសុំការអត្ថាធិប្បាយបន្ថែម ជុំវិញការទទួលបានពានរង្វាន់ឯកអគ្គរាជទូតឆ្នើមនៅឡើយទេ នៅថ្ងៃទី២៦ មីនានេះ។
 
តែយ៉ាងណាឯកអគ្គរាជទូតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េរូបនេះ បានសរសេរលើហ្វេសប៊ុកខ្លួនថា ៖«ពិតណាស់ កិច្ចការងារការទូតវប្បធម៌ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាគោលនយោបាយអាទិភាពមួយក្នុងចង្កោមការទូតសេដ្ឋកិច្ច ដែលកម្ពុជាត្រូវបង្ហាញឲ្យគេបានស្គាល់នូវអត្តសញ្ញាណជាតិរបស់ខ្លួន បើកចំហរទទួលនូវពហុវប្បធម៌ ដើម្បីពង្រីកការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន ពង្រីកការផ្លាស់ប្ដូរពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ច ជាមួយពិភពលោក»។
 
គួរបញ្ជាក់ថា លោក ឡុង ឌីម៉ង ត្រូវបានរដ្ឋាភិបាល សម្រេចតែងតាំងជាឯកអគ្គរាជទូតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ តាំងពីឆ្នាំ២០១៦មក ជំនួសលោក ស៊ុត ឌីណា ដែលមានរឿងអាស្រូវប្រព្រឹត្តអំពើពុករលួយ នៅទីនោះ៕
 

Tag:
 ឡុង ឌីម៉ង់
  វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com