អន្តរជាតិ
ប្រេសិត UN ទទូចឱ្យក្រុមប្រឹក្សាសន្តិសុខចាត់វិធានការលើវិបត្តិមីយ៉ាន់ម៉ា ដើម្បីបញ្ចៀសសង្រ្គាមស៊ីវិល
01, Apr 2021 , 2:19 pm        
រូបភាព
កម្លាំងយោធា ដែលដាក់ប្រចាំការនៅក្នុងទីក្រុងយ៉ាំងហ្គោន។ រូបភាព៖ EPA-EFE
កម្លាំងយោធា ដែលដាក់ប្រចាំការនៅក្នុងទីក្រុងយ៉ាំងហ្គោន។ រូបភាព៖ EPA-EFE
ប្រេសិតអង្គការសហប្រជាជាតិសម្រាប់មីយ៉ាន់ម៉ា លោកស្រីChristine Schraner Burgener  នៅថ្ងៃទី៣១ ខែមីនា បានទទូចឱ្យក្រុមប្រឹក្សាសន្តិសុខ (UNSC) ចាត់វិធានការ ដើម្បីបង្ការការរីកសាយនៃវិបត្តិនៅមីយ៉ាន់ម៉ា និងការកើតឡើងនៃសង្រ្គាមស៊ីវិល។


ជិតពីរខែមកនេះ បញ្ហានៅមីយ៉ាន់ម៉ា មិនត្រឹមមានតែការបង្រ្កាប និងបាញ់សម្លាប់លើក្រុមបាតុករពីសំណាក់ក្រុមប៉ូលិសប៉ុណ្ណោះទេ ប៉ុន្តែបញ្ហាជនភៀសខ្លួន ការវាយប្រហារលើជនជាតិភាគតិច និងការប្តេជ្ញាប្រឆាំងនឹងរដ្ឋប្រហារយោធាពីក្រុងប្រដាប់អាវុធជនជាតិភាគតិច។ វិបត្តិនេះ សុទ្ធតែអាចរីកសាយ និងឈានទៅដល់សង្រ្គាមស៊ីវិលនៅមីយ៉ាន់ម៉ា ប្រសិនបើគ្មានចំណាត់ការត្រឹមត្រូវពីសហគមន៍អន្តរជាតិ និងភាគីនៅក្នុងប្រទេស។ 
 
ទាក់ទិននឹងបញ្ហានេះ អ្នកតំណាងពិសេសអង្គការសហប្រជាជាតិសម្រាប់មីយ៉ាន់ម៉ា លោកស្រី Christine Schraner Burgener បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខចាត់វិធានការឱ្យបានលឿន។ លោកស្រីថ្លែងនៅក្នុងកិច្ចប្រជុំបិទទ្វារនៃក្រុមប្រឹក្សាសន្តិសុខយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខ ពិចារណារាល់លទ្ធភាពទាំងអស់ក្នុងការចាត់វិធានការរួម និងធ្វើអ្វីដែលត្រឹមត្រូវ»។ 
 
បើតាមប្រេសិតពិសេសរូបនេះ អ្វីដែលប្រជាជនមីយ៉ាន់ម៉ាគួរទទួលបាន គឺការចៀសផុតពីមហន្តរាយជាច្រើន ហើយប្រសិនបើនៅតែរង់ចាំ ស្ថានភាពមីយ៉ាន់ម៉ានឹងកាន់តែធ្ងន់ធ្ងរជាងនេះ។ ចំណែកការសម្លាប់ នឹងកាន់តែធំជាងមុនផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ទាក់ទិននឹងការអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខចាត់វិធានការរួម លោកស្រី Barbara Woodward តំណាងអចិន្រ្តៃយ៍អង់គ្លេស សហប្រជាជាតិបានលើកឡើងថា ក្រុមប្រឹក្សាសន្តិសុខ បានមូលមតិគ្នាក្នុងការរិះគន់ និងពិភាក្សាលើវិធានការមួយចំនួន។ យ៉ាងណាមិញ តំណាងអង់គ្លេសរូបនេះ បានអះអាងថា ចិនបានច្រានចោលទណ្ឌកម្មលើរបបសឹកមីយ៉ាន់ម៉ា។ 
 
ជាការឆ្លើយតប អគ្គរដ្ឋទូតចិនប្រចាំនៅ UN លោក Zhang Jun បានលើកឡើងថា ការអំពាវនាវឱ្យដាក់ទណ្ឌកម្មមានតែធ្វើឱ្យស្ថានភាពមីយ៉ាន់ម៉ាកាន់តែតានតឹង និងស្មុគស្មាញជាមុនប៉ុណ្ណោះ។ ទន្ទឹមគ្នានេះ អគ្គរដ្ឋទូតចិន បានអំពាវនាវឱ្យមីយ៉ាន់ម៉ា បង្កើតសន្តិភាព និងស្ថិរភាពឱ្យបានកាន់តែឆាប់ផងដែរ ហើយផ្លាស់ប្តូរទៅរកលទ្ធិប្រជាធិបតេយ្យឱ្យបានកាន់តែរហ័ស។ 
ចំណែកប្រមុខការទូតចិន លោក វ៉ាង យី នៅថ្ងៃទី៣១ ខែមីនា បានសន្យាគាំទ្រចំណាត់ការរបស់អាស៊ាន ក្នុងការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា និងស្តារស្ថានការណ៍នយោបាយឱ្យត្រលប់ទៅរកស្ថិរភាពនៅក្នុងប្រទេសវិញ។ ការអះអាងបែបនេះ ធ្វើឡើងក្នុងជំនួបជាមួយសមភាគីសិង្ហបុរី លោក Vivian Balakrishnan  នៅក្នុងខេត្ត Fujian ។ 
 
បើតាមលោក វ៉ាង ចិនគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានដែលរក្សាបានគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងដើរតួយ៉ាងសំខាន់ក្នុងការលើកស្ទួយស្ថិរភាពមីយ៉ាន់ម៉ា។ បន្ទាប់ពីជំនួបនេះ ប្រមុខការទូតចិន គ្រោងជួបជាមួយរដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងហ្វីលីពីនផងដែរ។ 
 
សូមបញ្ជាក់ថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នៅថ្ងៃទី៣១ ខែមីនា បានប្រកាសអនុវត្តបទឈប់បាញ់ជាឯកតោភាគីរយៈពេល ១ខែ លើកលែងតែករណីធ្វើឱ្យប៉ះពាល់សន្តិសុខរដ្ឋាភិបាល និងដែនប្រតិបត្តិរបស់របបសឹក។ ការអនុវត្តបទឈប់បាញ់នេះ ធ្វើឡើងបន្ទាប់ពីក្រុមយោធាបានវាយប្រហារតាមផ្លូវអាកាសលើក្រុមជនជាតិភាគតិច Karen ដែលបង្កឱ្យមានជនភាគខ្លួនជាច្រើនពាន់នាក់ទៅព្រំដែនថៃ៕
 

Tag:
 ចិន
  មីយ៉ាន់ម៉ា
  សិង្ហបុរី
  UN
© រក្សាសិទ្ធិដោយ thmeythmey.com