អន្តរជាតិ
អ៊ីតាលី បណ្តេញមន្ត្រីការទូតរុស្ស៊ីចំនួន២រូបក្រោយត្រូវវែកមុខឃើញពាក់ព័ន្ធអំពើចារកិច្ច
01, Apr 2021 , 10:40 am        
រូបភាព
រដ្ឋមន្ត្រីការបរទេសអ៊ីតាលី Luigi di Maio ។ រូបថត AFP
រដ្ឋមន្ត្រីការបរទេសអ៊ីតាលី Luigi di Maio ។ រូបថត AFP
ដោយ:
រដ្ឋមន្ត្រីការបរទេសអ៊ីតាលី នៅថ្ងៃទី៣១ ខែមីនាបានប្រកាសបណ្តេញមន្ត្រីការទូតរុស្ស៊ីចំនួន២រូបដែលជាប់ ពាក់ព័ន្ធក្នុងអំពើចារកិច្ច។ មន្ត្រីទូតរុស្ស៊ី ត្រូវចោទថា បានផ្តល់ប្រាក់ដល់មន្ត្រីយោធាអ៊ីតាលីជាថ្នូរនឹងការទទួល បានមកវិញឯកសារយោធាសម្ងាត់។ ការបណ្តេញមន្រ្តីការទូតរុស្ស៊ីចេញពីអ៊ីតាលី ដែលជាសមាជិកសំខាន់របស់ សហភាពអឺរ៉ុប (EU) កើតឡើងចំពេលដែលរុស្ស៊ីកំពុងជម្រុញឱ្យ EU ផ្តល់អាជ្ញាបណ្ណប្រើប្រាស់ដល់វ៉ាក់សាំង SputnikV របស់ខ្លួន។



កងកម្លាំងពិសេសអ៊ីតាលី បានចាប់ខ្លួនមន្ត្រីកងទ័ពជើងទឹកមួយរូបនៅយប់ថ្ងៃទី៣០ ខែមីនា ក្រោយមន្ត្រីយោធា រូបនោះបានជួប និងផ្តល់ឯកសារទៅមន្ត្រីការទូតរុស្ស៊ី។ ចំណែកមន្ត្រីការទូតរុស្ស៊ី មិនត្រូវបានចាប់ខ្លួនឡើយដោយ មានអភ័យឯកសិទ្ធិការទូត។
 
នៅថ្ងៃទី៣១ ខែមីនា លោក Luigi Di Maio រដ្ឋមន្ត្រីការបរទេសអ៊ីតាលី បានហៅឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Sergey Razov មកសួរនាំ និងតវ៉ាជាផ្លូវការ។ ប្រមុខការបរទេសអ៊ីតាលី ប្រាប់ឯកអគ្គរដ្ឋទូតរុស្ស៊ីពីការបណ្តេញចេញជា បន្ទាន់មន្ត្រីការទូតរុស្ស៊ីចំនួន២រូប ដែលពាក់ព័ន្ធក្នុងសកម្មភាពដ៏ធ្ងន់ធ្ងរនេះ។ 
 
ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP លោក Di Maio ចាត់ទុកសកម្មភាពទាំងនោះមានសភាពធ្ងន់ធ្ងរមិនខុសអ្វីពី សម័យសង្គ្រាមត្រជាក់ឡើយ។ ប្រភពពីក្រុមស្រាវជ្រាវអ៊ីតាលី អះអាងថា មន្ត្រីកងទ័ពជើងមួយរូបឈ្មោះ Walter Biot បម្រើការនៅអង្គភាពគោលនយោបាយយោធា ក្នុងការិយាល័យនាយសេនាធិការកងទ័ព។ អង្គភាពនេះ ទទួលបន្ទុកព័ត៌មានសំងាត់ទាំងអស់ រួមទាំងឯកសារសម្ងាត់របស់សម្ពន្ធយោធា NATO ផងដែរ។ ក្រុមអ្នកស៊ើប អង្កេតអ៊ីតាលី លើកឡើងថាលោក Biot ទទួលប្រាក់ចំនួន៥ពាន់អឺរ៉ូ ពីមន្ត្រីការទូតរុស្ស៊ី។
 
