អន្តរជាតិ
អ្នកជំនាញ WHO ទទួលស្គាល់ពីប្រសិទ្ធភាពនិងសុវត្ថិភាពរបស់ Sinopharm និង Sinovac
01, Apr 2021 , 4:06 pm        
រូបភាព
 កម្ពុជាចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នាព្រឹកថ្ងៃទី១ ខែមេសា នេះ
កម្ពុជាចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នាព្រឹកថ្ងៃទី១ ខែមេសា នេះ
ដោយ:
ក្រុមអ្នកជំនាញអង្គការសុខភាពពិភពលោក (WHO) បានអះអាងថា វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinopharm និង Sinovac មានកម្រិតប្រសិទ្ធភាពដែលស្របតាមលក្ខខណ្ឌរបស់ WHO។ ក្រុមអ្នកជំនាញ WHO លើកឡើងថា វ៉ាក់សាំងក្រុមហ៊ុនទាំងពីរនេះមានសុវត្ថិភាព និងមិនបង្កហានិភ័យសុខភាពអ្វីឡើយ ប៉ុន្តែតម្រូវឱ្យបានការសិក្សា បន្ថែមទៀតសម្រាប់ក្រុមមនុស្សវ័យចំណាស់ និងកុមារ។


 
ក្រុមប្រឹក្សាអ្នកជំនាញយុទ្ធសាស្ត្រ (SAGE) របស់ WHO ដែលទទួលបន្ទុកតាក់តែងគោលនយោបាយ និង យុទ្ធសាស្ត្រវ៉ាក់សាំង និងប្រព័ន្ធភាពស៊ាំ បញ្ជាក់ថា វ៉ាក់សាំងរបស់ Sinopharm និង Sinovac មានសុវត្ថិភាព និងមានប្រសិទ្ធភាពក្នុងការប្រើប្រាស់។
 
«ព័ត៌មានដែលក្រុមហ៊ុនទាំងពីរបានបង្ហាញជាសាធារណៈក្នុងកិច្ចប្រជុំជាមួយ SAGE កាលពីសប្តាហ៍មុន បង្ហាញ យ៉ាងច្បាស់ពីកម្រិតប្រសិទ្ធភាពដែលសមស្របជាមួយលក្ខខណ្ឌរបស់ WHO សម្រាប់ ការប្រើប្រាស់ វ៉ាក់សាំង»។ នេះជាការលើកឡើងរបស់លោក Alejandro Cravioto ប្រធានក្រុមប្រឹក្សា SAGE នៅថ្ងៃទី៣១ ខែមីនា។ លោក Cravioto បន្ថែមថា វ៉ាក់សាំងនេះពុំបង្កផលប៉ះពាល់ដល់អ្នកប្រើប្រាស់ឡើយ។
 
ជាជំហានបន្ទាប់ វ៉ាក់សាំងរបស់ក្រុមហ៊ុនទាំងពីរត្រូវទទួលការអនុម័តឱ្យដាក់ចូលក្នុងបញ្ជីប្រើប្រាស់បន្ទាន់ (EUL) សិន ទើបក្រុមប្រឹក្សា SAGE អាចចេញការណែនាំស្តីពីការប្រើប្រាស់បាន។ នាពេលកន្លងមក លោកស្រី Margaret Harris អ្នកនាំពាក្យ WHO អះអាងថា វ៉ាក់សាំងទាំងពីរអាចនឹងទទួលបានការអនុម័តបញ្ចូលក្នុងបញ្ជីប្រើប្រាស់បន្ទាន់ក្នុងពេលដ៏ឆាប់ខាងមុខនេះ។
 
វ៉ាក់សាំងរបស់ Pfizer/BioNTech, AstraZeneca និង Johnson & Johnson ត្រូវបាន WHO ដាក់ចូលក្នុងបញ្ជីប្រើប្រាស់ន្ទាន់រួចហើយ។ បើសិនជាវ៉ាក់សាំងក្រុមហ៊ុនចិនទាំងពីរទទួលបានការអនុម័តឱ្យដាក់ក្នុងបញ្ជីប្រើប្រាស់ បន្ទាន់ដែរ នោះចិនអាចចែកចាយវ៉ាក់សាំងនេះតាមយន្តការ COVAX បាន។ មកទល់ពេលនេះ មានតែវ៉ាក់សាំង AstraZeneca ដែលស្ថិតក្រោមការចែកចាយរបស់ COVAX ។ ចិនធ្លាប់បានអះអាងថា ខ្លួននឹងផ្តល់វ៉ាក់សាំងរាប់ លានដូសដល់យន្តការCOVAX។
 
ទាក់ទងប្រសិទ្ធភាពវិញ ក្រុមហ៊ុន CNBG និងវិទ្យាស្ថានផលិតផលវេជ្ជសាស្ត្រប៉េកាំងដែលអភិវឌ្ឍវ៉ាក់សាំងឱ្យ ក្រុមហ៊ុនមេ Sinopharm អះអាងថា វ៉ាក់សាំងខ្លួនមានប្រសិទ្ធភាព៧៩,៣៤ភាគរយក្នុងការបង្ការការឆ្លង។ វ៉ាក់សាំង នេះត្រូវបានធ្វើតេស្ត និងអនុញ្ញាតឱ្យប្រើប្រាស់នៅប្រទេសជាច្រើនដូចជាប៉ាគីស្ថាន និងអេមីរ៉ាត់អារ៉ាប់រួមជាដើម។ ទោះជាយ៉ាងណាក្តី ទិន្ន័យលម្អិតនៃការធ្វើតេស្តវ៉ាក់សាំងនេះពុំត្រូវបានផ្សព្វផ្សាយជាសាធារណៈឡើយ។ វ៉ាក់សាំង របស់ក្រុមហ៊ុន Sinovac វិញមានប្រសិទ្ធភាពពីចន្លោះ៥០,៦៥ភាគរយទៅ៨៣,៦ភាគរយ ដោយត្រូវបាន ធ្វើតេស្តទ្រង់ទ្រាយធំនៅប្រេស៊ីល តួកគី និងឥណ្ឌូណេស៊ី។
 
ចិនមានវ៉ាក់សាំងចំនួន៤ ដែលក្នុងនោះមានវ៉ាក់សាំងចំនួន២អភិវឌ្ឍដោយក្រុមហ៊ុន Sionpharm, វ៉ាក់សាំងមួយ ផលិតដោយក្រុមហ៊ុន Sinovac និងមួយទៀតរបស់របស់ក្រុមហ៊ុនCanSinoBIO។ វ៉ាក់សាំង Sinopharm និងវ៉ាក់សាំង Sinovac ត្រូវបាននាំចេញទៅប្រទេសចំនួន៧០។
 
វ៉ាក់សាំងទាំងពីរនេះ ក៏ត្រូវប្រទេសកំពុងអភិវឌ្ឍជាច្រើនបញ្ជាទិញផងដែរ ខណៈប្រទេសទាំងអស់នេះពិបាក ប្រជែងប្រទេសអ្នកមានក្នុងការទិញវ៉ាក់សាំង។ ប្រទេសអ្នកមានដូចជាអាមេរិក ប្រទេសសមាជិកសហភាពអឺរ៉ុប និងកាណាដាជាដើមហាមមិនឱ្យក្រុមហ៊ុនផលិតឱសថនាំចេញវ៉ាក់សាំងទៅប្រទេសផ្សេងដរាបណាប្រទេសខ្លួនចាក់វ៉ាក់សាំងរួចហើយ៕
 
 

Tag:
 ចិន
  WHO
© រក្សាសិទ្ធិដោយ thmeythmey.com