អន្តរជាតិ
ក្រុមប្រឹក្សាសន្តិសុខ ថ្កោលទោសការស្លាប់ជនស៊ីវិលនៅមីយ៉ាន់ម៉ា ឯទណ្ឌកម្មនៅវែងឆ្ងាយទៀត
02, Apr 2021 , 10:31 am        
រូបភាព
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានត្រឹមថ្កោលទោសការប្រើប្រាស់ហិង្សានៅមីយ៉ាន់ម៉ាក្នុងសេចក្ដីថ្លែងការណ៍រួមចេញថ្ងៃទី១ ខែមេសា។ អង់គ្លេស បានតាក់តែងសេចក្ដីព្រាងសេចក្ដីថ្លែងការណ៍មួយដែលរួមបញ្ចូលការត្រៀមខ្លួនចាត់វិធានការបន្ទាប់លើមីយ៉ាន់ម៉ា ដែលនេះមានន័យស្មើនឹងការរៀបចំដាក់ទណ្ឌកម្ម។ ប៉ុន្តែចិនដែលជាសម្ពន្ធមិត្តជិតស្និទ្ធមួយរបស់មីយ៉ាន់ម៉ា ចេញមុខជំទាស់ ដែលនាំឱ្យសេចក្ដីថ្លែងការណ៍ចុងក្រោយមានន័យស្រាលវិញ។

 
ក្រោយកិច្ចប្រជុំពីរថ្ងៃដែលសមាជិកទាំងអស់ចរចាគ្នាស្វិតស្វាញនោះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានត្រឹមតែអាចសេចក្ដីថ្លែងការណ៍ដែលថ្កោលទោសអំពើហិង្សាដែលបណ្ដាលឱ្យមានអ្នកស្លាប់រាប់រយននាក់ និងការប្រើប្រាស់កម្លាំងនៅមីយ៉ាន់ម៉ាប៉ុណ្ណោះ។ សេចក្ដីថ្លែងការណ៍រួមនេះ ត្រូវបានមើលឃើញថា នឹងមិនមានឥទ្ធិពលអ្វីលើរបបយោធាដែលចាត់វិធានការហិង្សាលើបាតុកម្មរបស់ជនស៊ីវិល។
 
«សមាជិកក្រុមប្រឹក្សាសន្តិសុខ បង្ហាញក្ដីបារម្ភជ្រាលជ្រៅចំពោះការធ្លាក់ចុះយ៉ាងរហ័ស និងថ្កោលទោសយ៉ាងខ្លាំងការប្រើប្រាស់ហិង្សាលើបាតុករសន្តិភាព និងការស្លាប់ជនស៊ីវិលជាច្រើនរួមទាំងស្រ្តី និងកុមារ។» នេះជាប្រយោគមួយក្នុងសេចក្ដីថ្លែងការណ៍ក្រុមប្រឹក្សាសន្តិសុខក្រោយកិច្ចប្រជុំពីរថ្ងៃដែលបញ្ចប់នៅថ្ងៃទី១ ខែមេសា។ 
 
បើតាមទីភ្នាក់ងារព័ត៌មាន AFP សេចក្ដីព្រាងសេចក្ដីថ្លែងការណ៍ដែលតាក់តែងដោយអង់គ្លេស បានបញ្ចូលការត្រៀមជាស្រេចរបស់ក្រុមប្រឹក្សាក្នុងការចាត់វិធានការបន្ថែម ដែលឃ្លានេះបង្ហាញពីលទ្ធភាពនៃការដាក់ទណ្ឌកម្មអន្តរជាតិនៅពេលខាងមុខ។ ប៉ុន្តែអ្នកការទូតនានាអះអាងថា ចិនជំទាស់ការប្រើប្រាស់ភាសាបែបនេះ។ ចិនក៏ជំទាស់ការប្រើពាក្យការសម្លាប់ជនស៊ីវិលរាប់រយនាក់ ហើយដាក់ជាការស្លាប់របស់ជនស៊ីវិលវិញ។ លោក ចាង ជុន តំណាងចិននិយាយថា ទណ្ឌកម្មមិនមែនជាវិធីល្អឡើយ ហើយចិនចង់ឃើញការផ្ទេរអំណាចបែបប្រជាធិបតេយ្យ។
 
មិនមែនតែចិនឡើយ រុស្ស៊ីវិញក៏ស្នើឱ្យកែប្រែចំណុចច្រើនដែរ។ រុស្ស៊ីដែលស្និទ្ធនឹងមីយ៉ាន់ម៉ាដែរនោះ ចង់បញ្ចូលឃ្លាដែលថ្កោលទោសការស្លាប់របស់កម្លាំងសន្តិសុខមីយ៉ាន់ម៉ាអំឡុងពេលតវ៉ាផងដែរ។
 
តាំងពីរដ្ឋប្រហារខែកុម្ភៈមក ក្រុមប្រឹក្សាសន្តិសុខចេញសេចក្ដីថ្លែងការណ៍ដែលមូលមតិគ្នាចំនួនបី។ យ៉ាងណាមិញ សេចក្ដីការណ៍នីមួយៗ មានអត្ថន័យស្រាល និងគ្មានវិធានការរឹងមាំដែលបង្ខំឱ្យយោធាមីយ៉ាន់ម៉ាបញ្ឈប់ទង្វើរបស់ខ្លួន ឬផ្ទេរអំណាចឱ្យរដ្ឋាភិបាលស៊ីវិលឡើយ៕
 
 

Tag:
 ចិន
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com