អន្តរជាតិ
ជប៉ុនដែលជាម្ចាស់ជំនួយធំជាងគេរបស់មីយ៉ាន់ម៉ា ផ្អាកផ្ដល់ជំនួយថ្មីឱ្យរដ្ឋាភិបាលយោធា
31, Mar 2021 , 10:29 pm        
រូបភាព
ជប៉ុន សម្រេចផ្អាកផ្តល់ជំនួយអភិវឌ្ឍន៍ថ្មីទៅមីយ៉ាន់ម៉ា ដើម្បីឆ្លើយតបនឹងរដ្ឋប្រហារយោធា និងការបាញ់សម្លាប់ក្រុមបាតុករ ដែលមានជាបន្តបន្ទាប់នៅស្ទើតែទូទាំងប្រទេស។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Toshimitsu Motegi នៅថ្ងៃទី៣០ ខែមីនា ដោយបន្ថែមថា នេះជាជំហរដ៏ច្បាស់លាស់មួយរបស់ជប៉ុន ដែលផ្ញើទៅកាន់របបសឹក។

 
ជប៉ុន គឺជាម្ចាស់ជំនួយដ៏ធំ និងជាម្ចាស់វិនិយោគលំដាប់ទី៥ នៅមីយ៉ាន់ម៉ា។ ក្រសួងការបរទេសជប៉ុន បានអះអាងថា ជប៉ុន បានផ្តល់ជំនួយរហូតដល់ទំហំ ១,៧ពាន់លានដុល្លារទៅមីយ៉ាន់ម៉ា នៅក្នុងឆ្នាំ២០១៩។ ចំនួននេះ គឺធំជាងចិនទៅទៀត។ ជប៉ុនដែលមិនសូវមាត់កអ្វីនឹងរឿង ក៏មិនពេញចិត្តអំពើព្រៃផ្សៃរបស់ក្រុមយោធា ហើយសម្រេចចិត្តផ្អាកជំនួយទៀតផង 
 
ថ្លែងនៅក្នុងកិច្ចប្រជុំសភា ប្រមុខការទូតជប៉ុន លោកToshimitsu Motegi បានលើកឡើងយ៉ាងដូច្នេះថា៖ « វាគ្មានជំនួយថ្មីទៅមីយ៉ាន់ម៉ាទេ។ យើងកំពុងបង្ហាញជំហរយ៉ាងច្បាស់លាស់»។ ប៉ុន្តែរដ្ឋមន្រ្តីការបរទេសជប៉ុន បដិសេធដាក់ទណ្ឌកម្មលើមេដឹកនាំយោធាមីយ៉ាន់ម់ាផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
បើតាមលោក Motegi ការផ្អាកជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) អាចដាក់សម្ពាធលើក្រុមយោធាជាងការដាក់ទណ្ឌកម្មទៅទៀត។ «បើសិនបើអ្នកគិតថាវិធានការណាមួយមានប្រសិទ្ធិភាពខ្លាំង ខ្ញុំគិតថាវិធានការនេះគឺច្បាស់ជាង»។ ប្រមុខការទូតជប៉ុនបានលើកឡើងបែបនេះ។   
 
តាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកជប៉ុន ការផ្អាកនេះ អនុវត្តលើតែជំនួយថ្មីៗប៉ុណ្ណោះ មិនមែនជំនួយដែលមានជាយូរមកហើយជាមួយមីយ៉ាន់ម៉ាឡើយ។ យ៉ាងណាមិញ ការផ្អាកជំនួយអភិវឌ្ឍន៍របស់ជប៉ុននេះ ត្រូវបានមនុស្សមួយចំនួនមើលឃើញថា នឹងមិនអាចដាក់សម្ពាធលើក្រុមយោធាមីយ៉ាន់ម៉ាបានខ្លាំងឡើយ។ 
 
ចាប់តាំងពីរដ្ឋប្រហារយោធាមក ប៉ូលិសមីយ៉ាន់ម៉ា បានបាញ់សម្លាប់មនុស្សច្រើនជាង៥០០នាក់ ខណៈក្រុមបាតុករ នៅតែបន្តតវ៉ាឱ្យរបបសឹកទម្លាក់ចោលអំណាចរបស់ខ្លួន និងបង្កើតរដ្ឋាភិបាលស៊ីវិលឡើងវិញ រួមទាំងដោះលែងអ្នកជាប់ឃុំផ្សេងទៀត។ 
 
សូមបញ្ជាក់ថា ទោះរងទណ្ឌកម្ម និងសម្ពាធពីសហគមន៍អន្តរជាតិជាច្រើនមកហើយក្តី ប៉ុន្តែរបបសឹក មិនបានភ័យបារម្ភ ឬបន្ធូរបន្ថយសកម្មភាពរបស់ខ្លួនឡើយ។ អាមេរិក សហភាពអឺរ៉ុប កាណាដា អង់គ្លេស សុទ្ធតែដាក់ទណ្ឌកម្មមេដឹកនាំយោធា តាមរយៈការបង្កកទ្រព្យសម្បត្តិ និងហាមប្រជាជនខ្លួនរកស៊ីជាមួយ៕
 

Tag:
 មីយ៉ាន់ម៉ា
  ជប៉ុន
  បាតុកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com