ជាតិ
សេដ្ឋកិច្ច
ភាពអូសបន្លាយនៃព្រឹត្តការណ៍២០កុម្ភៈ កំពុងជះឥទ្ធិពលអាក្រក់ដល់វិស័យអចលនទ្រព្យ
01, Apr 2021 , 10:59 pm        
រូបភាព
ការផ្ទុះកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានអូសបន្លាយពេលជាង១ខែហើយ។ លោកបណ្ឌិត ឆេង គីមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី មើលឃើញថា ភាពអូសបន្លាយនៃព្រឹត្តិការណ៍២០កុម្ភៈនេះ  បានធ្វើឱ្យអាជីវកម្មខ្នាតតូចរហូតដល់ខ្នាតមធ្យម រងផលប៉ះពាល់ខ្លាំងហើយ ក៏កំពុងជះឥទិ្ធពលអាក្រក់ដល់ វិស័យអចលនទ្រព្យ  រួមទាំងវិស័យហិរញ្ញវត្ថុ ផងដែរ។

 
បើតាមលោក ឆេង គីមឡុង ព្រឹត្តិការណ៍២០កុម្ភៈនាពេលបច្ចុប្បន្ន កំពុងជះឥទ្ធិពលអវិជ្ជមានទៅលើបណ្តាក្រុមហ៊ុន ឬសហគ្រាស ក្នុងវិស័យអចលនទ្រព្យមួយចំនួន ដែលបានខ្ចីលុយពីវិស័យធានាគារ ហើយត្រូវបង្វិលទុនទាំងប្រាក់កម្ចី និងការប្រាក់ទៅឱ្យស្ថាប័នហិរញ្ញវត្ថុទាំងនោះវិញ។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានរៀបរាប់ប្រាប់សារព័ត៌មានThmeythmey.com នារសៀលថ្ងៃទី៣១មីនា ឆ្នាំ២០២១ដូច្នេះ ៖ «ពេលនេះ ប្រហែលជាមានអ្នកខ្លះ[អ្នកអភិវឌ្ឍក្នុងវិស័យអចលនទ្រព្យ] កំពុងតែទទួលផលប៉ះពាល់ពី[ព្រឹត្តិការណ៍២០កុម្ភៈ] គ្រាន់តែយើងមិនឃើញមានចេញជាវិបត្តិជារួម ប៉ុន្តែគឺបានប៉ះពាល់ដល់មនុស្សខ្លះហើយ[ក្នុងវិស័យអចលនទ្រព្យ] »។ 
 
ដើម្បីជ្រាបច្បាស់សូមស្តាប់ប្រសាសន៍របស់លោក ឆេង គីមឡុង ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ៖
 
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកកើតកូវីដ-១៩ សរុប២,៤៧៧នាក់ ក្នុងនោះមាន១,៩៤៩នាក់ពាក់ព័ន្ធនឹងករណីសហគមន៍២០កុម្ភៈ។ អ្នកជាសះស្បើយសរុបមាន១,២៤០នាក់ រីឯអ្នកស្លាប់មាន១៦នាក់។ ក្រៅពីនេះ មនុស្ស៤នាក់បានស្លាប់ដោយសារជំងឺផ្សេងនាអំឡុងពេលព្យាបាលជំងឺកូវីដ-១៩។ មនុស្ស ចំនួន៥៦៥នាក់កំពុងបន្តសម្រាកព្យាបាល។
 
ករណីសហគមន៍២០កុម្ភៈ រាលដាលនៅរាជធានីភ្នំពេញ និង១៣ខេត្តទៀត រួមមាន កណ្តាល ព្រះសីហនុ សៀមរាប ព្រៃវែង ស្វាយរៀង កោះកុង កំពង់ចាម កំពង់ធំ ត្បូងឃ្មុំ កែប តាកែវ កំពត និងបាត់ដំបង៕
 



Tag:
 អចលនទ្រព្យ
  ព្រឹត្តិការណ៍២០កុម្ភៈ
  លោក ឆេង គីមឡុង
© រក្សាសិទ្ធិដោយ thmeythmey.com