ជាតិ
អ្នកគ្មានភារកិច្ចចាំបាច់ តែធ្វើដំណើរនៅម៉ោងហាមឃាត់ក្នុងរាជធានី ប្រឈមការដកហូតយានជំនិះ
01, Apr 2021 , 3:45 pm        
រូបភាព
រូបតំណាង។ ហ្វេសប៊ុក នគរបាលខណ្ឌបឹងកេងកង
រូបតំណាង។ ហ្វេសប៊ុក នគរបាលខណ្ឌបឹងកេងកង
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បញ្ជាប្រធានគណៈបញ្ជាការឯកភាពរាជធានី និងអាជ្ញាធរពាក់ព័ន្ធនានា ដកហូតមធ្យោបាយធ្វើដំណើរ ចំពោះអ្នកដែលបំពាននឹងបំរាមគោចរ ចាប់ពីម៉ោង៨យប់ ទៅម៉ោង៥ទៀបភ្លឺ ។ លោក ឃួង ស្រេង បានបញ្ជាបែបនេះ បន្ថែមពីលើបម្រាមគោចររបស់សាលារាជធានីភ្នំពេញ នៅថ្ងៃទី១ មេសានេះ។



តាមរយៈសារសំឡេងជាង១នាទី ដែលលោក ឃួង ស្រេង បានបញ្ជាដល់គណៈបញ្ជាការឯកភាពរាជធានីនោះ បានបញ្ជាក់ថា ក្រៅពីដកហូតមធ្យោបាយធ្វើដំណើរហើយ អាជ្ញាធរក៏តម្រូវឱ្យម្ចាស់យានជំនិះទាំងនោះ ធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅក្នុងផ្ទះរៀងៗខ្លួនដែរ។
 
«សូមជម្រាបជូនលោក លោកស្រី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញថា ក្នុងករណីអ្នកមិនស្ដាប់តាមការណែនាំ ត្រូវដកហូតរក្សាទុកមធ្យោបាយរបស់គាត់ បើជិះម៉ូតូយកម៉ូតូទៅទុក បើជិះឡានយកឡានទៅទុក ហើយឲ្យមនុស្សទៅធ្វើចត្តាឡីស័កនៅផ្ទះគ្រប់១៤ថ្ងៃ គ្រប់១៤ថ្ងៃទើបប្រគល់មធ្យោបាយឲ្យវិញ។ ក្នុងករណីដែលគាត់ធ្វើចត្តាឡីស័ក អាជ្ញាធរមូលដ្ឋានពិនិត្យឃើញថា គាត់មិនអនុវត្តតាមការណែនាំរបស់សមត្ថកិច្ចយើង យើងនឹងអនុវត្តការផាកពិន័យបន្ដទៀត»។ នេះជាសារសំឡេងរបស់អភិបាលរាជធានីភ្នំពេញ។

សូមស្ដាប់សំឡេងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៖


 

បន្ថែមពីនេះលោក ឃួង ស្រេង បានប្រាប់សារព័ត៌មានថ្មីៗថា វិធានការរបស់អាជ្ញាធរនេះ គឺអនុវត្តទៅលើអ្នកដែលគ្មានភារកិច្ចចាំបាច់ ហើយចេញក្រៅពាសវាលពាសកាល ឬជួបជុំគ្នានៅតាមផ្លូវសាធារណៈ នៅចន្លោះពីម៉ោង៨យប់ ទៅ៥ទៀបភ្លឺប៉ុណ្ណោះ។ 
 
សម្រាប់អ្នកដែលបំពេញការងាររហូតដល់ពេលយប់ ឬធ្វើការវេនយប់ ក៏ដូចជាមានភារកិច្ចចាំបាច់ពេលយប់ តាមសេចក្តីសម្រេចស្តីពីការអនុវត្តវិធានការរដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ របស់រដ្ឋបាលរាជធានីភ្នំពេញនោះ គឺអាជ្ញាធរមិនចាត់វិធានការខាងលើឡើយ ពោលគឺពលរដ្ឋទាំងនោះ ត្រូវមានប័ណ្ណសម្គាល់ការងារពីក្រុមហ៊ុន ឬសុំលិខិតបញ្ជាក់អនុញ្ញាតពីអាជ្ញាធរ នៅពេលធ្វើដំណើរពេលយប់ នៃបម្រាមគោចរនេះ។ 
 
