អន្តរជាតិ
អ៊ុយក្រែនចោទថា រុស្ស៊ីចល័តទ័ពតាមព្រំដែន, អាមេរិកប្រកាសការពារ
02, Apr 2021 , 3:12 pm        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ។ រូបថត AFP
ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ។ រូបថត AFP
ដោយ:
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅថ្ងៃទី១ ខែមេសា បានចោទប្រកាន់រុស្ស៊ីថា កំពុងគំរាម អ៊ុយក្រែនដោយបានចល័តកងទ័ពទៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ។ អាមេរិក ដែលនៅពីក្រោយអ៊ុយក្រែន បានអះអាងថា ខ្លួននឹងមិនទុកអ៊ុយក្រែនឱ្យនៅតែឯងឡើងក្នុងករណីដែលមានការឈ្លានពានណាមួយពីរុស្ស៊ី។


តាំងតែពីឆ្នាំ២០១៤មក អ៊ុយក្រែនបានផុងខ្លួនក្នុងជម្លោះប្រដាប់អាវុធជាមួយក្រុមផ្តាច់ខ្លួនដែលគាំទ្រដោយរុស្ស៊ី។ នាសប្តាហ៍នេះ របាយការណ៍របស់អ៊ុយក្រែនបង្ហាញពី ការចល័តកងទ័ពចូលទឹកដីកោះគ្រីមេ ដែលរុស្ស៊ីលេបយក កាលពីឆ្នាំ២០១៤ និងគ្រប់គ្រងដោយក្រុមផ្តាច់ខ្លួនរហូតមកដល់ពេលបច្ចុប្បន្ន។ អ៊ុយក្រែន បានពិភាក្សាបញ្ហានេះ ជាមួយសម្ពន្ធមិត្តដែលរួមមានអាមេរិកផង។
 
«ការបង្ហាញកម្លាំងកងទ័ពក្នុងទម្រង់ជាសមយុទ្ធយោធា និងលទ្ធភាពនៃការបង្កបញ្ហាតាមព្រំដែនជាល្បែងដែល រុស្ស៊ីលេងជាយូរណាស់មកហើយ»។ នេះជាការលើកឡើងក្នុងសេចក្តីថ្លែងការរបស់លោក Volodymyr Zelensky នាថ្ងៃទី១ ខែមេសា។  ប្រធានាធិបតីអ៊ុយក្រែន ចោទរុស្ស៊ីពីការប៉ុនប៉ងបង្កើតបរិយាកាសបែបគំរាម ស្របពេលអ៊ុយក្រែនសង្ឃឹមពីការបន្តបទឈប់បាញ់ជាមួយក្រុមផ្តាច់ខ្លួនដែលចរចាបានកាលពីឆ្នាំមុន។ 
 
បើតាមទីភ្នាក់ងារព័ត៌មានAFP អ្នកសង្កេតការណ៍មួយចំនួនលើកឡើងថា វត្តមានរបស់កងទ័ពរុស្ស៊ីនៅតាមព្រំដែន ជាវិញ្ញាសារសម្រាប់លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន ដែលអះអាងថា នឹងទប់ទល់ជាមួយរុស្ស៊ី ក៏ដូចជាការពារ សម្ពន្ធមិត្ត និងដៃគូ។
 
ក្នុងសប្តាហ៍នេះដែរ រុស្ស៊ី និងអ៊ុយក្រែនចោទគ្នាទៅវិញទៅមកចំពោះការប៉ះទង្គិចគ្នារវាងកងកម្លាំងរដ្ឋាភិបាល អ៊ុយក្រែន និងក្រុមប្រដាប់អាវុធផ្តាច់ខ្លួនគាំទ្រដោយរុស្ស៊ី។ ប្រធានាធិបតីអ៊ុយក្រែនអះអាងថា កងកម្លាំងខ្លួន២០ នាក់ស្លាប់ និង៥៧ផ្សេងទៀតរងរបួសក្នុងការប៉ះទង្គិចគ្នារាប់ចាប់តាំងពីដើមឆ្នាំ២០២១មក។
 
ប្រឈមមុខការគំរាមរុស្ស៊ី លោក Andriy Taran រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បានពិភាក្សាតាមទូរស័ព្ទជាមួយ លោក ឡយដ៍ អូស្ទីន រដ្ឋមន្ត្រីការពារជាតិអាមេរិកពីសំណុំរឿងនេះកាលពីថ្ងៃទី៣១ ខែមីនា។ លោក អូស្ទីន ធានាថា អាមេរិកនឹងមិនទុកអ៊ុយក្រែនឱ្យនៅតែឯងឡើយក្នុងករណីដែលមានការឈា្លនពានពីសំណាក់រុស្ស៊ី។ 
 
ទាក់រឿងនេះ រុស្ស៊ី បានច្រានចោលការលើកឡើងដែលថា ខ្លួនបានបញ្ជូនកងទ័ព និងជួយក្រុមផ្តាច់ខ្លួន។ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រេមឡាំង អះអាងថា មូស្គូមានឆន្ទានុសិទ្ធក្នុងការចល័តកងទ័ពក្នុងទឹកដីរបស់ ខ្លួន។ ប៉ុន្តែលោកមិនបាននិយាយអ្វីពីការបង្កើនកម្លាំងទ័ពតាមព្រំដែនឡើយ។
 
យោធាអ៊ុយក្រែនអះអាងថា កងទ័ពផ្តាច់ខ្លួនចំនួន២៨,០០០ នាក់កំពុងមានវត្តមាននៅភាគខាងកើតអ៊ុយក្រែន ហើយរុស្ស៊ីបានបញ្ជូនគ្រូបង្វឹកចំនួន២,០០០នាក់មកជួយក្រុមផ្តាច់ខ្លួន។ សង្គ្រាមនៅភាគខាងកើតអ៊ុយក្រែន ផ្ទុះឡើងក្នុងឆ្នាំ២០១៤ បន្ទាប់ពីរុស្ស៊ីផ្តាច់យកឧបទ្វីបគ្រីមេ។ របាយការណ៍របស់អង្គការសហប្រជាជាតិបង្ហាញថា មនុស្សចំនួន១៣,០០០នាក់ស្លាប់ចាប់តាំងពីឆ្នាំ២០១៤៕
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com