ចំណែកប៉ូលិសអ៊ីតាលី អះអាងថា ការចាប់ខ្លួន នេះអាចធ្វើទៅរួចក្រោយមានការស៊ើបអង្កេតអស់រយៈពេលជាយូរ ដែលដឹកនាំដោយភ្នាក់ងារចារកិច្ចអ៊ីតាលី (AISI) និងគាំទ្រដោយអគ្គនាយសេនាធិការកងទ័ព។
 
ទំនាក់ទំនងរវាងរុស្ស៊ី និងបណ្តាអឺរ៉ុបមួយចំនួនធ្លាក់ក្នុងស្ថានការណ៍ដុនដាបខ្លាំង ក្រោយការបំពុល និងការចាប់ដាក់ ពន្ធនាគារលោក Alexei Navalny អ្នកនយោបាយប្រឆាំង និងការដាក់ទណ្ឌកម្មដោយសហភាពអឺរ៉ុបលើមន្ត្រីរុស្ស៊ី ដែលពាក់ព័ន្ធក្នុងសំណុំរឿងនេះ។ ទោះបីជាអ៊ីតាលីជាសមាជិកសហភាពអឺរ៉ុប និង NATO ក្តី ប្រទេសនេះមាន ទំនាក់ទំនងការទូតយ៉ាងប្រសើរជាមួយរុស្ស៊ី។
 
តបទៅនឹងការបណ្តេញចេញមន្ត្រីការទូតខ្លួន លោក Dmitry Peskovអ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ី សង្ឃឹងថា ទំនាក់ទំនងដែលមានលក្ខណៈវិជ្ជមាន និងបែបស្ថាបនារវាងប្រទេសទាំងពីរ នឹងបន្តទៅមុខទៀត។ ចំណែក ស្ថានទូតរុស្ស៊ី នៅរដ្ឋធានីរ៉ូម បានត្រឹមសម្តែងការសោកស្តាយចំពោះការបណ្តេញចេញមន្ត្រីអនុព័ន្ធយោធារបស់ ខ្លួនចំនួនពីររូប ប៉ុន្តែពុំបានលើកឡើងពីចំណាត់ការប្រឆាំងតបនឹងអ៊ីតាលីវិញឡើយ។
 
លោកស្រី Eleonora Tafuro អ្នកជំនាញកិច្ចការរុស្ស៊ីនៃស្ថាប័នស្រាវជ្រាវ ISPI និយាយថា រុស្ស៊ីបញ្ចៀសមិនរករឿង អ៊ីតាលីដែលជាសមាជិកចម្បងមួយរបស់សហភាពអឺរ៉ុបឡើយ ខណៈរុស្ស៊ីចង់ឱ្យ EU អនុញ្ញាតឱ្យប្រើប្រាស់ វ៉ាក់សាំង SputnikV របស់ខ្លួន។ លោកស្រី Tafuro អះអាងថា រុស្ស៊ីមិនហ៊ានធ្វើឱ្យប៉ះពាល់ ឬសងសឹកអ៊ីតាលីឡើយ ព្រោះអ៊ីតាលីតែងតែជួយនិយាយឱ្យរុស្ស៊ីផងដែរ។
 
កាលពីសប្តាហ៍កន្លងទៅ ប៊ុលហ្ការីដែលជាសមាជិក EU និង NATO ផងដែរនោះ បានបណ្តេញមន្ត្រីទូតរុស្ស៊ី២រូប ដែរ ក្រោយការចាប់ខ្លួនមនុស្ស៦នាក់ដោយសង្ស័យពីការជាប់ពាក់ព័ន្ធក្នុងអំពើចារកិច្ច៕
 

Tag:
 រុស្ស៊ី
  អ៊ីតាលី
  EU
© រក្សាសិទ្ធិដោយ thmeythmey.com