អភិបាលរាជធានីភ្នំពេញរូបនេះ បានពន្យល់ដូច្នេះថា៖«អ្នកធ្វើការ(ពេលយប់ឬដល់យប់ជ្រៅ) គឺគេអត់ថាអីទេ តែអ្នកដើរលេង(ទើបត្រូវអាជ្ញាធរឃាត់ និងរក្សាទុកមធ្យោបាយធ្វើដំណើរ រួមទាំងតម្រូវឱ្យធ្វើចត្តាឡីស័ក) ឱ្យតែហួសម៉ោងទៅគេអនុវត្តហើយ។ ចំពោះអ្នកធ្វើការ អង្គភាពគាត់ ស្ថាប័នគាត់ ត្រូវស្នើសុំលិខិតអនុញ្ញាតជាពិសេសពីអាជ្ញាធររាជធានី នៅទីតាំងដែលគាត់ធ្វើការ ។ ឧបមារ គាត់ត្រូវធ្វើការដល់ម៉ោង១២យប់ បានគាត់ចេញពីកន្លែងធ្វើការ ដូចជាសណ្ឋាគារខ្លះ ត្រូវធ្វើការដល់ម៉ោងហ្នឹង អ៊ីចឹងដល់ម៉ោងគាត់ទៅផ្ទះ គាត់ត្រូវសុំលិខិតជាពិសេសរបស់រាជធានី(ដាក់តាមខ្លួន) ដើម្បីជាបណ្ណសម្គាល់ ដែលអាចឱ្យគាត់ធ្វើដំណើរបាននៅពេលយប់ »។

នៅពេលសួរថា ការអនុវត្តវិធានការឃាត់មធ្យោបាយធ្វើដំណើរមករក្សាទុក និងម្ចាស់យានជំនិះ ដែលបំពានបម្រាម ធ្វើចត្តាឡីស័ក១៤ថ្ងៃនេះ វាហាក់ដូចជាធ្ងន់ធ្ងរដែរទេ? លោក ឃួង ស្រេង ឆ្លើយមិនចំសំនួរទេ ដោយលោកគ្រាន់តែអះអាងថា វិធានការអាជ្ញាធរ គឺដើម្បីឱ្យពលរដ្ឋទាំងអស់ អនុវត្តវិធានការបង្ការកូវីដ-១៩។ «គឺជាកិច្ចការមួយ ហាមប្រាមមនុស្សឱ្យគោរពនូវបម្រាម ដើម្បីទប់ស្កាត់ជំងឺកូវីដ»។ នេះជាការបញ្ជាក់របស់អភិបាលរាជធានីភ្នំពេញ ដែលបានបន្ថែមថា វិធានការអាជ្ញាធរពេលនេះ គឺដើម្បីផលប្រយោជន៍រួម។
 
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចស្តីពីការអនុវត្តវិធានការរដ្ឋបាលបណ្តោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅថ្ងៃទី១ មេសានេះ។ វិធានការរដ្ឋបាលនេះ គឺកំណត់នៅពេលវេលាគោចររបស់ពលរដ្ឋ ចន្លោះពីម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ។ សម្រាប់ការអនុវត្ត មានរយៈពេលពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែមេសា។
 
តាមប្រការ២នៃសេចក្តីសម្រេច សកម្មភាពអាជីវកម្មចំពោះតូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីដ្ឋាននៅតាមសណ្ឋាគារ ត្រូវផ្អាកជាបណ្តោះអាសន្ន ប៉ុន្តែទីតាំងទាំងនោះ អាចលក់ជាលក្ខណៈវេចខ្ចប់បាន។
  

 
ប្រការ៣ ត្រូវបានផ្អាកការប្រមូលផ្តុំ ឬការជួបជុំគ្នាទទួលទានអាហារ លើកលែងតែចំពោះករណីជួបជុំក្នុងចំណោមគ្រួសារ ការរៀបចំពិធីបុណ្យសព ការជួបជុំរបស់បុគ្គលិកសុខាភិបាលដើម្បីយកសំណាក ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងការជួបជុំចាំបាច់សម្រាប់បម្រើប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេងៗ ក្រោមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។
 
ដូចគ្នាផងដែរ ប្រការ៤ លើកឡើងពីការផ្អាកបណ្តោះអាសន្ននូវការធ្វើចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅចន្លោះម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ ដោយលើកលែងចំពោះករណី ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ ភាពចាំបាច់ក្នុងគ្រួសារ ដែលមានការបញ្ជាក់ពីអាជ្ញាធរ ការបំពេញបេសកកម្មជូនស្ថាប័ន-អង្គភាព ការធ្វើចរាចរណ៍រថយន្តកុងតឺនឺ រថយន្តដឹកទំនិញ រថយន្តបាញ់បេតុង រថយន្តសម្រាប់បម្រើឲ្យការដឹកជញ្ជូនទំនិញ ការផ្គត់ផ្គង់ការដ្ឋានសំណង់ រថយន្តដឹកសំរាម និងសំណល់វេជ្ជសាស្ត្រ ការដឹកជញ្ជូនម្ហូបអាហារ ការធ្វើដំណើររបស់បុគ្គលិក និងកម្មករ-កម្មការិនី និងការធ្វើដំណើរចាំបាច់ផ្សេងៗទៀត។
 
លោកអភិបាលរាជធានីភ្នំពេញ តម្រូវឲ្យនាយករដ្ឋបាលសាលារាជធានី ស្នងការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរជំនាញ ទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខា៕
 
 

Tag:
 ឃួង ស្រេង
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com