ជាតិ
មេត្រីពូជក្នុងបឹងពារាំង កំពុងប្រឈមហានិភ័យ បើគ្មានការសង្រ្គោះទាន់ពេលវេលា
27, Mar 2021 , 6:59 pm        
រូបភាព
រូបភាព ពីសហគមន៍ទេសចរណ៍ធម្មជាតិបឹងពារាំងទាំងអស់
រូបភាព ពីសហគមន៍ទេសចរណ៍ធម្មជាតិបឹងពារាំងទាំងអស់
សៀមរាប៖ បឹងពារាំងត្រូវបានគេស្គាល់ថា ជាបឹងអភិរក្សមួយដ៏ធំ ស្ថិតនៅប៉ែកខាងត្បូងនៃក្រុង សៀមរាប ដែលនៅមិនឆ្ងាយប៉ុន្មានពីបឹងទន្លេសាប។ ក្រៅពីវត្តមានហ្វូងសត្វស្លាបជាច្រើនប្រភេទ និងរាប់ម៉ឺនក្បាល បឹងនេះក៏មានមេត្រីពូជជាច្រើនប្រភេទ ដែលត្រូវបានអភិរក្សផងដែរ។ ដោយសារបញ្ហាអាកាសធាតុ ធ្វើឲ្យផ្ទៃបឹងទាំងមូលឆាប់រីង ដែលនេះជា ហានិភ័យអាចបណ្តាលឲ្យត្រីពូជងាប់។ 

 
ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិបឹងពារាំង លោក គង់ មង្គល បានឲ្យដឹងថា មេត្រីពូជច្រើនរយ ក្បាល កំពុងប្រឈមនឹងការបាត់បង់ ប្រសិនគ្មានការសង្រ្គោះទាន់ពេលវេលា។ លោកបញ្ជាក់ថា បញ្ហានេះកើតឡើងដោយសារបម្រែបម្រួលអាកាសធាតុ ធ្វើឲ្យទឹកឆាប់ស្រក និងមួយទៀត ដោយសារទឹកបឹងទន្លេសាបឡើងក្នុងកម្រិតបរិមាណទាបនៅឆ្នាំនេះ ទើបធ្វើឲ្យផ្ទៃបឹងមិនសូវមាន ទឹកច្រើនដូចរាល់ឆ្នាំ។


 
យ៉ាងណា លោក គង់ មង្គល បញ្ជាក់ថា នៅដើមសប្ដាហ៍នេះ រដ្ឋបាលខេត្តសៀមរាបបានចាត់មន្ទីរជំនាញចំនួន៣ រួមមាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរធនធានទឹក និងមន្ទីរបរិស្ថាន រួមនិងអាជ្ញាធរក្រុង ចុះពិនិត្យស្ថានភាពជាក់ស្ដែង និងត្រៀមធ្វើការជាបន្ទាន់ ដើម្បីសង្រ្គោះមេត្រីពូជឲ្យបានទាន់ពេលវេលា។ លោក មង្គល ពន្យល់ យ៉ាងដូច្នេះថា៖«  ឥឡូវយើងទទួលបានការឯកសារពីខេត្ត ឲ្យមន្ទីរជំនាញ ជីកស្ដារដើម្បីសង្រ្គោះបឋមបន្ទាន់ ដើម្បសង្រ្គោះមេត្រីពូជ យើងឯកភាព ថាជីកប៉ុណ្ណោដែលសង្រ្គោះត្រីនោះ ហើយជីកក្បែរផ្ទៃទឹក ដើម្បីរុញត្រីឲ្យចូលបាន»។
 
តាមការរៀបរាប់របស់លោក គង់ មង្គល បរិមាណទឹកបច្ចុប្បន្ននៅក្នុងបឹងពារាំង គឺជ្រៅបំផុតមាន បរិមាណ៤តឹក កន្លែងខ្លះមានជម្រៅ២ ទៅ៣តឹកប៉ុណ្ណោះ។ ប្រធានសហគមន៍ទេសចរណ៍រូបនេះ អះអាងថា ប្រសិនគ្មានការសង្រ្គោះទាន់ពេលវេលាទេ នារយៈពេល១ខែទៀត ទឹកនៅបឹងនេះនឹង គោក រីកទឹកអស់ជាក់ជាមិនខាន ដែលនឹងផ្តល់ហានិភ័យធ្ងន់ធ្ងរដល់មេត្រីពូជ ក៏ដូចជាសត្វស្លាប រាប់ម៉ឺនក្បាល ដែលពឹងចំណីត្រីជាប្រចាំក្នុងបឹងអភិរក្សនេះ៕
 




 
 
 
 

Tag:
 បឹងពារាំង
  អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com