ជាតិ
យុវជនសកម្ម សេវាល្អ
យុវតី ប៊ុន គីមហ៊ួយ ជឿថាការសិក្សា នឹងធ្វើឱ្យខ្លួនមានជីវិតល្អប្រសើរនៅអនាគត
31, Mar 2021 , 10:13 am        
រូបភាព
ដោយ៖ សារឿន ស៊ីណាតវត្តី(យុវជនឃុំជុំគ្រៀល)
កំពត៖ យុវតី ប៊ុន គីមហ៊ួយ គឺជាសិស្សថ្នាក់ទី៩ ហើយក៏ជាសិស្សពូកែមួយរូបប្រចាំ អនុវិទ្យាល័យហ៊ុនសែនជុំគ្រៀល នៅក្នុងខេត្តកំពតផងដែរ។ មានឪពុក ជាជាងឈើ និងម្តាយជាអាជីវករលក់ដូរបន្តិចបន្តួច យុវសិស្សវ័យ១៤ ឆ្នាំរូបនេះ បានប្តេជ្ញាខិតខំសិក្សាឱ្យកាន់តែល្អប្រសើរថែមទៀតនៅក្នុងឆ្នាំប្រឡងមធ្យមសិក្សាបឋមភូមិនេះ។ ទោះមានវ័យក្មេងពិតមែន ប៉ុន្តែ យុវសិស្ស ប៊ុន គីមហ៊ួយ យល់ថាមានតែការសិក្សាអប់រំប៉ុណ្ណោះ ដែលធ្វើឲ្យនាងមានជីវិតដ៏ល្អនៅពេលអនាគត។


យុវតី ប៊ុន គីមហ៊ួយ ជាសិស្សថ្នាក់ទី ៩ នៃអនុវិទ្យាល័យហ៊ុនសែនជុំគ្រៀល ដែលស្ថិតក្នុងឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។ យុវសិស្ស គីមហ៊ួយ ក៏ជាសិស្សឆ្នើមមួយរូបប្រចាំសាលាផងដែរ។ 
 
គីមហ៊ួយ  បានឲ្យដឹងថា មានមូលហេតុជាច្រើន ដែលធ្វើឱ្យនាង ក្លាយទៅជាសិស្សឆ្នើមម្នាក់ ក្នុងនោះ មានទាំងកត្តាខ្លួនឯងផង ការជ្រោមជ្រែងពីគ្រួសារ និងការលើកទឹកចិត្ត និងសាទរ ពីមិត្តភក្តិ និងលោកគ្រូ អ្នកគ្រូផង។ យុវសិស្ស ប៊ុន គីមហ៊ួយ ពន្យល់បន្ថែមពីកត្តាផ្ទាល់ខ្លួន ដែលធ្វើឱ្យការសិក្សារប់សនាងបានលទ្ធផលល្អ ដូច្នេះថា៖ «ពេលទំនេរអ៊ីចឹង ខ្ញុំអានសៀវភៅច្រើន ហើយធ្វើលំហាត់ច្រើន។ ពេលខ្លះខ្ញុំ ចូលចិត្តស្រាវជ្រាវពីអ្វីថ្មីៗ ហើយខ្ញុំបែងចែកពេលវេលាដាច់ពីគ្នា ដូចជាម៉ោងណា ខ្ញុំត្រូវអាន ម៉ោងណា ខ្ញុំត្រូវធ្វើលំហាត់ ម៉ោងណាខ្ញុំត្រូវលេង(កម្សាន្ត) ដើម្បីកុំឱ្យស្ត្រេសពេក»។
 
យុវសិស្ស ប៊ុន គីមហ៊ួយ បន្តទៀតថា ការគាំទ្រ ពីក្រុមគ្រួសារ មិត្តភក្ត គ្រូ និងមនុស្សជុំវិញខ្លួន ក៏បានរួមចំណែកលើកទឹកចិត្ត ឱ្យយុវសិស្សវ័យ ១៤ឆ្នាំរូបនេះ កាន់តែប្រឹងប្រែងរៀនសូត្របន្ថែមទៀតដែរ។ ទោះមានវ័យក្មេងពិតមែន ប៉ុន្តែ យុវសិស្សរូបនេះ ក៏ យល់ថាមានតែការសិក្សាអប់រំប៉ុណ្ណោះ ដែលធ្វើឲ្យនាងមានជីវិតដ៏ល្អនៅពេលអនាគត។ មិនតែប៉ុណ្ណោះបច្ចុប្បន្ន ស្ត្រី ក៏មានសមត្ថភាពធ្វើកិច្ចការងារល្អដូចបុរសដែរ។ «កាលណាមនុស្សប្រុស និងមនុស្សស្រីមានសិទ្ធិស្មើៗគ្នា ខ្ញុំជឿជាក់ថា បើមនុស្សប្រុសមានសមត្ថភាពប៉ុណ្ណា ឬអាចធ្វើបានប៉ុណ្ណានោះ មនុស្សស្រី ក៏អាចធ្វើបាន បែបនោះដែរ»។   នេះបើតាមការលើកឡើងរបស់យុវតី ប៊ុន គីមហ៊ួយ ។ 
 

 
ចំពោះការប្រលងថ្នាក់បឋមភូមិឆ្នាំនេះ នាងបានប្តេជ្ញាប្រឹងប្រែង ដើម្បីទទួលបានលទ្ធផលកាន់តែល្អ។ យុវសិស្ស ប៊ុន គីមហ៊ួយ លើកឡើងថា៖«សម្រាប់បឋមភូមិឆ្នាំនេះ ខ្ញុំកំពុងតែពង្រឹងសមត្តភាពរបស់ខ្ញុំ ឲ្យកាន់តែប្រសើរឡើងជាងមុន ដោយការដុសខាត់សមត្ថភាពបន្ថែម»។ 
 
ក្រៅពីនេះ សិស្សថ្នាក់ទី៩រូបនេះ ក៏បានផ្តាំផ្ញើទៅសិស្សស្រីៗទាំងអស់ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ មានជំនឿចិត្តលើខ្លួនឯង ដើម្បីទទួលបានលទ្ធផលល្អដូចនាងផងដែរ៕

(អត្ថបទ​នេះ គឺជា​ស្នាដៃ​របស់​ក្រុមយុវជន នឹង​ត្រូវបាន​រៀបរៀងឡើង ក្រោម​ជំនួយ​ហិរញ្ញវត្ថុ​របស់​សហភាព​អឺរ៉ុប និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអភិវឌ្ឍ​អន្តរជាតិ​ស៊ុយ​អ៊ែត តាមរយៈ​អង្គការ​តម្លាភាព​កម្ពុជា និង​អង្គការ​អាក់​សិន​អេ​ត​កម្ពុជា​។ រាល់​ខ្លឹមសារ​នៅក្នុង អត្ថបទ​និង​វីដេអូ នេះ​គឺជា​ការទទួលខុសត្រូវ របស់​ស្មេរ​/​ផលិតករ ហើយ​មិន​ឆ្លុះបញ្ចាំង​អំពី​ទស្សនៈ របស់​សហភាព​អឺរ៉ុប និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអភិវឌ្ឍ​អន្តរជាតិ​ស៊ុយ​អ៊ែត​នោះទេ​)


Tag:
 ប៊ុន គីមហ៊ួយ
 អប់រំ
 ជុំគ្រៀល
 កំពត
© រក្សាសិទ្ធិដោយ thmeythmey.com