ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាលបញ្ចេញថវិកា២០០លានដុល្លារ ដើម្បីស្តារអាជីវកម្មពីវិបត្តិកូវីដ-១៩
29, Mar 2021 , 5:18 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឱ្យដំណើរការនូវគម្រោងធានាឥណ ដើម្បីស្តារអាជីវកម្ម (Business Recovery Guarantee Scheme_BRGS) របស់សាជីវកម្មធានាឥណទានកម្ពុជា(CGCC)នៅថ្ងៃទី២៩មីនានេះ។ គម្រោងនេះ មានទឹកប្រាក់២០០លានដុល្លារ ដើម្បីគាំទ្រនិរន្តភាព និងការងើបឡើងវិញនៃសេដ្ឋកិច្ច ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ (COVID-19) ។នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងសេដ្ឋកិច្ច និងCGCC ។



សាជីវកម្មធានាឥណទានកម្ពុជា ជាក្រុមហ៊ុនធានាឥណទានមុនដំបូងបង្អស់នៅកម្ពុជា ដែលសម្រេចបង្កើតឡើងដោយ សម្តេច ហ៊ុន សែន  ។ សាជីវកម្មនេះ ជាសហគ្រាសសាធារណៈស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការបង្កើតគម្រោងធានាឥណទាននេះឡើង គឺសម្រាប់គាំទ្រដល់ ក្រុមហ៊ុន និងអាជីវកម្មនានា ទាំងខ្នាតធំ, ខ្នាតតូច និងមធ្យម ក្នុងការពង្រីកលទ្ធភាពទទួលបានហិញ្ញប្បទាន ពីដៃគូគ្រឹះស្ថានហិរញ្ញវត្ថុនានា  សម្រាប់កៀរគរទុនបង្វិល  វិនិយោគ និងការពង្រីកអាជីវកម្ម។ 
 
សេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងសេដ្ឋកិច្ច និងCGCC បានអះអាងថា កញ្ចប់ថវិកាដំបូង២០០លានដុល្លារនៃគម្រោងឥណទានដើម្បីស្តារអាជីវកម្មនេះ នឹងចូលរួមបង្កើនទំហំឥណទានថ្មីនៅក្នុងវិស័យធនាគារ សម្រាប់សហគ្រិន ឬម្ចាស់អាជីវកម្មគ្រប់វិស័យ ដោយពួកគេអាចស្នើសុំឥណទានទាំងនេះ ពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម(PFIs) របស់CGCC។  
 
គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម(PFIs) មាន ធនាគារអេស៊ីលីដា,  ធនាគារប្រៃណីយ៍កម្ពុជា, ធនាគារកាណាឌីយ៉ា, ធនាគារព្រីនស៍, ធនាគារហ្វីលីព, ធនាគារអាស៊ា-ប៉ាស៊ីហ្វិក និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលសហគ្រិន ឬម្ចាស់អាជីវកម្មខ្នាតធំ តូច និងមធ្យម ត្រូវស្នើសុំឥណទានដើម្បីស្តារអាជីវកម្ម របស់CGCCនេះ។ សេចក្តីប្រកាសព័ត៌មានដដែល បន្តរៀបរាប់ថា ៖«ការធានាឥណទានរបស់សាជីវកម្មធានាឥណទានកម្ពុជា នឹងដើរតួជាទ្រព្យបញ្ចាំចាប់ពី៧០ទៅ៨០ភាគរយ នៃទំហំឥណទានដែលផ្តល់ដោយPFIs។ ដូច្នេះ នឹងជួយកាត់បន្ថយតម្រូវការព្រទ្យបញ្ចាំពីអាជីវកម្មដែលស្នើកម្ចី»។
 
ចំពោះអាជីវកម្មដែលមានម្ចាស់ជាសញ្ជាតិកម្ពុជា កាន់កាប់ភាគហ៊ុនលើសពី៥០ភាគរយ គឺអាចទទួលបានការធានាឥណទានពីសាជីវកម្មធានាឥណទានកម្ពុជា តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម(PFIs)។
 
លោក រស់ សីលវ៉ា រដ្ឋលខាធិការក្រសួងសេដ្ឋកិច្ច  និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់សាជីវកម្មធានាឥណទានកម្ពុជា បានបញ្ជាក់ថា ការដាក់ឱ្យដំណើរការនូវ BRGS នេះ គឺជាការគាំទ្រដល់អាជីវកម្ម ដែលគ្រោងស្នើសុំឥណទាន ពីគ្រឹះស្ថានហិរញ្ញវត្ថុ(PFIs)នានា ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ ដែលផ្ទុះឡើងតាំងពីដើមឆ្នាំ២០២០មក ។ គម្រោងនេះ នឹងចូលរួមគាំទ្រដល់គោលនយោបាយរក្សាកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្នរបស់រដ្ឋាភិបាល និងស្របទៅតាមបរិបទថ្មី សម្រាប់អាជីវកម្ម បន្ទាប់ពីករណីវីរុសកូវីដ១៩ ត្រូវបានគ្រប់គ្រង។ លោក រស់ សីលវ៉ា បានលើកឡើងដូច្នេះនៅក្នុងសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងសេដ្ឋកិច្ច និង CGCC។
 
បើតាមលោក មាស សុខសេនសាន្ត អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច បច្ចុប្បន្នសហគ្រិនខ្មែរ និងម្ចាស់អាជីវកម្មខ្លះ គ្មានទ្រព្យបញ្ចាំ ឬអស់ទ្រព្យបញ្ចាំសម្រាប់ស្នើសុំឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុនានា  ខណៈសហគ្រិនទាំងនោះ ត្រូវការឥណទាន ដើម្បីស្តារឬពង្រឹងអាជីវកម្មរបស់ខ្លួនដែលរងគ្រោះ ដោយសារតែវិបត្តិកូវីដ-១៩។ លោកមាស សុខសេនសាន្ត បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា សហគ្រិនឬម្ចាស់អាជីវកម្មនៅក្នុងគ្រប់វិស័យ គឺអាចស្នើសុំឥណទានរបស់CGCCបាន តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម(PFIs)។
 
កាលពីថ្ងៃទី៣០កក្កដា ឆ្នាំ២០២០ លោក រស់ សីលវ៉ា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ដំណើរការ និងនីតិវិធីនៃគម្រោងហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម(SME)» នៅទីស្តីការគណៈរដ្ឋមន្ត្រីថា រដ្ឋាភិបាលបានបម្រុងថវិកា៥០០លានដុល្លារ ដោយក្នុងនោះ មាន២០០លានដុល្លារ សម្រាប់គម្រោងធានាឥណទាន ដែលក្រសួងសេដ្ឋកិច្ច បានដាក់ឱ្យដំណើរ នៅថ្ងៃទី២៩មីនា  ឆ្នាំ២០២១ និង៣០០លានដុល្លារទៀត សម្រាប់ផ្ដល់ឱ្យធនាគារធុនតូចនិងមធ្យម(SME Bank) នៅកម្ពុជា តាមរយៈគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SCFS “Scheme”)៕
 

© រក្សាសិទ្ធិដោយ thmeythmey.com