អន្តរជាតិ
របាយការណ៍ផ្លូវការ៖ បេសកកម្ម WHO មិនអាចកំណត់ប្រភពជាក់លាក់របស់ជំងឺកូវីដ-១៩ ដដែល
31, Mar 2021 , 9:00 am        
រូបភាព
ដោយ:
ក្រុមការងារអង្គការសុខភាពពិភពលោក (WHO) ដែលរួមគ្នាស្រាវជ្រាវរកប្រភពជំងឺកូវីដ-១៩ ជាមួយអ្នក វិទ្យាសាស្ត្រចិន បានចេញរបាយការណ៍ពីប្រភពនៃជំងឺកូវីដ-១៩នៅថ្ងៃទី៣០ ខែមីនា។ របាយការណ៍កម្រាស់ ១២៣ទំព័រនេះពុំបានចេញសេចក្តីសន្និដ្ឋានដាច់ណាត់ពីសេណារីយ៉ូដែលបណ្តាលឱ្យផ្ទុះជំងឺកូវីដ-១៩ឡើយ។


ក្រុមការងារ WHO ចាប់ផ្តើមបេសកកម្មរបស់ខ្លួននៅថ្ងៃទី២៩ ខែមករា។ ក្រុមការងារនេះ ដឹកនាំដោយ លោកវេជ្ជបណ្ឌិត Peter Ben Embarek អ្នកជំនាញសុខភាពស្បៀង និងជំងឺសត្វរបស់ WHO ។ បេសកកម្មនេះ ធ្វើឡើងជាងមួយឆ្នាំក្រោយជំងឺកូវីដ-១៩ អុកឡុកពិភពលោក។ ប្រភពជាក់លាក់ និងការចម្លងវីរុស នៅតែជា អាថ៌កំបាំងដដែល។
សេណារីយ៉ូទាំងបួន
 
សេណារីយ៉ូចំនួន៤ ត្រូវក្រុមការងារលើក្នុងរបាយការណ៍របស់ខ្លួន។ សេណារីយ៉ូដែលមួយដែល WHO អះអាងថា «ទំនងជាកើតមានខ្លាំង» នោះ គឺការឆ្លងទៅមនុស្សតាមរយៈសត្វ ដែលមកដល់ពេលនេះគេពុំទាន់អាចកំណត់ថា ជាសត្វអ្វីឱ្យបានជាក់លាក់នៅឡើយទេ។ ចំណែកសេណារីយ៉ូដែលលើកឡើងថាវីរុសនោះ ធ្លាយចេញពីមន្ទីរ ពិសោធន៍ក្រុងវូហានត្រូវបានក្រុមស្រាវជ្រាវអះអាងថា «ទំនងជាមិនអាចកើតមានខ្លាំង» ។ សេណារីយ៉ូពីរទៀត ត្រូវបាន WHO អះអាងថា មានលទ្ធភាពនៃការកើតឡើងស្ថិតនៅចន្លោះសេណារីយ៉ូពីរខាងលើ។ សេណារីយ៉ូ ទាំងពីរនោះ គឺការឆ្លងដោយផ្ទាល់ពីសត្វប្រចៀវមកមនុស្ស និងការឆ្លងតាមម្ហូបអាហារកកដែលនាំចូល។
 
ជាមួយគ្នានេះ មេរោគក្នុងសត្វប្រជៀវនៅខេត្តយូណានរបស់ចិន ត្រូវបានរបាយការណ៍នេះលើកឡើងថា មានទម្រង់ ដូចគ្នាខ្លាំងទៅនឹងវីរុស SARS-CoV-2 ដែលបង្កទៅជាជំងឺកូវីដ-១៩។ យ៉ាងណាក្តី ភាពខុសគ្នាខ្លះនៃទម្រង់របស់ វីរុសទាំងពីរ ត្រូវបានរបាយការណ៍កត់សម្គាល់ថា មានការវិវត្តខុសគ្នាជាច្រើនទសវត្សរ៍ ហើយសត្វផ្សេងទៀតអាច មាននាទីជាអន្តរការីក្នុងការចម្លងមកមនុស្សផងដែរ។ ប៉ុន្តែរបាយការណ៍នេះពុំបានបង្ហាញភស្តុតាងថា សត្វអ្វីជា អន្តរការីឡើយ។ 
 
ក្រុមការងារអះអាងថា ខ្លួនរកឃើញវីរុសស្រដៀងគ្នានេះក្នុងសត្វពង្រូល ប៉ុន្តែពុំមានព័ស្តុតាងរឹងមាំណាមួយដែល សត្វនេះជាអន្តរការីឡើយ។ របាយការណ៍ខាងលើនេះលើកឡើងពីការសង្ស័យដែលសត្វឆ្មា និងកណ្តុរ Mink អាច ជាសត្វដែលផ្ទុកវីរុសកូវីដ-១៩ ដោយសារសត្វទាំងនេះឆ្លងជំងឺកូវីដ-១៩ ក្រោយមានការផ្ទុះឡើងនៃជំងឺរាលដាល នេះ។
 
មុននិងអំឡុងពេលដែលក្រុមការងារនេះស៊ើបអង្កេតស្វែងរកប្រភពជំងឺឆ្លង រដ្ឋាភិបាលចិនលើកឡើងថា វីរុស SARS-CoV-2  អាចមានប្រភពក្នុងអាហារកកដែលនាំចូលពីបរទេស។ ត្រង់នេះ ក្រុមការងារ WHO អះអាងថា ក្រុងវូហានមានលក់អាហារកកជាច្រើន ហើយការផ្ទុះវីរុសនៅទីកន្លែងឯទៀតក្នុងលោកក៏មានជាប់ពាក់ព័ន្ធនឹង អាហារកកដែរ។ ក្រុមអ្នកស្រាវជ្រាវ ទទួលស្គាល់ថា វីរុសអាចបន្តមានជីវិតក្នុងអាហារកកទាំងនោះ។
 
