ពីនេះ ពីនោះ
វ៉ាក់សាំង៖ មិនបង្ខំឲ្យចាក់ តែគួរជា«ជម្រើស»ដែលត្រូវចាក់!
30, Mar 2021 , 9:35 am        
រូបភាព
ដោយ: ថ្មីៗ
សំណាង និងសុធីរ អផ្សុកខ្លាំងណាស់ ព្រោះ មិនបានទៅក្រេបកាហ្វេដូចទម្លាប់។ កូវីដ បានរារាំងមិត្តទាំងពីរអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ។ មិនបានចេញក្រៅ ដូច្នេះក្លើទាំងពីរគិតតែពីអង្គុយ ឬដេកមើលហ្វេសប៊ុក ឬស្តាប់ការនិយាយរឿងរ៉ាវផ្សេងៗទាក់ទងទៅនឹងរឿងចាក់វ៉ាក់សាំងជាដើម។


 
សំណាង៖ អា សុធីរ! អ្ហែងចាក់វ៉ាក់សាំងហើយឬនៅ? 
 
សុធីរ៖ អញចាក់លើកទី២រួចហើយ។ 
 
សំណាង៖ អ្ហែងចាក់វ៉ាក់សាំងអីដែរ?   
 
សុធីរ៖ អញចាក់តាមគោលការណ៍ក្រសួងសុខាភិបាល។ អញនៅក្មេង អញចាក់របស់ចិន។ បើអ្នកមានអាយុលើសពី៦០ អញអាចចាក់របស់អង់គ្លេស។ 
 
សំណាង៖ អ្ហែងអត់ខ្លាចទេឬចាក់វ៉ាក់សាំងរបស់ចិន?។ 
 
សុធីរ៖ ម៉េចបានត្រូវខ្លាច។ ចាក់វ៉ាក់សាំងដើម្បីបង្ការកុំឲ្យឆ្លងកូវីដ ម៉េចបានជាខ្លាចទៅវិញ? មិនមែនតែកម្ពុជាទេទទួល និងចាក់វ៉ាក់សាំងចិននោះ ប្រទេសជាច្រើន ហើយក៏មានមេដឹកនាំជាច្រើនផងដែរដែលបានចាក់វ៉ាក់សាំងចិននោះ។ វេជ្ជបណ្ឌិតជាច្រើនក៏បានណែនាំឲ្យពលរដ្ឋចាក់វ៉ាក់សាំង ទោះជាវ៉ាក់សាំងផលិតនៅចិន នៅឥណ្ឌា នៅអង់គ្លេស ឬនៅអាមេរិក។ និយាយជារួម ឲ្យតែមានវ៉ាក់សាំងចាក់ ចេះតែចាក់ទៅ។ គេខ្លាច ខ្លាចតែអត់វ៉ាក់សាំងចាក់តើ! 
 
សំណាង៖ តែអញលឺគេថា វ៉ាក់សាំងចិនមិនល្អ។ អាហ្នឹងយ៉ាងម៉េចទៅវិញ? 
 
សុធីរ៖ អ្ហែងលឺគេថា ឡាគេធឺ។ ផ្ទុយទៅវិញ អញស្តាប់អ្នកជំនាញ ហើយពួកគេពន្យល់ថា វ៉ាក់សាំងនៃប្រទេសនីមួយៗមានប្រសិទ្ធិភាពខុសៗគ្នា។ វ៉ាក់សាំងផលិតនៅចិនមានប្រសិទ្ធិភាពប្រមាណជា៨០%។ វ៉ាក់សាំងផលិតនៅអង់គ្លេស និងនៅអាមេរិកមានប្រសិទ្ធិភាពជាង៩០%។ និយាយជារួម គ្រប់វ៉ាក់សាំងទាំងអស់មានប្រសិទ្ធិភាពបង្ការមេរោគកូវីដទាំងអស់ គ្រាន់តែកម្រិតនៃប្រសិទ្ធិភាពខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ។ ហើយនេះជារឿងទូទៅនៃប្រសិទ្ធិភាពវេជ្ជសាស្រ្តទេតើ។ 
 
សំណាង៖ ជារួម មានន័យថា បើពលរដ្ឋគ្រប់គ្នាចាក់វ៉ាក់សាំងវានឹងបង្ការមេរោគកូវីដទេតើ មិនថាអ៊ីចឹង អា សុធីរ? 
 
សុធីរ៖ អានេះ សួរដូចជាមិនសួរ។ ជារួម បើគ្រប់គ្នា មិនថាតែនៅកម្ពុជាទេ ទទួលបានការចាក់វ៉ាក់សាំង ពេលនោះ អត្រានៃការឆ្លងនឹងថយចុះជាក់ជាពុំខាន។ ម្យ៉ាងទៀត នៅពេលដែលអត្រានៃការឆ្លងថយចុះ ពេលនោះ សកម្មភាពសេដ្ឋកិច្ចនឹងងើបឡើងវិញ។ 
 
សំណាង៖ អញសួរអ្ហែងមួយសំណួរទៀត តើការចាក់វ៉ាក់សាំង គឺជាកាតព្វកិច្ច ឬជាគោលការណ៍ស្ម័គ្រចិត្ត ឬជាជម្រើស? 
 
សុធីរ៖ រឿងចាក់វ៉ាក់សាំងនេះ គឺជាគោលការណ៍ស្ម័គ្រចិត្ត និងជាជម្រើសនៃបុគ្គលម្នាក់ៗ។ ទោះជាជម្រើសបុគ្គលក៏ដោយ តែគួរជាជម្រើសដែលត្រូវនាំគ្នាចាក់ ពីព្រោះ កាលណាចំនួនមនុស្សបានចាក់កាន់តែច្រើន ការឆ្លងកាន់តែថយចុះ ហើយពេលនោះ ជីវិតសេដ្ឋកិច្ចអាចនឹងរស់ឡើងវិញឆាប់រហ័ស។ រឿងហ្នឹង គឺវាអ៊ីចឹងឯងណ៎ា អា សំឡាញ់៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com