ជាតិ
សេដ្ឋកិច្ច
លោក ខាន់ ស៊ីណា ដាក់លក់ល្ពៅ និងម្ទេស តាមអនឡាញ ដោយសារគ្មានអ្នកទៅទិញផ្ទាល់
31, Mar 2021 , 9:30 am        
រូបភាព
Front-លោក ខាន់ ស៊ីណា(រូបទាំងអស់បានពីហ្វេសប៊ុកលោក ស៊ីណា)
Front-លោក ខាន់ ស៊ីណា(រូបទាំងអស់បានពីហ្វេសប៊ុកលោក ស៊ីណា)
ដោយ:
លោក ខាន់ ស៊ីណា ប្រកាសលក់ល្ពៅ និងម្ទេស តាមហ្វេសប៊ុក ក្រោយតម្លៃ ល្ពៅ និងម្ទេស ក្នុងធ្លាក់ថ្លៃ និងមិនមានឈ្មួញចុះទិញ។ បើតាមកសិករខេត្តសៀមរាប ប្រាប់ថា សព្វថ្ងៃល្ពៅ មានតម្លៃ ៦០០រៀល ទៅ ៧០០រៀល ក្នុងមួយគីឡូក្រាម។ ចំណែកម្ទេសវិញ មានតម្លៃ ៥ ០០០រៀលទៅ ៦ ០០០រៀល ក្នុងមួយគីឡូក្រាម។

 
លោក ខាន់ ស៊ីណា ជាអ្នកលក់កសិផលខ្មែរ តាមបណ្ដាញអនឡាញ ស្ថិតក្នុងខេត្តសៀមរាប បានរៀបរាប់ប្រាប់ សារព័ត៌មានThmeyThmey25 ថា កសិផលមួយចំនួនក្នុងខេត្តសៀមរាបកំពុងធ្លាក់ថ្លៃ និងមិនសូវមានអ្នកទិញ។ ដោយលោកមានគ្រួសារជាអ្នកប្រកបរបរកសិកម្ម លោកក៏សម្រេច ឆ្លៀតពេលទំនេរ ពីការងារជាអាជីវករ ជួយលក់កសិផលតាមអនឡាញ។
 
ការធ្លាក់ថ្លៃនូវផលិតផលកសិកម្មនាពេលនេះ ទាំងអ្នកជំនាញក្នុងវិស័យកសិកម្ម និងកសិករ បានអះអាងថា ដោយសារតែវិបត្តិកូវីដ-១៩។ កសិករខេត្តសៀមរាប លោក ខាន់ ស៊ីណា បានប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទថា ផលិតផលកសិកម្ម ជាច្រើន ក្នុងខេត្តសៀមរាប កំពុងជួបបញ្ហាប្រឈម ឈ្មួញឈប់ចុះមកទិញ ក៏ព្រោះគេបិទផ្លូវ ព្រោះបញ្ហាកូវីដ-១៩។


 
មានទីលំនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប លោក ខាន់ ស៊ីណា បានអះអាងប្រាប់សារព័ត៌មានThmeyThmey25 ដូច្នេះ៖«ម្ទេសកាលពីមុនលក់បាន តម្លៃ ១ម៉ឺនរៀល ទៅ ២ម៉ឺនរៀល តែពេលនេះលក់បានត្រឹម ៤ពាន់រៀល ទៅ ៥ពាន់រៀល ប៉ុណ្ណោះ ហើយក៏មិនសូវមានអ្នកទិញដែរ ខណៈល្ពៅវិញ លក់បានត្រឹម ៦០០រៀល ទៅ ៧០០រៀល»។
 
«គ្រួសារខ្ញុំដាំជាលក្ខណៈគ្រួសារទេ ដោយមានដីប្រមាណជាង ១ហិកតា មានដាំដូចជាល្ពៅ ម្ទេស ពោត តាសក់ និងឪឡឹក ជាដើម។ ពីមុនល្ពៅ លក់បាន ៧០០រៀល ទៅ ៨០០រៀល ហើយឈ្មួញមកទិញអស់ៗ។ ម្ទេស ក៏អ៊ីចឹង លក់ថ្លៃហើយសម្បូរអ្នកទិញទៀត»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក លោក ខាន់ ស៊ីណា។
 
ជាអាជីវករលក់ដូរក្នុងក្រុងសៀមរាបផង និងមានគ្រួសារជាអ្នកដាំបន្លែចម្រុះផង លោក ស៊ីណា ក៏ឆ្លៀតពេលទំនេរ ពីការលក់ដូរ មកជួយលក់កសិផល តាមអនឡាញ ព្រោះតែវិបត្តិកូវីដ-១៩ មិនឈ្មួញចុះមកទិញកសិផល របស់កសិករ។
 
អ្នកខេត្តសៀមរាបរូបនេះប្រាប់ថា ដ្បិតការលក់តាមអនឡាញ ទទួលបានផលតិចតួច តែវាក៏ជួយដោះស្រាយបញ្ហាទីផ្សារខ្លះៗ របស់គ្រួសារដែរ។ «ទោះមិនបានច្រើន ក៏ជួយបានខ្លះដែរ ព្រោះតាំងខ្ញុំផុសក្នុងហ្វេសប៊ុក ក៏មានអ្នកសួរខ្លះៗដែរ»។ នេះបើតាមលោក ស៊ីណា។
 
ទាក់ទងបញ្ហានេះ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប បានទទួលស្គាល់ថា បន្លែស្ទើរគ្រប់មុខ ក្នុងខេត្តសៀមរាប ពិតជាធ្លាក់ថ្លៃពិតមែន តែមិនទាន់ជាហានិភ័យនោះទេ។ 
 
«ខេត្តសៀមរាប បម្រើឲ្យវិស័យទេសចរណ៍ បើមិនមានភ្ញៀវទេសចរ ផលិតផលកសិកម្មក៏លក់មិនបានថ្លៃដែរ។ ជារឿងធម្មតាទេ បច្ចុប្បន្នកំពុងមានបញ្ហាជំងឺកូវីដ-១៩ តម្រូវការបានថយចុះ តែកសិករនៅផលិតដដែល ដូច្នេះទើបការផ្គត់ផ្គង់លើសតម្រូវការ»។ នេះជាការលើកឡើងរបស់ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប អះអាងប្រាប់សារព័ត៌មានThmeyThmey25៕
 

Tag:
 ល្ពៅ
 ម្ទេស
 សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com