ប៉ុន្តែលទ្ធភាពដែលជំងឺនេះសាយភាយតាមរយៈអាហារកកទាំងនោះមានកម្រិតទាបណាស់ និងអាចកើតមានតែ ក្នុងស្ថានការណ៍មិនធម្មតាដែលត្រូវមានការសាយភាយជំងឺក្នុងតំបន់ឯទៀត ហើយមានលក្ខណៈទូលំទូលាយ។ យ៉ាងណាមិញ  គេមិនមានភស្តុតាងអ្វីដែលបង្ហាញពីស្ថានការណ៍ទាំងនោះឡើយ។
 
លើសពីនោះ ក្រុមការងារ មិនអាចធ្វើសេចក្តីសន្និដ្ឋានរឹងមាំណាមួយពីតួនាទីរបស់ផ្សារ Huanan ក្នុងទីក្រុងវូហាន ចំពោះការផ្ទុះឡើងនៃជំងឺនេះឡើយ។ ទិន្ន័យនៃចំនួនអ្នកឆ្លងនៅគ្រាដំបូងអះអាងថា អ្នកឆ្លងចំនួន២៨ភាគរយ ឆ្លង ជំងឺនៅផ្សារនេះ ៥ភាគរយផ្សេងទៀតនៅផ្សារផ្សេងក្នុងទីក្រុងវូហាន និង៤៧ភាគរយផ្សេងទៀតពុំមានទំនាក់ទំនង ជាមួយផ្សារ Huanan ទាលតែសោះ។ របាយការណ៍នេះទទួលស្គាល់ថា អាចមានករណីឆ្លងច្រើនជាងនេះ ដោយ អ្នកឆ្លងពុំមានរោគសញ្ញា និងពុំស្វែងរកការព្យាបាល។
 
អ្វីដែលគួរឱ្យកត់សម្គាល់ ក្រុមការងារ WHO លើកឡើងថា មានអ្នកជំងឺចំនួន៩២ រូបដែលមានរោគសញ្ញាដូច ទៅនឹងជំងឺកូវីដ-១៩ តាំងតែពីខែតុលាមកម្ល៉េះ ពោលពីរខែមុនការផ្ទុះឡើងនៃជំងឺនេះ។
 
សេណារីយ៉ូដែលចម្រូងចម្រាស់បំផុតក្នុងរបាយការណ៍នេះ គឺការអះអាងថាវីរុសមានប្រភពពីមន្ទីរពិសោធន៍។ របាយការណ៍នេះទទួលស្គាល់ថា វិទ្យាស្ថានវីរុសាស្ត្រវូហាន (WIV) មានសំណាកនៃទម្រង់វីរុសកូរូណាដែល ស្រដៀងទៅនឹងវីរុស SARS-CoV-2 ប៉ុន្តែបដិសេធការបែកធ្លាយចេញពីទីនោះ ដោយអះអាងថា មន្ទីរពិសោធន៍ មានកំណត់ត្រាល្អផ្នែកសុវត្ថិភាព និងពុំមានគ្រោះថ្នាក់ ឬឧបទ្ទវហេតុអ្វីកើតឡើងឡើយ។ 
 
របាយការណ៍នេះស្រង់សក្ខីកម្មរបស់លោក Shi Zhengli ដែលជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានវូហាន និងបានធ្វើ ពិសោធន៍លើប្រជៀវ។ អ្នកស្រាវជ្រាវរូបនេះ អះអាងថា បុគ្គលិកធ្វើការនៅទីនេះពុំមានឆ្លងជំងឺអ្វីឡើយក្នុង រយៈពេល ៣ ឆ្នាំចុងក្រោយមកនេះ។
អាមេរិកនៅតែសង្ស័យ
 
ចំពោះរបាយការណ៍ស្រាវជ្រាវនេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្ល៊ីងខិននិយាយថា អាមេរិកបារម្ភ ចំពោះវិធីសាស្ត្រស្រាវជ្រាវ និងដំណាក់កាលនៃការសសេររបាយការណ៍ទាំងនោះ។ លោក ប្ល៊ីងខិន ថែមទាំង លើកឡើងថា ចិនជាអ្នកជួយសសេររបាយការណ៍ទាំងនោះ តែអាមេរិក នឹងពិនិត្យលើរបាយការណ៍ទាំងនេះនៅ ពេលចេញជាផ្លូវការ។ នេះជាការលើកឡើងរបស់ប្រមុខការបរទេសអាមេរិក ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ CNN ។
 
ចំណែកលោក Robert Redfield អតីតអគ្គនាយកមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងអាមេរិក ធ្លាប់ប្រាប់សារព័ត៌មាន CNN ថាលោកជឿថា ជំងឺនេះមានប្រភពចេញពីមន្ទីរពិសោធន៍វូហាន ដោយលោកអះអាងថា វាមិនមែនជារឿងមិន ធម្មតាឡើយដែលមេរោគក្នុងមន្ទីរពិសោធន៍ឆ្លងទៅបុគ្គលិកនោះ៕
 
 

Tag:
 ចិន
  WHO
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com