អន្តរជាតិ
ប៉េកាំងថា មិនចម្លែកទេដែលចិននិងអាមេរិកប្រជែងគ្នា តែគួរប្រជែងឱ្យបានប្រយោជន៍សងខាង
27, Mar 2021 , 3:17 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន Hua Chunying នាសន្និសីទសារព័ត៌មានថ្ងៃទី២៦ ខែមីនា។ រូបថតពីក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន Hua Chunying នាសន្និសីទសារព័ត៌មានថ្ងៃទី២៦ ខែមីនា។ រូបថតពីក្រសួងការបរទេសចិន
ក្រសួងការបរទេសចិន នៅថ្ងៃទី២៦ ខែមីនា បានអធិប្បាយតបការលើកឡើងរបស់ប្រធានាធិបតីអាមេរិក ចូ បៃឌិន ដែលថា ចិនប្រជែងអាមេរិកដើម្បីយកតំណែងលេខមួយលើពិភពលោក តែលោកនឹងមិនឱ្យរឿងនេះកើតឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់ជំហរជាថ្មីរបស់ចិនដែលគ្មានចេតនាផ្ដួលអាមេរិកអ្វីឡើយ និងថា ការប្រកួតប្រជែងរវាងមហាអំណាចទាំងពីរ ជារឿងធម្មតាព្រោះផលប្រយោជន៍ប្រទេសទាំងពីរចាក់ស្រែះចូលគ្នា។

 
«ចិនមានគោលបំណងដ៏ធំមួយ...នោះគឺការក្លាយជាប្រទេសនាំមុខគេក្នុងលោក ជាប្រទេសមានបំផុត និងជាប្រទេសដែលមានអំណាចបំផុតក្នុងលោក»។ នេះជាការអះអាងរបស់ប្រធានាធិបតីអាមេរិក ចូ បៃឌិន នាសន្និសីទសារព័ត៌មានផ្លូវការលើកដំបូងនៅថ្ងៃទី២៥ ខែមីនា។ ប៉ុន្តែលោក បៃឌិន ក៏បានផ្ញើសារថា ចិននឹងមិនអាចសម្រេចបានគោលបំណងទាំងនេះឡើយនៅពេលលោកកាន់តំណែងជាប្រធានាធិបតីនោះ។
 
តបការលើកឡើងនេះ លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបញ្ជាក់វិញថា គោលដៅរបស់ចិន មិនមែនយកឈ្នះអាមេរិកឡើយ តែយកឈ្នះខ្លួនឯងដើម្បីចិនមួយដែលល្អប្រសើរជាងមុនប៉ុណ្ណោះ។ នាសន្និសីទសារព័ត៌មានថ្ងៃទី២៦ ខែមីនា លោកស្រី Hua ក៏និយាយដល់ការប្រកួតប្រជែងរវាងមហាអំណាចទាំងពីរ ដោយចាត់ទុកថា ការខ្វែងយោបល់គ្នា និងការប្រកួតប្រជែងកើតមាននៅគ្រប់កន្លែងលើពិភពលោក។     
 
«វាមិនចម្លែកដែលចិន និងអាមេរិក ដែលជាមហាអំណាចសេដ្ឋកិច្ចមានផលប្រយោជន៍ប្រទាក់គ្នា ត្រូវប្រជែងគ្នា។» អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយបែបនេះទៅនឹងសំណួរថា តើចិនឆ្លើយតបបែបណាទៅនឹងការលើកឡើងរបស់លោក បៃឌិន មុនបន្តថា ចំណុចគន្លឹះនៅត្រង់ថា ភាគីទាំងពីរត្រូវប្រកួតដោយយុត្តិធម៌ដែលនាំឱ្យរីកចម្រើនទាំងសងខាងជាជាងការលេងល្បែងដែលភាគីម្ខាងៗខាតបង់ប្រយោជន៍។
 
ក្រៅពីរឿងប្រកួតប្រជែងនេះ លោក បៃឌិន ក៏ទាមទារឱ្យចិនធ្វើអ្វីតាមច្បាប់អន្តរជាតិ។ ត្រង់នេះ មន្ត្រីក្រសួងការបរទេសចិនខាងលើ តបថា អាមេរិកគ្មានតួនាទីអ្វីដែលត្រូវប្រាប់ចិនឱ្យធ្វើតាមច្បាប់អន្តរជាតិឡើយ។ ឯច្បាប់អន្តរជាតិទៀតសោត គឺជាបទបញ្ញត្តិដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិមានធម្មនុញ្ញអង្គការសហប្រជាជាតិជាគោលប៉ុណ្ណោះ។ លោកស្រី Hua ឆ្លៀតផ្លែផ្កាដាក់អាមេរិកទៀតថា ចិនគោរពច្បាប់អន្តរជាតិបានល្អជាងអាមេរិក៕ 
 
 
 
 
 

Tag:
 ចិន
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com