អន្តរជាតិ
លោក ង្វៀន សួនហ្វ៊ុក ត្រូវបញ្ចប់តំណែងជានាយករដ្ឋមន្រ្តីវៀតណាម ហើយឡើងជាប្រធានាធិបតីវិញ
02, Apr 2021 , 12:32 pm        
រូបភាព
លោក ង្វៀន សួនហ្វ៊ុក បេក្ខភាពប្រធានាធិបតីវៀតណាម។ រូបថតពីវេបសាយរដ្ឋាភិបាលវៀតណាម
លោក ង្វៀន សួនហ្វ៊ុក បេក្ខភាពប្រធានាធិបតីវៀតណាម។ រូបថតពីវេបសាយរដ្ឋាភិបាលវៀតណាម
ដោយ:
រដ្ឋសភាវៀតណាមនៅថ្ងៃទី២ ខែមេសា បានអនុម័តសេចក្តីសម្រេចបញ្ចប់តំណែងនាយករដ្ឋមន្ត្រីពីលោក ង្វៀន សួនហ្វ៊ុក ក្រោយបានបំពេញការងារអស់រយៈពេល៥ឆ្នាំ។ លោក ង្វៀន សួនហ្វ៊ុក ត្រូវបានបក្សកុម្មុយនីស្ត វៀតណាមជ្រើសតាំងជាបេក្ខភាពប្រធានាធិបតីជំនួសលោក ង្វៀន ភូជុង។



តំណាងរាស្ត្រចំនួន៤៤៦ ក្នុងចំណោម៤៥២ បានបោះឆ្នោតគាំទ្រលើសំណើបញ្ចប់តំណែងនាយករដ្ឋមន្ត្រីពីលោក ង្វៀន សួនហ្វ៊ុក អំឡុងកិច្ចប្រជុំថ្ងៃទី២ ខែមេសា។ សភាវៀតណាមកំពុងដំណើរការសម័យប្រជុំចុងក្រោយនៃ នីតិកាលទី១៣ របស់ខ្លួនដែលគ្រោងបញ្ចប់នៅថ្ងៃទី៨ ខែមេសាខាងមុខ។ លោក ហ្វ៊ុក នឹងបន្តកាន់តំណែង នាយករដ្ឋមន្ត្រីវៀតណាមដល់ថ្ងៃទី៥ ខែមេសា ដែលជាថ្ងៃអ្នកស្នងតំណែងលោកត្រូវប្រកាសជាផ្លូវការ។ នេះបើតាម សារព័ត៌មានវៀតណាម Viet Nam News។ 
 
ការបញ្ចប់តំណែងលោក ហ្វ៊ុក នឹងបើកផ្លូវដល់ការតែងតាំងរដ្ឋាភិបាលថ្មី ក៏ដូចជាការបោះឆ្នោតតែងតាំងរូបលោក ជាប្រធានាធិបតីវៀតណាមថ្មីផងដែរ។ នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Nguyễn Hạnh Phúc អគ្គលេខាធិការសភាវៀតណាម បានបញ្ជាក់ថា លោក ហ្វ៊ុក ត្រូវបានស្នើជាបេក្ខភាពជាប្រធានាធិបតី។ លោក ហ្វ៊ុក ជាករណីទីមួយហើយក្នុងប្រវត្តិនយោបាយវៀតណាម ដែលនាយករដ្ឋមន្ត្រីកាន់តំណែងត្រូវបានជ្រើសតាំងជា បេក្ខភាពប្រធានាធិបតី។ សភាវៀតណាម បានអនុម័តសេចក្តីសម្រេចបញ្ចប់តំណែងប្រធានាធិបតីរបស់ លោក ង្វៀន ភូជុង រួចហើយដែរ។
 
ជាមួយគ្នានេះ តំណាងរាស្ត្រវៀតណាម គ្រោងបោះឆ្នោតតែងតាំងលោក ផាម មិញឈិញ ជានាយករដ្ឋមន្រ្តីថ្មី នៅថ្ងៃទី៥ ខែមេសា ហើយរដ្ឋាភិបាលវៀតណាមថ្មីគ្រោងនឹងចូលស្បថកាន់តំណែងនៅថ្ងៃដដែល។ លោក ឈិញ ជាប្រធានគណៈចាត់តាំងបក្សកុម្មុយនីស្តវៀតណាម។
 
លោក ហ្វ៊ុក កាន់តំណែងជានាយករដ្ឋមន្ត្រីវៀតណាមពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១។ ក្នុងរយៈពេល៥ឆ្នាំនៃការ កាន់តំណែង ផលិតផលសរុបក្នុងស្រុកវៀតណាមមានការកើនឡើងជាលំដាប់ ដោយថែមទាំងសម្រេចបាន កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសមួយចំនួនផងដែរ។ បន្ថែមពីនេះ លោកក៏ត្រូវបានសាធារណៈជន វៀតណាមកោតសសើរចំពោះការឆ្លើយតបទៅនឹងការផ្ទុះជំងឺកូវីដ-១៩។
 
អំណាចដឹកនាំរដ្ឋនៅវៀតណាមត្រូវបានបែងចែកទៅកាន់បុគ្គលសំខាន់ៗ៤រូប គឺអគ្គលេខាធិការបក្សកុម្មុយនីស្ត វៀតណាម ប្រធានាធិបតី នាយករដ្ឋមន្ត្រី និងប្រធានសភា។ សមាជបក្សកុម្មយនីស្តវៀតណាម ដែលឡើងពីថ្ងៃទី ២៥ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ជ្រើសតាំងលោក ជុង ឱ្យបន្តកាន់តំណែងជាអគ្គលេខាធិការបក្សអាណត្តិទី៣។ ចំណែកតំណែងប្រធានសភាបានទៅលោក Vuong Dinh Hue ៕
 
 
 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com