អន្តរជាតិ
អាមេរិក បញ្ជាឱ្យបុគ្គលិកស្ថានទូតដែលគ្មានភារកិច្ចចាំបាច់ ប្រញាប់ចាកចេញពីមីយ៉ាន់ម៉ា
31, Mar 2021 , 11:59 am        
រូបភាព
ក្រុមបាតុករមីយ៉ាន់ម៉ា ប៉ះទង្គិចជាមួយក្រុមប៉ូលិស។ រូបភាព៖ AP
ក្រុមបាតុករមីយ៉ាន់ម៉ា ប៉ះទង្គិចជាមួយក្រុមប៉ូលិស។ រូបភាព៖ AP
ក្រសួងការបរទេសអាមេរិក នៅថ្ងៃទី៣០ ខែមីនា បានបញ្ជាបុគ្គលខ្លួន និងក្រុមគ្រួសារ រួមទាំងប្រជាជនស៊ីវិលអាមេរិកឱ្យចាកចេញពីមីយ៉ាន់ម៉ា ដោយសារហេតុផលសុវត្ថិភាព និងសន្តិសុខ។ បទបញ្ជានេះ ធ្វើឡើងបន្ទាប់អាមេរិក បានកាត់ផ្តាច់សម្រេចផ្អាកទំនាក់ទំនងពាណិជ្ជកម្មទាំងអស់ជាមួយមីយ៉ាន់ម៉ា ដែលមានចែងក្នុងកិច្ចព្រមព្រៀងវិនិយោគ និងពាណិជ្ជកម្មឆ្នាំ២០១៣ រហូតដល់រដ្ឋាភិបាលស៊ីវិល ត្រលប់មកដឹកនាំប្រទេសវិញ។

 
 
ទោះមានការដាក់ទណ្ឌកម្ម និងការអំពាវនាវពីសហគមន៍អន្តរជាតិក៏ដោយ របបសឹកមីយ៉ាន់ម៉ា ហាក់មិនបានបន្ធូរបន្ថយការបង្រ្កាបលើក្រុមបាតុករឡើយ។ ផ្ទុយទៅវិញ ចំណាត់ការរបស់របបសឹក ដើម្បីបំបែកបាតុកម្មនៅមីយ៉ាន់ម៉ា មានតែខ្លាំងឡើងជាមុន។ មកទល់ពេលនេះ មនុស្សចំនួន ៥២០នាក់ត្រូវបានបាញ់សម្លាប់ និងមនុស្សជាច្រើនពាន់នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន និងបាត់ខ្លួន។ 
 
ដោយមើលឃើញថាស្ថានភាពនៅមីយ៉ាន់ម៉ា កំពុងប្រឈមនឹងបញ្ហាអស្ថិរភាពសង្គម ស្របពេលបាតុកម្មនៅតែបន្តធ្វើនៅទូទាំងប្រទេស អាមេរិក បានចេញបញ្ជាឱ្យមន្រ្តីទូតរបស់ខ្លួន ដែលមានតួនាទីមិនចាំបាច់ ចាកចេញពីមីយ៉ាន់ម៉ា។ 
 
«ក្រសួងការបរទេស បានសម្រេចចេញបញ្ជាឱ្យចាកចេញពីមីយ៉ាន់ម៉ា ដោយសារសុវត្ថិភាព និងសន្តិសុខរបស់បុគ្គលិករដ្ឋាភិបាលអាមេរិក និងក្រុមគ្រួសារ រួមទាំងប្រជាជនស៊ីវិលអាមេរិកផងដែរ»។ ក្រសួងការបរទេសអាមេរិកបានលើកឡើងបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី៣០ ខែមីនា។ 
 
លើសពីនោះ អាមេរិកបានចេញស្នើឱ្យបុគ្គលិករដ្ឋាភិបាល និងប្រជាជនខ្លួន ចាកចេញពីមីយ៉ាន់ម៉ាដោយស្ម័គ្រចិត្តតាំងពីពាក់កណ្តាលខែកុម្ភៈមកម្លេះ ប៉ុន្តែទើបតែពេលនេះទេអាមេរិកចេញបញ្ជាឱ្យចាកចេញ។ បទបញ្ជានេះ នឹងត្រួតពិនិត្យឡើងវិញ ក្នុងរយៈពេល ៣០ថ្ងៃក្រោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
 
ក្នុងថ្ងៃដដែលនេះផងដែរ ប្រមុខការទូតអាមេរិក លោក អាន់តូនី ប្ល៊ីងខិន ក៏បានអំពាវនាវឱ្យក្រុមហ៊ុនលំដាប់សកលលោកឈប់វិនិយោគលើអាជីវកម្មជាមួយក្រុមយោធាមីយ៉ាន់ម៉ាបន្តទៀត ព្រោះវាជាវិធីមួយ ដើម្បីបញ្ឈប់ការគាំទ្រផ្នែកហិរញ្ញវត្ថុលើក្រុមយោធា។ លោកប្ល៊ីងខិន បានលើកឡើងថា ប្រទេស និងក្រុមហ៊ុនមួយចំនួន បានវិនិយោគជាមួយអាជីវកម្មដែលគាំទ្រដោយក្រុមយោធា។ 
 
ដោយឡែកស្ថានការណ៍នៅក្នុងប្រទេសវិញ មីយ៉ាន់ម៉ា អាចប្រឈមនឹងបញ្ហានៃការងើបបះបោរពីសំណាក់ក្រុមជនជាតិដើមភាគតិចប្រដាប់អាវុធ។ ក្នុងថ្ងៃទី៣០ ខែមីនា ក្រុមជនភាគតិចប្រដាប់អាវុធចំនួនបី បានចេញសេចក្តីថ្លែងការណ៍រួមមួយរិះគន់របបសឹក ដែលបង្ក្រាបលើបាតុកម្មយ៉ាងឃោរឃៅមានក្រុមប្រដាប់អាវធ Arakan, ក្រុម Ta'ang National Liberation Army និងក្រុម Myanmar National Democratic Alliance Army។ គណៈកម្មាធិការតំណាងសភាសហភាព (CRPH) ក៏បានសាទរសេចក្តីថ្លែងការណ៍រួមនេះដែរ៕ 
 

Tag:
 អាមេរិក
  មីយ៉ាន់ម៉ា
  បាតុកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com