ជាតិ
អន្តរជាតិ
មេដឹកនាំប្រទេសអាស៊ាន៥នាក់ហើយដែលបានចាក់វ៉ាក់សាំងកូវីដ-១៩
27, Mar 2021 , 10:29 pm        
រូបភាព
ដោយ:
បណ្តាប្រទេសសមាជិកអាស៊ានចាប់ផ្តើមដាក់ចេញផែនការចាក់វ៉ាក់សាំងដល់ពលរដ្ឋខ្លួន ដោយភាគច្រើនចាប់ ផ្តើមនាខែមីនា ឆ្នាំ២០២១។ សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងថៃជាដើមមានសមត្ថភាពទិញ និងកក់វ៉ាក់សាំង ដោយខ្លួនឯង ខណៈប្រទេសខ្លះទៀតប្រើវ៉ាក់សាំងដែលជាជំនួយ និងតាមយន្តការ COVAX បន្ថែមពីការទិញ ដោយខ្លួនឯងផ្ទាល់។ មេដឹកនាំអាស៊ានចំនួន៥នាក់ បានចាក់វ៉ាក់សាំងហើយ។




នាយករដ្ឋមន្ត្រីសិង្ហបុរីលោកលី សៀនឡុង។ រូបភាព៖ ក្រសួងព័ត៌មាន និងទូរគមនាគមន៍សិង្ហបុរី

នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង ជាមេដឹកនាំអាស៊ានដំបូងបំផុតដែលចាក់វ៉ាក់សាំងកូវីដ-១៩។ លោកលី ចាក់វ៉ាក់សាំងក្រុមហ៊ុន Pfizer/BioNTech កាលពីថ្ងៃទី៨ ខែមករា។ គិតត្រឹមថ្ងៃទី២២ ខែមីនា សិង្ហបុរី បានចាក់ វ៉ាក់សាំងចំនួន១,០៧១,៩០៨នាក់ ដោយ៧៧១,២៩៧ដូសសម្រាប់អ្នកចាក់លើកទី១ និង៣០០,៦១១ ដូស សម្រាប់អ្នកចាក់លើកទី២។ សិង្ហបុរីចាប់ផ្តើមចាក់វ៉ាក់សាំងនៅចុងខែធ្នូឆ្នាំ២០២០ ដោយគ្រោងនឹងបញ្ចប់នៅចុង ឆ្នាំ២០២១។
 


ប្រធានាធិបតីឥណ្ឌូនេស៊ីលោកចូកូ វីដូដូ។ រូបភាព៖ Reuters

ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac Biotech នៅថ្ងៃទី១៣ ខែមករា។ ក្នុងកម្មវិធីចាក់វ៉ាក់សាំង ឥណ្ឌូណេស៊ីបានកក់វ៉ាក់សាំងចំនួន៥ប្រភេទដែលមានដូចជា Pfizer ,AstraZeneca,  Sinovac និង Novavax ជាដើមដែលមានចំនួនសរុប៣៣០លានដូស។ ឥណ្ឌូណេស៊ី ដាក់គោលដៅចាក់វ៉ាក់សាំង ឱ្យប្រជាជនជាង១៨០លាននាក់ ក្នុងប្រទេសដែលមានប្រជាជនជាង២៦០លាននាក់។ 
 


នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកMuhyiddin Yassin ។ រូបភាព៖ Reuters

កាលពីថ្ងៃទី២៤ ខែកុម្ភៈ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មូហ៊ីឌីន យ៉ាស៊ីន ចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer/BioNTech ។ យុទ្ធនាការវ៉ាក់សាំងប្រទេសនេះ ចាប់ផ្តើមនៅចុងខែកុម្ភៈ ឆ្នាំ២០២១ នឹងបន្តរហូតដល់ខែកុម្ភៈឆ្នាំ២០២២ ដោយសង្ឃឹមថា នឹងបង្កើតភាពស៊ាំសហគមន៍ពេលប្រជាជនចំនួន៨០ភាគរយទទួលបានវ៉ាក់សាំង។ ម៉ាឡេស៊ីនឹង ប្រើប្រាស់វ៉ាក់សាំង Pfizer ចំនួន២៥លានដូស, AstraZeneca ៦,៤លានដូស, SputnikV ចំនួន៦,៤លានដូស និង Sinovac ចំនួន១២លានដូស។
 


នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោហ៊ុន សែន។ រូបភាព៖AFP

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាចាក់វ៉ាក់សាំង Covishiled របស់ក្រុមហ៊ុន AstraZeneca នៅថ្ងៃទី៤ ខែមីនា បន្ទាប់ពីទទួលបានវ៉ាក់សាំងនេះតាមរយៈយន្តការCOVAXចំនួន៣២៤,០០០ដូស។ កម្ពុជាចាប់ផ្តើមចាក់ វ៉ាក់សាំងនៅថ្ងៃទី១០ ខែកុម្ភៈ បន្ទាប់ពីបានទទួលវ៉ាក់សាំងSinopharm ចំនួន៦សែនដូសពីចិននៅថ្ងៃ៧ ខែកុម្ភៈ។ នៅថ្ងៃទី២៦ ខែមីនា កម្ពុជាទទួលបានវ៉ាក់សាំង Sinovac ចំនួន១,៥លានដូសពីចិន។ កម្ពុជារំពឹងថា នឹងផ្តល់ វ៉ាក់សាំងដល់ពលរដ្ឋខ្លួនឱ្យបានចំនួន៥សែននាក់ត្រឹមខែមេសា ឆ្នាំ២០២១។
 


នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធចាន់ អូចារ។ រូបភាព៖AP

លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បានចាក់វ៉ាក់សាំងក្រុមហ៊ុន AstraZeneca នៅថ្ងៃទី១៦ ខែមីនា។ ថៃ ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងនៅថ្ងៃទី១ ខែមីនា ដោយប្រើប្រាស់វ៉ាក់សាំង AstraZeneca ផលិតដោយរោងចក្រ កូរ៉េខាងត្បូង និងវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac។ ថៃគ្រោងចាក់វ៉ាក់សាំង ដល់ប្រជាជន ឱ្យបាន៣១លាននាក់ ត្រឹមចុងឆ្នាំ២០២១ នៃចំនួនប្រជាជន៦៦លាននាក់។ 
 
វៀតណាម ចាប់ផ្តើមចាក់វ៉ាក់សាំងនាដើមខែមីនា ដោយប្រើប្រាស់វ៉ាក់សាំងចំនួន៦០លានដូស និងវ៉ាក់សាំងតាម យន្តការ COVAX ។ ក្នុងដំណាក់កាលទី១ មន្ត្រីសុខាភិបាល និងអ្នកប្រយុទ្ធនឹង ជំងឺកូវីដ-១៩ ជាង៦សែននាក់ នឹងទទួលបានវ៉ាក់សាំង។ ចាប់ពីខែមិថុនា វៀតណាមដាក់ផែនការចាក់វ៉ាក់សាំងដល់មនុស្សចំនួន១,៨លាននាក់ ដែលមានមន្ត្រីគយ អ្នកការទូត ប៉ូលិស ទាហាន និងគ្រូបង្រៀន។ ប្រទេសដែលមានប្រជាជន៩៨លាននាក់នេះ ក៏គ្រោងចាក់វ៉ាក់សាំងដល់មនុស្សចំនួន១៦លាននាក់ផ្សេងទៀតត្រឹមបំណាច់ខែកញ្ញា។ 
 
ចំណែកមីយ៉ាន់ម៉ា ចាប់ផ្តើមការចាក់វ៉ាក់សាំងនាថ្ងៃទី២៧ ខែមករា។ នាពាក់កណ្តាលខែមករា មីយ៉ាន់ម៉ាទទួលបានវ៉ាក់សាំង Covisheild ចំនួន១,៥លានដូសពីឥណ្ឌា។ រដ្ឋប្រហារដោយក្រុមយោធា នាថ្ងៃទី១ ខែកុម្ភៈ និងបាតុកម្មរបស់មន្ត្រីរដ្ឋការ ក៏ដូចជាគ្រូពេទ្យធ្វើឱ្យដំណើរការចាក់វ៉ាក់សាំងក្នុងប្រទសនេះនៅនឹងថ្កល់។
 
ហ្វីលីពីន ចាប់ផ្តើមការចាក់វ៉ាក់សាំងជាផ្លូវការនៅថ្ងៃទី១ ខែមីនាដោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac។ រដ្ឋាភិបាលប្រទេសនេះគ្រោងផ្តល់វ៉ាក់សាំងចំនួនពី៥០ ទៅ៧០ភាគរយនៃចំនួនប្រជាជនគិតត្រឹមឆ្នាំ២០២១។ ហ្វីលីពីនបានកក់វ៉ាក់សាំងចំនួន១៤៨លានដូស មកពីក្រុមហ៊ុនចំនួន៧គឺ Pfizer, AstraZeneca, Moderna, Novavax, Sinovac, Gamaleya និង Johnson &Johnson។
 
ឡាវបានចាប់ផ្តើមការចាក់វ៉ាក់សាំងទ្រង់ទ្រាយតូចទៅក្រុមគ្រូពេទ្យក្នុងខែមករា និងចាប់ផ្តើមការចាក់វ៉ាក់សាំង ទូទាំងប្រទេសនាពាក់កណ្តាលឆ្នាំ២០២១។ ប្រទេសនេះទើប ទទួលបានវ៉ាក់សាំងCovishield ចំនួន ១៣២,០០០ ដូសពីយន្តការCOVAX ដោយក្រុមងាយរងគ្រោះដូចជាគ្រូពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ នឹងទទួលបានការ ចាក់ វ៉ាក់សាំងមុនគេ។ ឡាវក៏ទទួលបានវ៉ាក់សាំង Sinopharm ចំនួន៣សែនដូសពីចិន និងគ្រោងទទួលវ៉ាក់សាំង SputnikV ចំនួន២លានដូសពីរុស្ស៊ី។
 
ព្រុយណេដែលមានប្រជាជនចំនួន៥សែននាក់ នឹងចាប់ផ្តើមចាក់វ៉ាក់សាំង នៅពេលទទួលបាន វ៉ាក់សាំង AstraZeneca នាចុងខែមីនា។ ការចាក់ដំណាក់កាលពី១ ផ្តោតទៅលើបុគ្គលិកសុខាភិបាល មនុស្សចាស់អាយុចាប់ពី៦០ឆ្នាំឡើងទៅ និងនិស្សិតមកពីក្រៅប្រទេស។ ដំណាក់កាលទីពីរ គឺការចាក់វ៉ាក់សាំងដល់គ្រូបង្រៀន អ្នកមើលថែកុមារ និងមនុស្សពេញវ័យដែលងាយឆ្លងជំងឺ។ ដំណាក់កាលពីបី គឺការចាក់វ៉ាកសាំងដល់ប្រជាជនដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ៕
 

Tag:
 អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com