ជាតិ
សង្គមជាតិ
វិទ្យាស្ថានបណ្ដុះបណ្ដាលមួយ ផ្តល់អាហារូបករណ៍ដល់យុវជនក្រីក្រ១០០នាក់ នៅសៀមរាប
27, Mar 2021 , 9:39 pm        
រូបភាព
រូបភាព ពីវិទ្យាស្ថានពហុបច្ចេកទេសតេជោសែនសៀមរាបទាំងអស់
រូបភាព ពីវិទ្យាស្ថានពហុបច្ចេកទេសតេជោសែនសៀមរាបទាំងអស់
សៀមរាប៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប បានប្រកាសផ្តល់ អាហារូបករណ៍១០០ភាគរយ ដល់សិក្ខាកាម១០០នាក់ មកពីគ្រួសារក្រីក្រ ក្នុងខេត្តសៀមរាប។ សិក្ខាកាមទាំងនោះ នឹងទទួលបានការបណ្ដុះ បណ្ដាលលើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ។

 
យោងតាមសេចក្ដីជូនដំណឹងរបស់វិទ្យាស្ថាន គម្រោងផ្តល់អាហារូបករណ៍ខាងលើនេះ គឺក្រោមកិច្ចសហការជាមួយសមាគមបណ្ដុះកុមារ ដែលអនុវត្តក្នុងគម្រោងឈ្មោះថា «ជំនាញដើម្បីភាពជោគជ័យ»។ គោលបំណងនៃគម្រោងនេះ គឺដើម្បីឲ្យស្រ្ដីនិងបុរសវ័យក្មេង មានសិទ្ធិទទួលបានការគាំទ្រស្មើៗគ្នានូវមុខជំនាញដែលពួកគេពេញចិត្ត និងអាចទទួល បានឱកាសការងារមួយដែលសមរម្យ។


 
នាយិកាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន លោកស្រី ផង់ ពុទ្ធី មានប្រសាសន៍ថា យុវជនដែលនឹងទទួលបានអាហារូបករណ៍ខាងលើ គឺត្រូវមានអាយុចាប់ពី១៥ឆ្នាំ ទៅ២៤ឆ្នាំ និងបោះបង់ការសិក្សានៅថ្នាក់ទី៩។ បើតាមលោកស្រី យុវជនទាំងនោះ គឺជាអ្នកមកពីគ្រួសារក្រីក្រ ក្នុងក្រុងសៀមរាប ស្រុកក្រឡាញ់ ស្រុកអង្គរជុំ ស្រីស្រីស្នំ ស្រុកអង្គរធំ ស្រុកបន្ទាយស្រី ស្រុកវ៉ារិន និង ស្រុកសូទ្រនិគម។
 
វគ្គបណ្ដុះបណ្ដាលដែលយុវជនអាចជ្រើសរើសបាន រួមមាន ត-ដំឡើងបណ្ដាញអគ្គិសនីក្នុង អគារ ជួសជុលបរិក្ខាត្រជាក់ ជំនួយការចុងភៅ សណ្ឋាគារ ត-ដំឡើងបណ្ដាញទឹក ការងារកំបោរ ដែលសិក្ខាកាមអាចរៀនក្នុងវិទ្យាស្ថានផ្ទាល់។ រីឯការបណ្ដុះបណ្ដាលនៅ សហគ្រាសមូលដ្ឋាន រួមមាន ផ្នែកសម្អាងការ កាត់សក់បុរស កាត់ដេរ ជួសជុលម៉ូតូ ជួសជុលម៉ាស៊ីនធុនតូច ផ្សារដែក និងមុខជំនាញផ្សេៗទៀត។


 
លោកស្រី បន្តថា ក្រៅពីទទួលបានចំណេះជំនាញមួយដ៏ច្បាស់លាស់ហើយនោះ សិក្ខាកាមទាំងអស់ នឹងទទួលបានការឧបត្ថម្ភ១៤០០០រៀលក្នុង១ថ្ងៃ រយៈពេល៤ខែ និងទទួលបានការឧបត្ថម្ភ១១០០០រៀលក្នុង១ថ្ងៃ រយៈពេល៣ខែ ពេលចុះកម្មសិក្សាតាមសហគ្រាសនានា។ បន្ថែមពីនេះ វិទ្យាស្ថាន នឹងផ្តល់កន្លែងស្នាក់នៅ និងផ្តល់ឱកាសការងារដល់ពួកគេ ក្រោយរៀនចប់ រួមទាមងផ្តល់ទុនខ្នាតតូច សម្រាប់ឲ្យពួកគេ បើកមុខរបរផងដែរ៕
 
 










 
 
 

Tag:
 អប់រំ
  អាហារូបករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com