ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជួយចែករំលែក! ចង់រក្សាសុខភាព “ប្រមាត់” ត្រូវមានរបបអាហារបែបនេះ
29, Mar 2021 , 10:59 pm        
រូបភាព
ប្រមាត់​ គឺជា​សរីរាង្គ​តូច​មួយដែល​ស្ថិត​នៅ​ខាងក្រោម​ថ្លើម។ ប្រមាត់​មាន​តួនាទី​សំខាន់​ក្នុង​ការ​ស្តុកនិង​បញ្ចេញ​ទឹកប្រមាត់ចូល​ទៅ​ក្នុង​ពោះវៀន​ដើម្បី​ជួយ​ក្នុង​ដំណើរការ​រំលាយ​អាហារ ។ ការយល់ដឹងពីប្រភេទនៃអាហារដែលគួរ និងមិនគួរទទួលទាន គឺសំខាន់ណាស់ សម្រាប់អ្នកដែលកំពុងជួបប្រទះបញ្ហាថង់ទឹកប្រមាត់ ដូចជាជំងឺក្រួសក្នុងប្រមាត់ដើម្បីជៀសវាង ឬទប់ស្កាត់ផលវិបាកធ្ងន់ធ្ងរកើតឡើង។ របបអាហារត្រឹមត្រូវក៏ចាំបាច់ដូចគ្នាសម្រាប់អ្នកដែលចង់រក្សាបាននូវសុខភាពថង់ទឹកប្រមាត់ល្អប្រសើរ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះក្នុងការទទួលទានអាហារដើម្បីរក្សាសុខភាពថង់ទឹកប្រមាត់ ៖

 
១. ទទួលទានអាហារសម្បូរជាតិសសៃ
 
ដើម្បីជំនួយដល់មុខងារប្រមាត់ឱ្យកាន់តែមានលក្ខណៈប្រសើរឡើងនិងដំណើរការបានយ៉ាងមានប្រសិទ្ធភាព ចូរព្យាយាមទទួលទានអាហារសម្បូរជាតិសសៃឱ្យបានពី ៣០ ទៅ ៤០ ភាគក្នុងមួយថ្ងៃ។ ជាតិសសៃជួយទប់ស្កាត់ហានិភ័យនៃជំងឺក្រួសក្នុងថង់ទឹកប្រមាត់គួរឱ្យកត់សម្គាល់។
 
២. បន្ថែមប្រូតេអ៊ីនគ្មានខ្លាញ់ក្នុងរបបអាហារប្រចាំថ្ងៃ
 
គន្លឹះដ៏ចាំបាច់បំផុតមួយទៀតដើម្បីរក្សាសុខភាពប្រមាត់ ឬថង់ទឹកប្រមាត់ គឺការរួមបញ្ចូលប្រូតេអ៊ីនគ្មានខ្លាញ់ក្នុងរបបអាហារប្រចាំថ្ងៃ។ ប្រូតេអ៊ីនប្រភេទនេះជួយកាត់បន្ថយសម្ពាធលើប្រមាត់ ព្រមទាំងបញ្ជូនរាល់សារធាតុចិញ្ចឹមសំខាន់ទៅប្រមាត់ដើម្បីដំណើរការមុខងារបានប្រក្រតី។
 
៣. កុំរំលងមើមឆៃថាវក្រហម
 
បន្លែមើមនេះមានលក្ខណៈសម្បត្តិកម្ចាត់ជាតិពុលនិងអាចជួយឱ្យការផលិតទឹកប្រមាត់កាន់តែមានលក្ខណៈប្រសើរឡើងដើម្បីបំបែករាល់ជាតិខ្លាញ់មិនល្អដែលប្រមូលផ្ដុំក្នុងប្រមាត់។
 
៤. អាហារសម្បូរជាតិប៉ូតាស្យូម
 
អាហារដែលមានផ្ទុកសម្បួរទៅដោយជាតិប៉ូតាស្យូមដូចជាចេក ផ្លែបឺរ ប៉េងប៉ោះ បន្លែបៃតង និងសូម្បីតែដំឡូងផ្អែម គឺល្អណាស់សម្រាប់រួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃដើម្បីជម្រុញមុខងារប្រមាត់ឱ្យប្រសើរឡើង។ អាហារប្រភេទនេះក៏ជួយទប់ស្កាត់ហានិភ័យនៃជំងឺក្រួសក្នុងតម្រងនោម ព្រមទាំងផ្ដល់សារធាតុចិញ្ចឹមជាច្រើនដល់រាងកាយដើម្បីរក្សាសុខភាពល្អរឹងមាំផងដែរ។
 
៥. ទទួលទានទឹកក្រូចឆ្មារនៅពេលព្រឹក
 
គន្លឹះនេះមិនត្រឹមតែជួយដល់ការសម្រកទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ល្អសម្រាប់ប្រមាត់ផងដែរតាមរយៈការជម្រះរាល់ជាតិពុលពីក្នុងរាងកាយ ដូច្នេះប្រមាត់នឹងអាចដំណើរការមុខងារប្រកបដោយប្រសិទ្ធភាពខ្ពស់។
 
៦. ចៀសវាងរំលងមិនទទួលទានអាហារ
 
ទឹកប្រមាត់នៅក្នុងថង់ទឹកប្រមាត់ត្រូវបានបញ្ចេញនៅរាល់ពេលអ្នកទទួលទាន។ ប្រសិនបើអ្នករំលងមិនទទួលទានអាហារមួយពេលនោះទឹកប្រមាត់នឹងស្ថិតនៅក្នុងថង់ទឹកប្រមាត់រហូតដល់អ្នកដាក់អ្វីមួយចូលក្នុងមាត់ ហើយនេះបង្កើនហានិភ័យនៃក្រួសក្នុងថង់ទឹកប្រមាត់ឱ្យកើតមានឡើង។ ក្រៅពីនេះទម្លាប់នៃការរំលងមិនទទួលទានអាហារក៏អាចបង្កបញ្ហាផ្សេងៗពាក់ព័ន្ធប្រព័ន្ធរំលាយផងដែរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com